ព័ត៌មានជាតិ
វីតាល់ សហការជាមួយក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅខេត្តស្ទឹងត្រែង
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅក្រោមប្រធានបទ ៖ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងសហការរៀបចំដោយ ក្រុមហ៊ុនទឹកពិសាវីតាល់ កាលពីថ្ងៃទី ៤ និងទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ចៅ មុន្នីរ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង, លោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងលោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ដៃគូសង្គមស៊ីវិល មន្ត្រីរាជការ កងកម្លាំង ប្អូនៗអ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំបុគ្គលិកវីតាល់ និងប្រជាពលរដ្ឋប្រមាណ ៤០០ នាក់។

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើង ស្របទៅនឹងខួបលើកទី ៣០ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ជាមួយគោលបំណងក្នុងការបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារ សកម្មប្រកបដោយចីរភាព និងរួមគ្នារក្សាការពារ និងអភិវឌ្ឍមេត្រីបរិស្ថាន។ បន្ថែមពីនេះ ២០២៣ ជាឆ្នាំដ៏សំខាន់សម្រាប់ការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានាក្នុងការចូលរួមអភិរក្ស និងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី និងការប្រឆាំងនឹងវិបត្តិអាកាសធាតុ និងបង្កើនសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក និងជីវចម្រុះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី បានផ្តល់អ្វីៗទាំងអស់សម្រាប់គាំទ្រដល់ភាវរស់នៅលើភពផែនដី ក្នុងនោះមានមនុស្សជាតិផងដែរ។ ស្បៀងអាហារ ទឹកសម្រាប់ពិសា និងខ្យល់ដកដង្ហើមដែលមនុស្សកំពុងត្រូវការ បានមកពីផែនដី។ ប្រព័ន្ធអេកូឡូស៊ីផែនដីបច្ចុប្បន្នប្រឈមនឹងភាពរេចរឹលដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដូចជា ការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារព្រៃឡើងវិញ ការសន្សំសំចៃថាមពល ការសន្សំសំចៃការប្រើប្រាស់ទឹក និងកុំខ្ជះខ្ជាយម្ហូបអាហារ ដើម្បីធានាសន្តិសុខស្បៀង និងមានទឹកគ្រប់គ្រាន់ដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។ ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានឡើយ បើគ្មានធម្មជាតិ»។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការឧបត្ថម្ភគាំទ្ររបស់ វីតាល់ ជាមួយសកម្មភាពនានារបស់ក្រសួងបរិស្ថានជាដរាប។

ចំណែក លោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ និងការក្រើនរំលឹកសារទៅកាន់ពិភពលោក ពីការស្តារប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានរំខាន និងដើម្បីឆ្លើយតបទៅនឹងវិបត្តិ នៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក រហោស្ថានកម្ម និងជីវចម្រុះ។ ដូចនេះហើយបានជាព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បាននិងកំពុងបំពេញបេសកកម្ម ដឹកនាំ និងគ្រប់គ្រង ការងារកិច្ចគាំពារបរិស្ថាន ការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង ៧៦ កន្លែង និងមុខងារប្រព័ន្ធអេកូឡូស៊ីសំដៅធានា ៖
១-សេវាកម្មផ្តល់ ៖ ប្រភពអាហារ ទឹកប្រើប្រាស់ ឈើប្រើប្រាស់ ឱសថ និងថាមពលប្រើប្រាស់។
២-សេវាកម្មធ្វើនិយ័តកម្ម ៖ ធ្វើនិយ័តកម្មធាតុអាកាស ខ្សែសង្វាក់អាហារ និងនិយ័តកម្មបន្សុទ្ធទឹក។
៣-សេវាកម្មវប្បធម៌ ៖ តំបន់មានសោភ័ណភាព តំបន់អប្បិយជំនឿ កន្លែងសិក្សាអប់រំ ស្រាវជ្រាវ និង តំបន់កម្សាន្ត។
៤-សេវាកម្មគាំទ្រ ៖ ផលិតសារជាតិចិញ្ចឹម បង្កើតសារធាតុចិញ្ចឹម បង្កើតជីជាតិដី និងផលិតកម្មបឋម។

លោក ចៅ មុន្នីរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា «ខេត្តស្ទឹងត្រែងពិតជាមានកិត្តិយសដែលបានថ្នាក់ជាតិជ្រើសរើសសម្រាប់ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា យ៉ាងអធិកអធម និងពោរពេញដោយអត្ថន័យ និងជាចំណែកនៃការចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងខេត្តបានយល់ដឹងពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្ដូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន និងរួមគ្នាដើម្បីមេត្រីភាពបរិស្ថាន»។

លោកបានបន្តឲ្យដឹងទៀតថា ជាមួយនឹងសកម្មភាពនេះ រដ្ឋបាលខេត្ត សូមលើកទឹកចិត្តដល់មន្ទីរអង្គភាពជុំវិញខេត្ត សូមបន្តពាំនាំការផ្សព្វផ្សាយចំណេះដឹងពីការថែរក្សាបរិស្ថានជូនដល់អង្គភាព, ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់បន្តទៀត។

លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានលើកឡើងថា វីតាល់ ក្នុងនាមជាវិស័យឯកជន ពិតជាមានសេចក្ដីរីករាយ ដោយកត់សម្គាល់ឃើញថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែទទួលបានការចាប់អារម្មណ៍ និងការចូលរួមពីបុគ្គល និងដៃគូសំខាន់ៗ ដែលបានចូលរួមផ្តល់ការគាំទ្រ និងអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ ដែលនេះជាកាតព្វកិច្ចយើងទាំងអស់គ្នា សម្រាប់មាតុភូមិមួយនេះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការចាប់ផ្ដើមអាជីវកម្ម, វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងប្រកបដោយអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ជាកិច្ចការមួយទៀតដែល វីតាល់ បានកំណត់ជាអាទិភាពផងដែរ។

ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ វីតាល់ បានដាក់ចេញនូវគម្រោងមួយចំនួនដែលទទួលបានការសាទរពីសាធារណជនរួមមាន គម្រោង Vital Go Green ដែលបានរៀបចំឡើងកាលពីឆ្នាំ ២០១៥ តាមរយៈការដកប្លាស្ទិកលើគម្រប ដែលវីតាល់ បានធ្វើមុនគេសម្រាប់វិស័យទឹកដបនៅកម្ពុជា។ គំរូនេះបានក្លាយជាចលករ នៃការផ្លាស់ប្តូរ បរិបទ នៃការផលិតទឹកដប ដោយពុំមានប្លាស្ទិក លើគម្របដប សម្រាប់ទីផ្សារកម្ពុជា។ បន្តបន្ទាប់, ក្រុមហ៊ុនក៏បានចូលរួមបន្ថែមទៀត ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមបរិស្ថានផ្សេងៗ មានដូចជា ការដាំកោងកាងឡើងវិញ ដែល វីតាល់ បានសហការជាមួយក្រសួងបរិស្ថាន ចំនួន ៣ ឆ្នាំរួចមកហើយ ដោយដាំបានប្រមាណ ៦០០០ ដើម នៅខេត្តកំពត និងខេត្តកែប និងការចូលរួមគាំទ្រដល់ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកាផងដែល។

ជាមួយគ្នានេះ គូសបញ្ជាក់ផងដែរ វិស័យបរិស្ថាន គឺជាវិស័យ អាទិភាព ដែលវីតាល់ បានធ្វើវិភាគទាន និងបរិច្ចាគច្រើនជាងគេ ក្នុងវិស័យទាំង៤ នៃសសរស្ដម្ភ ការងារសង្គម របស់វីតាល់។ ឈរលើមូលដ្ឋាននេះ, ក្រុមការងារ វីតាល់ បានខិតខំយ៉ាងសកម្ម ក្នុងការរៀបចំបន្ថែមនូវទៀត សកម្មភាពបរិស្ថានជាមួយដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីជាចំណែក នៃការស្តារផលប៉ះពាល់ចំពោះបរិស្ថាន និងដើម្បីមេត្រីភាពបរិស្ថានរបស់កម្ពុជា និងសាកលលោក៕



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន