ព័ត៌មានជាតិ
លោក Zelensky អញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន តាមពេលវេលាសមស្រប
ប្រធានាធិបតីអ៊ុយក្រែន បានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន តាមពេលវេលាសមស្រប ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលយកការអញ្ជើញនេះ។

ការអញ្ជើញនេះ គ្រាដែលគ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៤ (ម៉ោងនៅកម្ពុជា) បានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីប្រទេសអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្រ្គាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬការប្រើប្រាស់កម្លាំងទៅលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីរបស់ប្រទេសដទៃឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្ដុះបណ្ដាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប។
ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណអ៊ុយក្រែន ដែលបានជួយគាំទ្រ និងឧបត្ថម្ភទទួលយកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍ ៨០។ សម្ដេចតេជោ ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន កាលពីឆ្នាំ ១៩៨១ ផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្ដេចតេជោ បានឲ្យប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្ដូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។

ជាការឆ្លើយតប លោកប្រធានាធិបតី ហ៊្សែលឡិនស្គី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជា ដែលមានបំណងផ្ដល់ជំនួយខាងដោះមីន ខាងលើនេះ។ លោកប្រធានាធិបតី បានឯកភាពចំពោះការតែងតាំងឯកអគ្គរាជទូត/អគ្គរដ្ឋទូត ទៅវិញទៅមក។ លោក ក៏បានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន តាមពេលវេលាសមស្រប។
ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន លោកប្រធានាធិបតីអ៊ុយក្រែន បានកត់សម្គាល់ដោយការពេញចិត្ត និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសេចក្ដីថ្លែងការណ៍ទាំង ៣ របស់អាស៊ាន គាំទ្រដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគី នៃសន្ធិសញ្ញាមិត្ត និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេហ៍ (TAC)។
លោកប្រធានាធិបតី បានស្នើសុំថ្លែងសុរន្ទកថាតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ។ នៅចុងបញ្ចប់កិច្ចសន្ទនា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានទទួលយកការអញ្ជើញសម្ដេច ទៅទស្សនកិច្ចនៅអ៊ុយក្រែន តាមពេលវេលាសមស្រប។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ សម្រាប់ជំនួបនេះ ហើយក៏បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជា ទទួលបានជោគជ័ដ៏ត្រចេះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ ២០២២នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


