ព័ត៌មានជាតិ
អ្នកជំនាញ៖ ទង្វើអសីលធម៌របស់កូនខ្មែរពេលបោះបាយបិណ្ឌស្ទើរតែលែងមាន
អ្នកជំនាញពីរ២រូប បានអះអាងស្រដៀងគ្នាថា នាពេលបច្ចុប្បន្ននេះ ទង្វើអសីលធម៌ដែលប្រព្រឹត្តដោយយុវវ័យកំលុងពេលបោះបាយបិណ្ឌ ឬនៅបរិវេណវត្តហាក់មានភាពល្អប្រសើរ ពោលគឺស្ទើរតែលែងមានតែម្តង។

ការលើកឡើងពីអ្នកជំនាញបែបនេះ ក្រោយពីប៉ុន្មានឆ្នាំមុន នារដូវបុណ្យទានម្តងៗ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋមួយចំនួន បានបង្ហាញទង្វើអសីលធម៌ និងអ្នកខ្លះ ឆក់ឱកាសនេះទៅប្រព្រឹត្តនូវអំពើទាំងឡាយណានាំឲ្យប៉ះពាល់ដល់សង្គម និងសាសនា។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានថ្លែងប្រាប់ “កម្ពុជាថ្មី”ថា ប្រសិនបើគិតតាំងពីឆ្នាំដែលប្រទេសកម្ពុជាមានសន្តិភាពមក ប្រជាពលរដ្ឋ មានស្មារតីគ្រប់គ្រាន់ លែងមានភាពភ័យខ្លាចក្នុងការរួមចំណែកក្នុងព្រះពុទ្ធសាសនា ដូចជាចូលរួមធ្វើបុណ្យ សន្សំកុសលនារដូវបុណ្យទានដោយសេរី ផុសផុលខ្លាំង និងគ្មានភាពភ័យខ្លាចទៀតឡើយ។ លោករំលឹកថា ការចូលរួមនាសម័យនោះ យុវជនមួយចំនួនធំ ក៏មិនសូវមានការយល់ដឹងច្បាស់លាស់ ពីរបៀបក៏ដូចជាក្បួនខ្នាតនៃការប្រារព្ធពិធីបុណ្យនោះទេ។ យុវជនមួយចំនួនស្លៀកពាក់មិនបានសមរម្យ យកទីវត្តអារាមជាទីលានវាយគ្នា កាប់គ្នា ឬ សាសងគ្នាយ៉ាងអាណាធិបតេយ្យបំផុត ដែលបង្កជារូបភាព អសីលធម៌ និងប៉ះពាល់ដល់សាសនាកម្ពុជាជាខ្លាំង។

លោកក៏បានថ្លែងបន្ថែមថា បើតាមការសង្កេតរបស់លោកក្នុងសម័យបច្ចុប្បន្ននេះវិញ យុវវ័យហាក់ មានការយល់ដឹងច្រើនពីប្រពៃណី វប្បធម៌ខ្មែរ លែងសូវឃើញពីទង្វើអសីលធម៌បែបនេះទៀត កំលុងពេលបោះបាយបិណ្ឌ ឬ ភ្ជុំបិណ្ឌ។ ប៉ុន្តែក៏មិនបានន័យថារលុបបាត់ទាំងស្រុងនោះដែរ មានភាគរយតិចបំផុត ដែលយុវវ័យនៅប្រព្រឹត្តបែបនោះ ដូចជាការប្រលែងគ្នាលេងជាដើម ប៉ុន្តែមិនដល់ថ្នាក់បង្កជារូបភាពធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងវប្បធម៌ខ្មែរនោះទេ។
ស្របជាមួយគ្នានេះ អ្នកជំនាញផ្នែកទស្សនវិទ្យា និងសីលធម៌សង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ឈត ប៊ុនថង ក៏មានការយល់ឃើញមិនខុសពីលោក សេង សុមុនីនោះដែរ។ លោក ឈត ប៊ុនថង បានមើលឃើញថា ជាធម្មតាយុវជន ជាវ័យមួយដែលជៀសមិនផុតឡើយពីស្នេហាសាសងគ្នា ទៅវិញទៅមក ក៏ប៉ុន្តែពួកគេក៏មិនអាចធ្វើអ្វីដែលហួសហេតុ បំពាននឹងសាសនា ឬ វប្បធម៌ខ្មែរនៅទីវត្តអារាមនោះទេ ព្រោះរដូវបុណ្យទានជាពេលធ្វើបុណ្យ និងមានប្រជាជនជាច្រើនគ្រប់វ័យ ឬ ឳពុកម្តាយទៅធ្វើបុណ្យជាមួយគ្នា។

លោកក៏បានសំណូមពរទៅមហាជនទូទៅថា កុំឱ្យមើលឃើញពីចំណុចអាក្រក់មួយចំនួនមកបង្អាប់ ឬ ជាន់ពន្លិចចំណុចល្អក្នុងការធ្វើបុណ្យនារដូវបុណ្យទាន ព្រោះមនុស្សម្នាក់ៗកើតមានសេចក្តីស្នេហាៗរៀងខ្លួន សំខាន់ឲ្យតែពួកគេចេះស្គាល់អ្វីដែលត្រឹមត្រូវ និងមិនត្រឹមត្រូវ ហើយមិនប្រព្រឹត្តអំពើណានាំឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនាខ្មែរ។ លោកសង្កត់ធ្ងន់ថា សង្គមមិនអាចហាមយុវជនមិនឲ្យមានចំណង់ស្នេហាបានឡើយ។
លោក ឈត ប៊ុនថង ក៏បានសំណូមពរដល់ទីវត្តអារាមណាដែលមិនទាន់មានកម្លាំងការពារ គួរស្វះស្វែងចាត់ចែងឱ្យមានការការពារសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ជៀសវាងមានជនខិលខូចមួយចំនួន ឆ្លៀតឱកាសនេះ ប្រព្រឹត្តនូវអំពើអបាយមុខទាំងឡាយណាដែលប៉ះពាល់ដល់សង្គមខ្មែរ។
គួររំលឹកថា នាពេលបច្ចុប្បន្ន គេសង្កេតឃើញថា យុវជនកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងវិស័យព្រះពុទ្ធសាសនា ក៏ដូចជាអភិរក្សវប្បធម៌ខ្មែរកាន់តែមានភាពល្អប្រសើរថែមទៀត។ មិនតែប៉ុណ្ណោះ កូនខ្មែរមួយចំនួនធំ ក៏បានយល់ដឹងពីពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងធ្វើបុណ្យមិនភ្លេចព្រះរស់នៅផ្ទះនោះឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


