ព័ត៌មានជាតិ
អភិបាលរងរាជធានី៖ អំណាចគឺជាភ្លើង បើយើងបំផ្លាញគេ គេនឹងពន្លត់ភ្លើងនោះ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា អំណាចគឺជាភ្លើង បើយើងយកភ្លើងនេះទៅបំផ្លិចបំផ្លាញគេ នោះគេនឹងរកគ្រប់មធ្យោបាយ ដើម្បីពន្លត់ភ្លើងនោះ។

ការលើកឡើងនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្នុងវគ្គបណ្តុះបណ្តាល ស្ដីពី ការពង្រឹង និងអភិវឌ្ឍសមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម នៅសាលារាជធានីភ្នំពេញ ខណៈលោក កើត ឆែ ជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក កើត ឆែ បញ្ជាក់ថា ទិន្នផលការងារមិនអាចបានមកដោយគ្មានការលះបង់នោះទេ ហើយការងារដែលទទួលបានជោគជ័យ គឺជាការងារដែលមានសុខដុមនីយកម្មជាមួយគ្នា។ លោក បានបន្ថែម ក្នុងនាមជាថ្នាក់ដឹកនាំ ជាមេកើយរបស់គេ ត្រូវតែមានព្រហ្មវិហារធម៌ ចំពោះកូនចៅ មិនអាចបំផ្លិចបំផ្លាញកូនចៅរបស់ខ្លួននោះទេ។

លោក កើត ឆែ មានប្រសាសន៍បន្តថា អំណាចគឺជាភ្លើង ប្រសិនបើយើងយកភ្លើងនេះទៅប្រើខុសគោលដៅ នោះវានឹងបំផ្លិចបំផ្លាញគេហើយ ប៉ុន្តែបើយើងយកភ្លើងនេះទៅប្រើត្រឹមត្រូវ ចំគោលដៅ វានឹងធ្វើឱ្យថ្នាក់ក្រោមរបស់យើង មានភាពរីកចម្រើន។ ប៉ុន្តែផ្ទុយទៅវិញ បើយើងយកភ្លើងនេះទៅបំផ្លិចបំផ្លាញគេ នោះគេនឹងរកគ្រប់មធ្យោបាយ ដើម្បីពន្លត់ភ្លើងនេះហើយ។

លោក កើត ឆែ មានប្រសាសន៍ថា មន្ត្រីទាំងអស់ត្រូវតែយកចិត្តទុកដាក់រៀនសូត្រ ដុសខាត់ចំណេះវិជ្ជាឱ្យកាន់តែខ្លាំងឡើង ប្រៀបបាននឹងអាវុធ គឺបើយើងមិនបានសំលៀងដុសខាត់ទេ អាវុធនោះនឹងមិនមុតស្រួចដែរ។ តម្រូវឱ្យយើងដុះខាត់រៀនសូត្ររាល់ថ្ងៃ ទើបការងារកាន់តែល្អប្រសើរឡើង។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយមានការចូលរួមពី លោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី ជំនួយការ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ពីនាយក នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការ-ប្រធានអង្គភាព នាយក-នាយករងដ្ឋបាលសាលាខណ្ឌ ទាំង ១៤ ប្រធាន-អនុប្រធានការិយាល័យ សង្កាត់ ចៅសង្កាត់រង។

នេះជាការអញ្ជើញជាគ្រូឧទ្ទេសលើកទីពីរ បន្ទាប់ពីទីចាត់ការគ្រប់គ្រង ធនធានមនុស្សបានអញ្ជើញលោកគ្រូ ចូលរួមជាគ្រូឧទ្ទេស ក្នុវគ្គតម្រង់ទិសស្តីពី “ការបណ្តុះផ្នត់គំនិតរបស់បុគ្គលិក ក្នុងការបំពេញការងារ” កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជូនដល់ក្រុមគោលដៅជាមន្ដ្រីរាជការ-មន្ត្រីជាប់កិច្ចសន្យាចំនួន ៣៤៤រូប ដែលបម្រើការងារនៅសាលារាជធានីភ្នំពេញ និងសាលាខណ្ឌទាំង១៤៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


