ព័ត៌មានជាតិ
ផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតនៅផ្នែកខ្លះនៃស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានកាត់មកឱ្យរដ្ឋបាលខេត្តប៉ៃលិន ជាអ្នកគ្រប់គ្រង់វិញ
ប៉ៃលិន ៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារ លើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ត្រូវបានរដ្ឋបាលខេត្តទាំងពីរ និងមន្ត្រីជំនាញ ព្រមឯកភាពគ្នា កាត់ដីជាង១ម៉ឺនហិកតា នៃផ្នែកខ្លះនៃស្រុកកំរៀង និងស្រុកសំឡូត ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តប៉ៃលិនវិញ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យអ្នកយកព័ត៌មានដឹងនៅល្ងាចថ្ងៃទី១៩ ខែតុលា នេះថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង នៅថ្ងៃនេះ រដ្ឋបាលនៃខេត្តទាំងពីរ បានឯកភាពគ្នា កាត់ផ្ទៃដីជាង១ម៉ឺនហិកតា មកឲ្យរដ្ឋបាលខេត្តប៉ៃលិន ជាអ្នកគ្រប់គ្រង់វិញ ។ ក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិន បានស្នើសុំកែសម្រួល ទី១.ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១,៣៧៦ហិកតា។ ទី២. ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣,៦១៨ហិកតា និងទី៣. ស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតាផងដែរ។

លោកស្រី បាន ស្រីមុំ ក៏បានបញ្ជាក់ដែរថា ការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន របស់ខ្លួននីមួយៗ ហើយចំពោះនីតិវិធី នៃការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរី ក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបងនេះ។

លោកស្រី អភិបាលខេត្តប៉ៃលិន ក៏បានបន្ថែមថា បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ ក៏ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
















-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


