ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ គ្រូពេទ្យល្អ ត្រូវចេះលះបង់ និងបម្រើសេវាឱ្យបានល្អ ដើម្បីអ្នកជំងឺមានទំនុកចិត្ត
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ធ្វើជាគ្រូពេទ្យល្អ ត្រូវចេះលះបង់ ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងត្រូវបម្រើសេវាឱ្យបានល្អ ដើម្បីឱ្យអ្នកជំងឺមានទំនុកចិត្តមកលើសេវាសុខាភិបាលរបស់យើង។

ថ្លែងបិទសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី ១ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ កាលពីរសៀលថ្ងៃទី ០៣ ធ្នូ លោករដ្ឋមន្ត្រី បានបន្តថា «ដើម្បីក្លាយជាគ្រូពេទ្យល្អ ត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន។ បន្ថែមពីនេះ គឺត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ត្រូវខិតខំបម្រើសេវាឱ្យអ្នកជំងឺទុកចិត្ត ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្គ្រោះបាន និងគិតអំពីផលលំបាករបស់អ្នកជំងឺ និងក្រុមគ្រួសារគាត់»។

លោករដ្ឋមន្ត្រី បានបន្តទៀតថា លើសពីនេះ កុំតូចចិត្ត ឫអន់ចិត្ត បើគេមិនទាន់ស្គាល់យើង ត្រូវសួរខ្លួនឯងថា តើយើងបានធ្វើអ្វីល្អៗ ដែលឱ្យគេស្គាល់ហើយឬនៅ? និងដើម្បីវិនិច្ឆ័យទៅលើនរណាម្នាក់ គេត្រូវស្វែងយល់ទៅលើគុណភាពការងាររបស់បុគ្គលនោះ។ រាល់ការងារថ្មីៗ ត្រូវរៀនសូត្រឱ្យបាន រយៈពេលមួយយូរគ្រប់គ្រាន់ជាបទពិសោធន៍ និងបង្កើតឱ្យបានជាទម្លាប់ល្អ។ បន្ថែមលើសពីនេះ ត្រូវមានគុណតម្លៃថ្លៃថ្លាយូរអង្វែង បានដោយការលះបង់ពិតប្រាកដ ដោយបម្រើផលប្រយោជន៍មនុស្សទូទៅលើសអំពីប្រយោជន៍បុគ្គលខ្លួនម្នាក់ និងមិនមែនដោយការដោះដូរបានភ្លាមនោះទេ និងត្រូវយកការគិត(គំនិត) និងពេលវេលា ជាដើមទុនដើម្បីសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈខ្លួន។

លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាពជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដល់ទីកន្លែង និងតាមទីជនបទដាច់ស្រយាលនានា។ លើសពីនេះ ក៏បានចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្ដល់ឱកាសដល់ប្អូនៗ និស្សិត និងយុវជនស្ម័គ្រចិត្តដទៃទៀត ក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


