ព័ត៌មានជាតិ
នាយរងការិយាល័យម្នាក់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ
មន្ត្រីនគរបាលជាតិថ្នាក់វរសេនីយ៍ត្រីមួយរូប ដែលមានតួនាទីជានាយរងការិយាល័យ ស្ថិតក្រោមចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបានលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

បើតាមប្រកាសរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះវរសេនីយ៍ត្រី ឈុន ស៊ីណា អត្តលេខ៧២២២២ នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ នៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ ការសម្រេចបណ្ដេញចេញនូវមន្ត្រីនគរបាលជាតិរូបនេះ គឺក្រោមមូលហេតុថា ល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ប្រការ២ នៃប្រកាសដដែលនេះ បានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។
បើតាមសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃនេះដែរ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករងនៃអគ្កនាយកដ្ឋានអត្តសញ្ញាណកម្ម បានសរសេរដូច្នេះថា៖ «មន្ត្រីនគរបាលជាតិធ្វើខុស គឺត្រូវអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ លោកឧត្តមសេនីយ៍ឯក ចាត់ទុកថា នេះគឺជាដំណាក់កាលនៃការវះកាត់ចំពោះមន្ត្រីដែលមិនអាចអប់រំ កែប្រែ និងព្យាបាលបាន ទើបត្រូវវះកាត់នៅពេលនេះ។ លោកឧត្តមសេនីយ៍ឯក អគ្គនាយករង បន្តថា ប្រសិនបើនៅតែមិនកែប្រែ វិធានការនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ចំពោះមន្ត្រីផ្សេងៗទៀតដែលប្រព្រឹត្តខុស។

ក្នុងរយៈពេលនៃដើមខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រមាណ៦០រូបហើយ ត្រូវបានដកហូតតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ និងមួយចំនួនទៀត បានរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ បើតាមការអះអាងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាពេលកន្លងមក វិធានការបណ្ដេញចេញមន្ត្រីពីក្របខ័ណ្ឌនគរបាលជាតិនេះ គឺដើម្បីបោសសំអាតឱ្យបានស្អាតរាល់មន្ត្រីអសកម្ម។
បច្ចុចប្បន្ន ក្រសួងមហាផ្ទៃ ក៏កំពុងអនុវត្តយុទ្ធនាការជុំវិញការធ្វើតេស្តរកសារធាតុញៀនលើកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលយុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសង្កត់ធ្ងន់កាលពីពេលថ្មីៗនេះ ថា ការបោសសម្អាតគ្រឿងញៀនលើកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តមុនគេ ហើយមន្ត្រីពាក់ព័ន្ធត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


