ព័ត៌មានជាតិ
ក្រុមហ៊ុនចាប់ផ្តើមឈូសឆាយសម្អាតដីមួយផ្នែកនៅទីតាំងសង់ព្រលានយន្តហោះអន្តរជាតិលើកោះរ៉ុង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើការឈូសឆាយសម្អាតដីមួយចំនួនហើយ ដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា។

លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងសម្អាត បង្ហាប់ ពង្រាបដីឱ្យរាបស្មើ និងជីកដីស្អុយចេញធ្វើទៅតាមបច្ចេកទេសរបស់ជំនាញ។ ជាមួយគ្នានេះក្រុមហ៊ុនក៏បន្តដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ផងដែរ ដើម្បីពន្លឿនគម្រោងនេះ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរ ជាតិកោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៌កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីខែ មករា ឆ្នាំ ២០២៣។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងតាមរយៈសុន្ទរកថាកន្លងមកថា ការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន Royal Group បានបង្ហាញពីសញ្ញាវិជ្ជមានមួយ សម្រាប់ជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែង ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុក តាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ច តំបន់ និងពិភពលោក។
លោកបណ្ឌិត បានបន្តថា អាកាសយានដ្ឋានដែលបម្រុងនឹងធ្វើការសាងនេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ (4th NewGreenfield Airport) ដែលបានធ្វើការវិនិយោគដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី បានបញ្ជាក់ពីការប្តេជ្ញាចិត្តសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ឱ្យសម្រេចតាមផែនការមេ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនៅលើតំបន់អភិវឌ្ឍន៍ កោះរ៉ុង គ្រោងចំណាយថវិកាប្រមាណ ៣០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ៕







-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


