ព័ត៌មានជាតិ
ក្រុមហ៊ុន វីតាល់ ចូលរួមឧបត្ថម្ភធំយុទ្ធនាការបរិច្ចាគឈាមក្នុងទិវា នៃក្តីស្រលាញ់ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់”
ក្រសួងសុខាភិបាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងការពារជាតិ កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្លឹប នៃក្តីស្រលាញ់ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីក្រុមហ៊ុន វីតាល់ និងមូលនិធិ ២៥ រៀល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បានរៀបចំយុទ្ធនាការបរិច្ចាគឈាមក្នុងទិវា នៃក្តីស្រលាញ់”ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងគោលបំណងជួយជំរុញចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត ឲ្យកាន់តែមានចំនួន ច្រើនឡើង ដើម្បីបំពេញតម្រូវការឈាម និងការជួយសង្គ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋត្រូវការឈាមជាបន្ទាន់។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)បានមានប្រសាសន៍ថាកិច្ចសហការរៀបចំ និងឧបត្ថម្ភពីក្រុមហ៊ុន វីតាល់ ក្នុងព្រឹត្តិការណ៍ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ឆ្នាំ២០២៤ នេះទទួលបានការសាទរពីសាធារណជនដែលជាប្រិយមិត្ត និងអ្នកប្រើប្រាស់ វីតាល់ ចំពោះការរួមចំណែកទទួលខុសត្រូវសង្គម តាមរយៈចែករំលែកប្រាក់ចំណេញរបស់ខ្លួន ពីផលិតផលវីតាល់គ្រប់ដប ចំនួន ២៥ រៀល សម្រាប់ជាបូរេប្រទានដល់ការអនុវត្តគម្រោង និងកិច្ចការនានា ដែលជាតម្រូវការ និងសេចក្តីត្រូវការរបស់សង្គម។

លោកបានបន្តថា វីតាល់ គឺជាផលិតផលទឹកពិសាថ្នាក់ជាតិ ដែលឈានមុខគេនៅកម្ពុជា ដោយសារតែវីតាល់ បានយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើគុណភាព ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ISO និងប្រព័ន្ធប្រតិបត្តិការ ស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស ស្របជាមួយទំនួលខុសត្រូវចំពោះការងារសង្គម (CSR) ដែល វីតាល់ បានចូលរួមយ៉ាង សស្រាក់សស្រាំ ជាមួយសកម្មភាពសង្គម និងសប្បុរសធម៌នានា សម្រាប់ជាគុណប្រយោជន៏ជូនសង្គមជាតិ និងដល់អតិថិជនរបស់យើង។

លោកបានបន្តទៀតថា ក្រៅពីផ្តល់ជូននូវទឹកពិសាដែលមានគុណភាព, សុវត្ថិភាព, និងអនាម័យខ្ពស់ប៉ុណ្ណោះទេ។ វីតាល់ បានការចូលរួមយ៉ាងសកម្មភាព ក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) អាចនិយាយបានថា រាល់ខែ វីតាល់ បានរៀបចំឱ្យមានកម្មវិធី CSR និងកម្មវិធីផ្សេងៗ ក្នុងទម្រង់ជាការឧបត្ថម្ភ និងរៀបចំដោយខ្លួនឯង យ៉ាងទៀងទាត់ និងបុព្វហេតុ ៤ ចម្បង រួមមាន ៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៌ ដែលនេះជាសសរស្ដម្ភ របស់វីតាល់។

លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ចលនា នៃការចូលរួមរបស់ បងប្អូន សិស្ស និស្សិត បុគ្គលិក ក្រុមហ៊ុន មន្ដ្រីរាជការ ក្នុងសកម្មភាពបរិច្ចាគឈាមគឺជាកាយវិការសប្បុរសធម៌ដ៏ល្អប្រពៃមួយដែលយើងគ្រប់គ្នាយកថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដោយចែករំលែកក្ដីស្រលាញ់ទៅនឹងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាល។ជាងនេះទៀតការផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិនគិតកម្រៃ ជាការធ្វើអំពើល្អ សាងនូវកុសលបុណ្យល្អៗ ដែលយើងបានធ្វើចេញពីបេះដូងពិតរបស់យើងក្នុងការរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺ និង ចូលរួមលុបបំបាត់នូវចំណុចអសកម្មនានា ដែលបណ្តាលមកពីកង្វះខាតនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

លោកវេជ្ជ. សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានអំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិចូលរួម ចំណែកក្នុង ភាពជាដៃ គូជា មួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

លោកបានបន្តថា «សូមចងចាំថាកិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាឱសថណាអាចផលិតបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល»។

លោក សុះ មុះសិន អនុប្រធានសហភាពសព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានបញ្ជាក់ថា «ការបរិច្ចាគឈាមរបស់យើងទាំង អស់គ្នា មិនមែនគ្រាន់តែជាការចែករំលែកឈាម ១ ប្លោក ទៅដល់មជ្ឈមណ្ឌល ជាតិផ្តល់ឈាមប៉ុណ្ណោះទេ តែលើសពីនេះ វាជាកាយវិការដ៏ប្រពៃ ជាវីរភាព និង ជាគំរូមួយដ៏សំខាន់ ដែលបានបង្កប់ និងពោរពេញទៅដោយអត្ថន័យដ៏ធំធេង សម្រាប់យើងទាំងអស់គ្នាក្នុងបុព្វហេតុលើកកម្ពស់សកម្មភាពសប្បុរសធម៌ និង មនុស្សធម៌នៅប្រទេសកម្ពុជា ព្រោះថាឈាមដែលបានបរិច្ចាគ បានជួយសង្គ្រោះ ជីវិតជាច្រើន ដែលស្ថិតក្នុងស្ថានភាពចាំបាច់ និងបន្ទាន់បំផុត។ ការចែក រំលែកឈាមរបស់យើង មានអត្ថន័យស្មើនឹងការចែករំលែកការយកចិត្តទុកដាក់ ការឈឺឆ្អាល ក្តីស្រឡាញ់ និងការរួមសុខរួមទុក្ខ ជាមួយអ្នកដែលត្រូវការឈាម ជាចាំបាច់ដើម្បីសង្គ្រោះជីវិត និងបានសរបញ្ជាក់អំពីភាពគំរូរបស់ពលរដ្ឋ ដែល ជាកោសិកានៃសង្គមជាតិមួយ។ ដូច្នេះហើយបានជាសមាជិក សមាជិកា ស.ស.យ.ក តែងតែមានមោទនភាព ដែលបានចូលរួម បរិច្ចាគឈាមនាពេល កន្លងមក»៕









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ