ព័ត៌មានជាតិ
ក្រុមការងារស្រាវជ្រាវស្នើឱ្យជួយពង្រីកការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចតាមមន្ទីរពេទ្យផ្តល់សេវាជំងឺអេដស៍នៅទូទាំងប្រទេស
ក្រុមការងារស្រាវជ្រាវ បានស្នើសុំឱ្យមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក៏ដូចជាក្រសួងសុខាភិបាលជួយពង្រីក និងជំរុញឱ្យមានការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច នៅតាមមន្ទីរពេទ្យ គ្លីនិក ដែលមានផ្តល់សេវាព្យាបាលជំងឺអេដស៍ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៃគម្រោងសិក្សា ស្ដីពីការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងក្នុងវិស័យសុខាភិបាលដើម្បីរក្សាអ្នកផ្ទុកមរាគអេដស៍ក្នុងប្រទេសកម្ពុជាឲ្យស្ថិតក្នុងសេវាថែទាំ និងព្យាបាលនៅថ្ងៃទី០៨ សីហា លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីក្រុមការងារស្រាវជ្រាវរកឃើញថា ការប្រើប្រាស់នូវ tablet ជាឧបករណ៍បច្ចេកវិទ្យា សម្រាប់សម្រួលក្នុងការប្រាស្រ័យទាក់ទងរវាងអ្នកជំងឺ និងអ្នកផ្តល់សេវា និងការបណ្តុះបណ្តាលអំពីវិធីសាស្ត្រប្រាស្រ័យទាក់ទង រវាងអ្នកជំងឺ និងអ្នកផ្តល់សេវា ពិតជាអាចជួយធ្វើឱ្យមានភាពប្រសើរឡើង នូវការប្រើប្រាស់សេវា ព្យាបាលមេរោគអេដស៍ ។

លោកសាស្ត្រាចារ្យបានបន្តថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសហការជាមួយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងទទួលបានការឧបត្ថម្ភថវិកាពី អង្គការសុខភាពពិភពលោកប្រចាំតំបន់ បាស៊ីហ្វិកខាងលិច បានរៀបចំគម្រោងសិក្សា ស្ដីពី ការចូលរួមរបស់សហគមន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងក្នុងវិស័យសុខាភិបាល ដើម្បីរក្សា អ្នកផ្ទុកមរាគអេដស៍ក្នុងប្រទេសកម្ពុជាឲ្យស្ថិតក្នុងសេវាថែទាំ និងព្យាបាលមានរយៈពេល២ឆ្នាំចាប់ពីចុងឆ្នាំ២០២០ រហូតដល់ចុង ឆ្នាំ២០២២ អនុវត្តនៅតាមមន្ទីរពេទ្យ/គ្លីនិក ដែលមានសេវាព្យាបាល ជំងឺអេដស៍ សរុបចំនួន ០៨ គឺ ៤ កន្លែង ក្នុងរាជធានីភ្នំពេញ ១ កន្លែង ក្នុងខេត្តកណ្តាល និង ៣ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ។

លោកសាស្ត្រាចារ្យបានបន្តថា ជាលទ្ធផលស្រាវជ្រាវរកឃើញថាអ្នកផ្តល់សេវាព្យាបាលជំងឺអេដស៍ភាគច្រើនគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ ទំនងក្នុងវិស័យសុខាភិបាល និងយល់ឃើញថា ទំនាក់ទំនងពីចំងាយតាមរយៈ បច្ចេកវិទ្យាបានជួយសម្រួលយ៉ាងខ្លាំងដល់ការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកជំងឺ ជាពិសេសក្នុងកំឡុងពេលកូវីដ-១៩ ។

ជាមួយគ្នានេះដែរ អ្នកផ្តល់សេវាព្យាបាលជំងឺអេដស៍ ដែលចូលរួមក្នុងគម្រោងនេះ នៅតែរក្សា ការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង ជាមួយអ្នកជំងឺមួយចំនួន ដែលពេលខ្លះមាន ការលំបាកក្នុងការធ្វើដំណើរការមកទទួលសេវាព្យាបាលដោយផ្ទាល់នៅតាមមន្ទីរ ពេទ្យ គ្លីនិកសេវាព្យាបាលជំងឺអេដស៍ ទោះជាគម្រោងសិក្សាយើងបានបញ្ចប់ ទៅហើយ។ ចំណែកមន្ត្រី-បុគ្គលិកសុខាភិបាលភាគច្រើន ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការបង្កើនទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងអ្នកជម្ងឺ និងអ្នកផ្ដល់សេវា សុខាភិបាល ជាមួយអ្នកជំនាញផ្នែក community engagement យល់ឃើញថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងបានផ្តល់បទពិសោធន៍ និងមេរៀនល្អៗ ដល់ពួកគាត់ ក្នុងការរៀបចំពាក្យសម្តី និងអាកប្បកិរិយា ដើម្បីឲ្យ ការប្រាស្រ័យទាក់ទងជាមួយអ្នកជម្ងឺ រឹតតែមានភាពប្រសិទ្ធិភាព និងប្រកបដោយ មេត្តាធម៌។

លើសពីនេះទៀតអត្រាអ្នកជំងឺបាត់ពីសេវាព្យាបាល ប្រចាំត្រីមាស បានធ្លាក់ចុះ ចំពោះមន្ទីរពេទ្យ/គ្លីនិកសេវាព្យាបាល ជំងឺអេដស៍ទាំង ៥ កន្លែង ក្រោយពីគម្រោងសិក្សាបានផ្ដល់ Tablets សម្រួលដល់ទំនាក់ទំនងពី ចម្ងាយ រវាងអ្នកជម្ងឺ និងអ្នកផ្តល់សេវា និងផ្តល់ការបណ្តុះបណ្តាល ស្ដីពីការបង្កើនទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងអ្នកជម្ងឺ និងអ្នកផ្តល់សេវា សុខាភិបាល ដល់មន្ត្រី-បុគ្គលិកមន្ទីរពេទ្យ គ្លីនិកទាំងនោះ។

លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា គម្រោងសិក្សានេះមួយផ្នែកជាការជំរុញនូវទំនើបកម្មក្នុងការផ្តល់សេវាក្នុងវិស័យសុខាភិបាល ស្របតាមគោលនយោបាលរដ្ឋាភិបាលឌីជីថល របស់ប្រទេសកម្ពុជា និងមួយផ្នែកទៀត បាន ផ្តល់នូវវគ្គបណ្តុះបណ្តាលជាមួយអ្នកជំនាញខាង Community Engagement ជួយពង្រឹងសមត្ថភាព និងឥរិយាបទល្អរបស់មន្ត្រី-បុគ្គលិកសុខាភិបាលយើងដែលជាអ្នកផ្តល់សេវា សុខាភិបាល ក្នុងការរក្សា ទំនុកចិត្ត និងការប្រាស្រ័យទាក់ទងគ្នាល្អជាមួយអ្នកជម្ងឺ របស់គាត់។ លោករដ្ឋលេខាធិការបានបន្តថាភស្តុតាងជាក់ស្តែងទទួលបានពី លទ្ធផលស្រាវជ្រាវនេះ គឺអ្នកជំងឺបាត់ពីសេវា ព្យាបាលប្រចាំត្រីមាស បានធ្លាក់ចុះ ចំពោះ មន្ទីរពេទ្យ/គ្លីនិកសេវា ព្យាបាលជំងឺអេដស៍ទាំង ៥ កន្លែង ក្រោយពីបាន អនុវត្តយន្តការប្រាស្រ័យទាក់ទង តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ជាមួយអ្នកជំងឺនេះ។

លោកវជ្ជបណ្ឌិត ងូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានឱ្យដឹងថាតាមការប៉ាន់ស្មាន ដោយអង្គការ UNAIDS ឆ្នាំ២០២២ ចំនួនអ្នកឆ្លងថ្មី នៃមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះពី ១៥,០០០នាក់ ក្នុងឆ្នាំ១៩៩៧ មកនៅត្រឹម ១.៤០០នាក់ ក្នុងឆ្នាំ ២០២២ ហើយក្នុងឆ្នាំ ២០២២ នេះដែរ ទោះបីជាមានការរាតត្បាតជាសកលនៃជំងឺកូវីដ- ១៩ ក៏ដោយ ក៏កម្ពុជានៅតែអាចរក្សាបានលទ្ធផលល្អក្នុងការគ្រប់គ្រងការឆ្លើយតបនឹងជំងឺអេដស៍ ក្នុងនោះអត្រាប្រវាឡង់នៃ មេរោគអេដស៍ក្នុងចំណោមប្រជាជនពេញវ័យ (អាយុពី ១៥ ដល់ ៤៩ ឆ្នាំ មានត្រឹមតែ ០,៥% ប៉ុណ្ណោះ។

ក្នុងចំណោមករណីឆ្លងថ្មីនៃមេរោគចំនួន ១៤០០ នាក់ក្នុងឆ្នាំ២០២២ ក្នុងនោះ ៨៣%គឺស្ថិតក្នុងចំណោមក្រុមប្រឈមមុខខ្ពស់និងដៃគូរួមភេទរបស់គាត់ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស (MSM) ៤០% និងក្រុមអ្នកបំលែងភេទ (១២%) ស្រ្តីបម្រើសេវាកំសាន្ត (៧%)៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


