ព័ត៌មានជាតិ
អ្នកជំនាញ អះអាងថា អក្សរខ្មែរលើស្លាកយីហោធំៗ ស្ថិតក្នុងភាពព្រួយបារម្ភ ព្រោះនៅខុសអក្ខរាវិរុទ្ធច្រើន
លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ហាកំហុស អក្ខរាវិរុទ្ធនៅតាមស្លាកយីហោធំៗ នៅតែជាបញ្ហាកើតមានគួរឱ្យព្រួយបារម្ភ ទោះបីមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងភាគីពាក់ព័ន្ធយ៉ាងណាក្តី។ លោកលើកឡើងបែបនេះ ក្នុងឱកាសសិក្ខាសាលាស្តីពី “វិការភាពនៃការប្រើភាសាខ្មែរ បច្ចុប្បន្ន” កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

លោក សន ពៅ បានថ្លែងក្នុងសិក្ខាសាលាស្តីពី “វិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន” នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា បញ្ហាកំហុសអក្ខរាវិរុទ្ធលើស្លាកយីហោធំៗ មានដូចជា ការប្រើស្រៈ ព្យព្ជានៈ សញ្ញាល្បៈ ឬ វណ្ណយុត្ត មិនបានត្រឹមត្រូវ។ ជួនកាល មានខុសវេយ្យាករណ៍ ពោល គឺបកប្រែពីបរទេសមកជាភាសាខ្មែរមិនបានត្រឹមត្រូវតាមវេយ្យាករណ៍របស់ខ្មែរ។ បន្ថែមពីនោះ ក៏មានលើស និងខ្វះអក្សរលើស្លាកយីហោមួយចំនួនទៀតផង។ ស្លាកយីហោខ្លះដាក់ខុសទំហំ និងទម្រង់នៃអក្សរ ឬដាក់អក្សរខ្មែរ និងបរទេសមិនត្រូវតាមក្បួនខ្នាត។

ជាមួយគ្នានោះ តំបន់ដែលមានកំហុសអក្ខរាវិរុទ្ធលើស្លាកយីហោមានដូចជា រាជធានីភ្នំពេញ មានកំហុស២៦% ខេត្តក្រចេះ មានកំហុស៣៣% ព្រះសីហនុ១៩% សៀមរាប២១.៥% និងស្វាយរៀងមានកំហុស៣៦%។ នេះបើតាមរបាយការណ៍របស់លោក សន ពៅ។

អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររូបនេះ ក៏បានលើកឡើងដែរថា កត្តាដែលបង្កឱ្យកើតមាននូវកំហុសអក្ខរាវិរុទ្ធលើស្លាកយីហោនេះ គឺបណ្តាលមកពីកត្តា៣យ៉ាង។ ទី១ គឺកត្តាភាសាវិទ្យា បណ្តាលមកពីការមិនសូវយល់ដឹងពីក្បួនខ្នាតរបស់វេយ្យាករណ៍ និងអក្ខរាវិរុទ្ធខ្មែរ។ ទី២ កត្តាបច្ចេកទេស គឺបណ្តាលមកពីពុម្ពអក្សរ និងវិធីនៃការវាយអក្សរខ្មែរ។ កត្តាចុងក្រោយ គឺការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់ចំពោះការធ្វើស្លាកយីហោនីមួយៗ។

ទន្ទឹមជាមួយនឹងបញ្ហាទាំងនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា ក៏បានបង្កើតកម្មវិធី (APP) កំណែកំហុសស្លាកយីហោ និងប្រព័ន្ធផ្សព្វផ្សាយឡើងមក។ ការបង្កើតកម្មវិធីនេះ ដើម្បីអាចកែប្រែកំហុសដែលបានកើតឡើង តាមរយៈការរាយការណ៍ ជារូបភាពរបស់សាធារណជន។ បន្ទាប់ពីនោះ គឺផ្តល់ភាពងាយស្រួលដល់ក្រុមប្រឹក្សាជាតិ ភាសាខ្មែរ ជាមួយក្រសួង ឬ ភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្តល់ដំណឹងទៅម្ចាស់ស្លាកសញ្ញា ឬ ម្ចាស់ផ្សព្វផ្សាយ ដែលមានកំហុសអក្ខរាវិរុទ្ធនេះ មានការកែសម្រួលបានត្រឹមត្រូវឡើងវិញ។
សូមបញ្ជាក់ថា របាយការណ៍របស់លោក សន ពៅ ដដែលបានបង្ហាញថា ស្លាកយីហោទាំងនោះ ត្រូវបែងចែកជា៤ប្រភេទ។ ទី១ ប្រភេទស្លាកយីហោទំហំធំ របស់ក្រុមហ៊ុនដែលកាត់ទទឹងផ្លូវ ឬបញ្ឈរខ្មែរផ្លូវ។ ទី២ ជាប្រភេទស្លាកយីហោដាក់តាំងនៅមុខផ្ទះ ឬ បញ្ឈរ។ ទី៣ ប្រភេទស្លាកយីហោបញ្ឈរនៅចំហៀងខាងលើ និងទី៤ គឺស្លាកយីហោ តូចៗដែលដាក់បញ្ឈរនៅលើផ្លូវក្បែរផ្ទះ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


