Connect with us

ព័ត៌មានជាតិ

មកឈ្វេងយល់ពីមុខជំនាញ STEM ចំនួន៥ និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា!

បានផុស

នៅ

និស្សិតដែលមានបំណងចង់សិក្សាជំនាញ STEM គួរសិក្សាឈ្វេងយល់ពីមុខជំនាញផ្នែកនេះឱ្យបានច្រើន និងដឹងពីទីផ្សារការងារបានទូលំទូលាយ ទើបក្រោយពីបញ្ចប់ការសិក្សា និស្សិតអាចជ្រើសរើសការងារត្រូវតាមចំណង់ចំណូលចិត្ត និងមុខជំនាញសិក្សារបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យថា STEM គឺសំដៅដល់ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ជំនាញទាំងនេះ ក៏មានអ្នកសិក្សាមួយចំនួនអាចនឹងធ្លាប់ដឹងរួចមកហើយ ឯខ្លះទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ទាក់ទិននឹងបញ្ហានេះ “កម្ពុជាថ្មី” សូមលើកយកមុខជំនាញផ្នែក STEM ចំនួន៥ ដើម្បីឱ្យអ្នកសិក្សាគ្រប់រូបបានដឹងពីអត្ថប្រយោជន៍នានា និងទីផ្សារការងារដូចខាងក្រោមនេះ៖

ទី១.មុខជំនាញព័ត៌មានវិទ្យា

ជំនាញ ព័ត៌មានវិទ្យា គឺជាជំនាញមួយដែលមនុស្សទូទៅស្គាល់ថាជាជំនាញ IT។ IT គឺជាជំនាញមួយដែលតម្រូវឱ្យនិស្សិតសិក្សាទៅលើ Hardware និង Software និងមូលដ្ឋានគ្រឹះផ្សេងៗរបស់កុំព្យូទ័រក្នុងឆ្នាំមូលដ្ឋានជាមុនសិន។ និស្សិតដែលសិក្សាលើជំនាញនេះ ​ត្រូវខ្លាំងលើមុខវិជ្ជាគោលដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា កុំព្យូទ័រ និងភាសា​អង់គ្លេស។ មិនតែប៉ុណ្ណោះ ក៏ត្រូវការឱ្យអ្នកសិក្សាមានជំនាញទន់ប្រកបដោយភាពឆ្លាតវៃ គឺគិតរហ័ស និងត្រូវចេញដោះស្រាយបញ្ហាបានទាន់ពេលវេលា។

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន និស្សិតនឹងចាប់ផ្តើមសិក្សាពីជំនាញតម្រង់ទិសសំខាន់ៗរបស់មុខជំនាញនេះ ដែលមានដូចជា ការសិក្សាលើការសរសេរកូដ ការរៀបចំប្រព័ន្ធទិន្នន័យ ទំនាក់ទំនងទិន្នន័យ និងមានជាការរចនាបទពីវេបសាយ ព្រមទាំងបង្កើតកម្មវិធីនៅលើវេបសាយ ក៏មានការសិក្សាទាក់ទងជាមួយនឹងការរចនាក្រាហ្វិច និងមុខវិជ្ជាផ្សេងៗទៀត។

ក្រោយពីបញ្ចប់ការសិក្សា អ្នករៀនពីជំនាញ IT មានឱកាសការងារច្រើន ទូលំទូលាយ និងប្រាក់ខែខ្ពស់ ប្រសិនជាពួកគេចេះជំនាញនោះច្បាស់លាស់។ ពួកគេអាចចូលបម្រើការងារនៅតាមក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ធនាគារ ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ រចនារូបភាព ការដំឡើង និងបង្កើតកម្មវិធីលើកុំព្យូទ័រ ការកាត់រូបភាព និងវីដេអូជាដើម។ ជំនាញ IT គឺជាជំនាញមួយដែលមានតម្រូវការខ្ពស់នៅគ្រប់ផ្នែកទាំងអស់តែម្តង។

ទី២.បច្ចេកវិទ្យាវិស្វកម្មមេកានិច

មុខជំនាញបច្ចេកវិទ្យាវិស្វកម្មមេកានិច គឺសិក្សាទៅលើមូលដ្ឋាននៃគោលការណ៍វិស្វកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ការបង្កើតផលិតផលដែលមានប្រយោជន៍ និងគ្រឿងម៉ាស៊ីន។ សម្រាប់មុខវិជ្ជាដែលអ្នកសិក្សាគួរត្រៀម មានគណិតវិទ្យា និងរូបវិទ្យា។ ក្រោយពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានចំណេះដឹងដូចជា ជួសជុលម៉ាស៊ីនចំហេះក្នុង មានដូចជាម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនម៉ូតូ និង ម៉ាស៊ីនត្រាក់ទ័រជាដើម។ រចនាប្លង់ និងដំឡើងប្រព័ន្ធទឹកទាំងក្នុង និងក្រៅអគារ ហើយដឹងពីការប្រើប្រាស់រង្វាស់មេកានិច ចេះជួសជុល និងថែទាំឧបករណ៍មេកានិច និងការរៀបចំប្រព័ន្ធម៉ាស៊ីន ក្នុងស្ថាប័នផ្សេងៗ ព្រមទាំងចំណេះដឹងផ្សេងៗទៀត។

បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចបង្កើតអាជីវកម្មដោយខ្លួនឯង ក្លាយជាអ្នកបច្ចេកទេសជួសជុលម៉ាស៊ីនទូទៅ អ្នកដំឡើងប្រព័ន្ធទឹក និងម៉ាស៊ុនត្រជាក់។ និស្សិត ក៏មានឱកាសក្លាយជាបុគ្គលិកគ្រប់គ្រងមេកានិចនៅតាមបណ្តាសហគ្រាស និងស្ថាប័នផ្សេងៗ ជាមួយនឹងឱកាសការងារជាច្រើនទៀត។

ទី៣.មុខជំនាញវិស្វកម្មគីមី និងបច្ចេកវិទ្យាអាហារ

មុខជំនាញនេះ បើនិយាយឱ្យសាមញ្ញ គឺជាជំនាញមួយដែលផ្តោតសំខាន់ទៅលើផ្នែកគីមីក្នុងអាហារ និងការវេចខ្ចប់អាហារ ការថែទាំ និងគុណភាពនៃអាហារប្រកបដោយសុវត្ថិភាព។ ក្នុងនោះ ក៏មានការកែច្នៃអាហារដែលត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ និងធានាថាមិនផ្តល់ផលប៉ះពាល់សុខភាពដល់អ្នកបរិភោគឡើយ។ អ្នកដែលមានបំណងសិក្សាជំនាញនេះត្រូវត្រៀមមុខវិជ្ជាគីមីវិទ្យា រូបវិទ្យា និងគណិតវិទ្យា។ ជំនាញនេះ ​ត្រូវសិក្សារយៈពេល៥ឆ្នាំ​ និងមាន១២០ក្រឌីត។

ក្រោយពីបញ្ចប់ការសិក្សា និស្សិតទទួលបានចំណេះដឹងផ្សេងៗដូចជា ការកែច្នៃអាហារក្នុងកម្មវិធីផ្សេងៗ និងប្រភេទរបស់អាហារ វិភាគពីគុណភាពផលិតផលអាហារ យល់ដឹងពីអារូបត្ថម្ភដែលផ្តល់សម្រាប់មនុស្ស និងសុខភាព។ យល់ដឹងពីប្រព័ន្ធចំណីអាហារ និងដំណើរការវេចខ្ចប់ មានចំណេះដឹងក្នុងការដោះស្រាយនៅពេលដែលអាហារមានបញ្ហា និងការកែច្នៃបន្ថែម។ល។

​ចំពោះទីផ្សារការងារវិញ គឺទូលំទូលាយខ្លាំងមែនទែន អ្នកសិក្សាអាចស្វែងរកការងារនៅក្រសួងកសិកម្ម វិទ្យាស្ថានប៉ាស្ទ័រ នាយកដ្ឋានកាំកុងត្រូល អាចក្លាយជាសាស្ត្រាចារ្យលើជំនាញគីមី និងអាហារ។ អ្នកបច្ចេកទេសថែរក្សា និងការវេចខ្ចប់ បម្រើការក្នុងក្រុមហ៊ុនផលិតអាហារ ឬ ភេសជ្ជៈផ្សេងៗ ឬ ជាអ្នកស្រាវជ្រាវផ្នែកអាហារ និងការងារផ្សេងៗទៀត។

ទី៤.ជំនាញវិស្វកម្មជីវសាស្ត្រ ឬ បច្ចេកវិទ្យាជីវសាស្ត្រ

ជំនាញវិស្វកម្មជីវសាស្ត្រ ឬ បច្ចេកវិទ្យាជីវសាស្ត្រ គឺផ្នែកមួយក្នុងវិស្វកម្ម ដែលផ្តោតសំខាន់លើដំណើរការគីមី និងជីវសាស្រ្ត ដើម្បីផលិតផល និងបច្ចេកទេសសម្រាប់ប្រើប្រាស់លើវិស័យដូចជា វិស័យសុខាភិបាល វិស័យកសិកម្ម និងបរិស្ថាន និងឧស្សាហកម្មចំណីអាហារ។  វិស្វកម្មជីវសាស្ត្រ គឺជាជំនាញថ្មីមួយដែលរួមបញ្ចូលវិស័យវិស្វសិកម្មជាច្រើនដូចជា វិស្វកម្មគីមី អេឡិចត្រូនិច និងមេកានិច។

សម្រាប់អ្នកចង់សិក្សាជំនាញនេះ​ត្រូវត្រៀមចំណេះដឹងមូលដ្ឋានដូចជា ជីវៈវិទ្យា និងគីមីវិទ្យា។ សិក្សាលើជំនាញនេះមានរយៈពេល ៤ឆ្នាំ។ ប្រសិនជានិស្សិតជ្រើសរើសសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺត្រូវសិក្សាលើ៣ជំនាញសំខាន់ៗគឺ ទី១ វិទ្យាសាស្ត្រជីវម៉ូលេគុលឱសថ ទី២ ជីវបច្ចេកវិទ្យាកសិឧស្សាហកម្ម និងទី៣គឺ ចង្វាក់ផលិតកម្មជីវសាស្រ្ត។

បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចយល់ដឹងពីជីវម៉ូលេគុល និង បច្ចេកទេសក្លូនសែន។  យល់ដឹងពីការពិសោធន៍គីមីវិភាគ គីមីសរីរាង្គ គីមីជីវ គីមីរូប​ គីមីអាហារ​ ដឹងអំពីវិស្វកម្មជីវសាស្ត្រ​ និងវិស្វកម្មគីមី និង​ បច្ចេកវិទ្យាជីវសាស្រ្ត និងសង្វាក់ផលិតកម្មឧស្សាហកម្មគីមី និងអាហារជាដើម។ និស្សិតក៏អាចចូលម្រើការនៅតាមក្រសួងពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម ឬ តាមស្ថាប័នផ្សេងៗ។ និស្សិតមានឱកាសក្លាយជាអ្នកត្រួតពិនិត្យគុណភាព អ្នកជំនាញផ្នែកពិសោធន៍។ល។

ទី៥. ក្រាហ្វិច ឌីហ្សាញ

ជំនាញនេះ ស័ក្តិសមចំពោះអ្នកចូលចិត្តផ្នែករចនាបទផ្សេងៗដូចជាផ្ទាំងរូបភាព គំនូរជីវចល សិល្បៈគំនូរ និងរូបភាពសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយ។ ជំនាញនេះ គឺទាមទារឱ្យអ្នកសិក្សាមានគំនិតច្នៃប្រឌិតខ្ពស់ មានជំនាញផ្នែកកុំព្យូទ័រខ្លាំង ព្រមទាំងដើរទាន់សម័យកាលជានិច្ច។ ក្រាហ្វិច ឌីហ្សាញ ត្រូវមានការអត់ធ្មត់ខ្លាំង និងព្យាយាមរកអ្វីដែលថ្មី និងទាក់ទាញជារៀងរាល់ថ្ងៃ ព្រោះរាល់ការរចនារូបភាពនីមួយៗ គឺត្រូវមានភាពទាក់ទាញ និងមានអត្ថន័យជានិច្ច។

ជំនាញមួយនេះ គឺអ្នកត្រូវនៅជាមួយនឹងបច្ចេកវិទ្យាជាប់រហូត ហើយត្រូវស្វ័យសិក្សាដោយខ្លួនឯងបន្ថែមទៀត ដូចជាព្យាយាមរកអ្វីថ្មីៗនៅតាមប្រព័ន្ធ Internet ឬ តាម YouTube ក៏ដូចជាសិក្សាតាមរយៈវីដេអូរបស់ជនបរទេសបន្ថែមទៀត ទើបមានការអភិវឌ្ឍឆាប់រហ័ស។ ក្រោយពីអ្នកសិក្សាមានជំនាញច្បាស់លាស់ ពួកគេអាចបើកអាជីវកម្មជាខ្លួនឯង ចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ ឬ ឯកជននានា ព្រោះជំនាញនេះ ក៏ត្រូវការជាចាំបាច់មិនខុសពីជំនាញ IT ឡើយ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម