ព័ត៌មានជាតិ
មុនក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់ សម្ដេច ស ខេង និងឥស្សរជន ៣រូបទៀត ធ្លាប់ធ្វើជាអ្នកកាសែត
បើតាមការប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ គឺមុនក្លាយជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជានៅ ពេលនេះ សម្ដេចក្រឡាហោម ធ្លាប់ធ្វើជាអ្នកសារព័ត៌មានមួយរូប ដែលធ្លាប់សរសេរអត្ថបទព័ត៌មានឲ្យកាសែតពន្លឺបូព៌ា នាសម័យសង្គ្រាមនៅកម្ពុជា។ ប៉ុន្តែ រហូតមកទល់ពេលបច្ចុប្បន្ននេះ សម្ដេចក្រឡាហោម ស ខេង គឺជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ដែលកំពុងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានតួនាទីសំខាន់ៗជាច្រើនទៀតផងដែរ។

ក្រៅអំពីសម្ដេចក្រឡាហោម ស ខេង ក៏មានឥស្សរជនចំនួន ៣រូបផ្សេងទៀតផងដែរ ដែលធ្លាប់ធ្វើជាអ្នកសារព័ត៌មាន មុនពេលក្លាយជាមេដឹកនាំនៅតាមក្រសួង ស្ថាប័នរដ្ឋ។ ឥស្សរជនទាំង ៣រូបនោះ រួមមាន៖

១/ លោក ប្រាក់ សុខុន
លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ មុនមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនេះ លោក ប្រាក់ សុខុន ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ក្រៅពីមុខងារជាមន្រ្តីស៊ីវិល លោកឧបនាយករដ្ឋមន្ត្រី ក៏ជាមន្ត្រីជាន់ខ្ពស់មួយរូបដែលធ្លាប់បម្រើការងារសំខាន់ៗជាច្រើននៅក្នុងជួរកងទ័ព និងផ្នែកសារព័ត៌មាន ផងដែរ។ នៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៦ លោក ធ្វើជាប្រធានផ្នែកនិពន្ធកាសែតកងទ័ព ហើយនៅឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២ ជានិពន្ធនាយករងកាសែតកងទ័ព ខណៈនៅឆ្នាំ១៩៨៩ លោក ប្រាក់ សុខុន បានចេញទៅសិក្សានៅទីក្រុង ប៊ុយដាប៉ែស ប្រទេសហុងគ្រី ដោយទទួលបានវិញ្ញាបនបត្រផ្នែកសារព័ត៌មាន។

២/ លោកស្រី ឃួន សុដារី
លោកស្រី ឃួន សុដារី គឺជាអនុប្រធានទី២ រដ្ឋសភាជាតិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ លោកស្រី ជាស្រ្តីទី១ ដែលកាន់តំណែងជាអនុប្រធានរដ្ឋសភា បន្ទាប់ពីលោកស្រី ជាប់ជាសមាជិករដ្ឋ សភា ហើយមានតួនាទីជាប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា- ព្រឹទ្ធសភានៃរដ្ឋសភា។ លោកស្រី ឃួន សុដារី គឺជាអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសហុងគ្រី អំឡុងឆ្នាំ ១៩៨០ ដោយទទួលបានសញ្ញបត្រសារព័ត៌មាននៃវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន ហើយនៅឆ្នាំ១៩៨៧ លោកស្រី ក្លាយជានិពន្ធនាយកសារព័ត៌មានប្រជាជន។

៣/ លោក ខៀវ កាញារីទ្ធ
មុនពេលក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ននេះ លោក ខៀវ កាញារីទ្ធ គឺជាអតីតអ្នកសារព័ត៌មានមួយរូប តាមរយៈតួនាទីជានិពន្ធនាយកកាសែតកម្ពុជា នៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០។ លោក ខៀវ កាញារីទ្ធ ក៏ធ្លាប់ធ្វើជាទីប្រឹក្សានាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


