ព័ត៌មានជាតិ
ផ្លូវទំនប់ស្រះលួងប្រវែង៦៧៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ពញាពន់ត្រូវបានជួសជុលកែលម្អរួចរាល់
ទន្ទឹមនឹងការស្ដារស្រះលួង ដែលជាស្រះបុរាណមានតាំងពីយូរយារមកហើយនោះ អាជ្ញាធរខណ្ឌព្រែកព្នៅបានធ្វើការជួសជុលកែលម្អផ្លូវ១ខ្សែស្ថិតនៅតាមបណ្ដោយស្រះលួងប្រវែង៦៧៥ម៉ែត្រ ក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ចាប់ពីផ្លូវ១៥១ដល់ព្រំប្រទល់ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដែលមកទល់ពេលនេះបានរួចរាល់ជាស្ថាពរហើយ។
លោក ទៀប យោទ្ធារម្យ ប្រធានការិយល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ការជួសជុលកែលម្អផ្លូវនេះ ក្នុងគោលបំណងដើម្បីជាទំនប់ព័ទ្ធស្រះផង និងដើម្បីសម្រួលដល់ការធ្វើចរាចរជូនដល់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។ កំណាត់ផ្លូវ១ខ្សែនេះ ចាប់ពីផ្លូវ១៥១ដល់មាត់ស្រះលួងផ្នែកខាងត្បូងមានទទឹង៧ម៉ែត្រ ប៉ុន្ដែចាប់ពីមាត់ស្រះលួងខាងត្បូង ដល់ព្រំប្រទល់ឃុំឈ្វាំង គឺមានទទឹងជាង១០ម៉ែត្រ ដោយសារនៅទីនោះពុំមានផលប៉ះពាល់ដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។

លោកបន្តថា តាមពិតផ្លូវនេះបានដំណើរការជួសជុលតាំងពីខែកក្កដា ឆ្នាំ២០២០មក ដោយធ្វើការឈូស ឆាយកិនបង្ហាប់ កាត់ដើមឈើ ដែលដុះមកលើផ្លូវ និងរុះសំយ៉ាបផ្ទះដែលសង់លយចូលមកលើទ្រូងផ្លូវផងដែរ។ ដោយសារបញ្ហាគ្រោះទឹកជំនន់ផង ដោយសារជំងឺឆ្លងកូវីដ១៩ផង ទើបធ្វើឲ្យការជួសជុលផ្លូវនេះ មានការយឺតយ៉ាវ។
លោកបានឲ្យដឹងទៀតថា ផ្លូវទំនប់ស្រះលួង ត្រូវបានរដ្ឋបាលខណ្ឌព្រែកព្នៅដាក់បញ្ចូលក្នុងគម្រោងមូលនិធិអភិវឌ្ឍខណ្ឌរយៈពេល៥ឆ្នាំរួចហើយ ដែលទៅថ្ងៃអនាគត និងត្រូវធ្វើការជួសជុលដោយចាក់បេតុង។

ដោយឡែកលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ផ្លូវទំនប់ស្រះលួងនេះ ពីមុនមានទទឹងតែ៥ម៉ែត្រប៉ុណ្ណោះ គឺមានលក្ខណៈតូចចង្អៀតដែលកន្លែងខ្លះរថយន្ដចៀសគ្នាស្ទើរមិនរួច។ ប៉ុន្ដែនៅជំហានដំបូងនេះ ត្រូវបានពង្រីកដល់បង្គោលភ្លើង មានទំហំ៧ម៉ែត្រដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរបានប្រសើរជាងមុន។
លោកអភិបាលខណ្ឌ មានប្រសាសន៍ថា ផ្លូវនេះជាផ្លូវដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះធ្វើចរាចរចេញចូលរវាងខណ្ឌព្រែកព្នៅ និងស្រុពញាឮ ហើយជាពិសេសនៅរដូវប្រាំងបងប្អូនប្រជាពលរដ្ឋ តែងធ្វើចរាចរទៅមកចេញចូលក្នុងការដឹកជញ្ជូនទឹកចេញពីស្រះលួងយកទៅប្រើប្រាស់ខណៈដែលអាជ្ញាធរខណ្ឌបានស្ដារស្រះលួងឡើងវិញរួចរាល់៕
អត្ថបទ ៖ ឧត្តរ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


