ព័ត៌មានជាតិ
រុនតាឯក បើកកិច្ចសហប្រតិបត្តិការលើកកម្ពស់ការគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក រិទ្យាល័យ ហ៊ុន សែន រុនតាឯក និងសាលាបឋមសិក្សាជាលាធំ ជាមួយគ្រឹះស្ថានឧត្តមសិក្សា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមគាំទ្រជ្រោមជ្រែងសាលារៀននៅក្រុងរុនតាឯក គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន ហើយអនុស្សារណៈ នៃការយោគយល់គ្នានេះ គឺជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍតំបន់រុនតាឯក ដែលធ្វើឡើងក្នុងគោលបំណងដើម្បី “លើកកម្ពស់ការគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន” នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុនសែន រុនតាឯក និងសាលាបឋមសិក្សា ជាលាធំ ដោយផ្អែកលើគោលការណ៍សមភាព និងអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយអប់រំជាធរមានរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

ផ្អែកលើតម្រូវការក្នុងការលើកម្ពស់ការងារគ្រប់គ្រងសាលារៀន ការបង្រៀន និងរៀន និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសាលារៀន ឈានទៅផ្តល់ឱ្យកុមារទទួលបានការអប់រំប្រកបដោយប្រសិទ្ធភាព ត្រៀមខ្លួនជាស្រេចសម្រាប់ការបន្តការសិក្សាកាន់តែខ្ពស់នាពេលអនាគត និងតាមរយៈការពិភាក្សាកន្លងមក គូភាគីបានព្រមព្រៀងគ្នារៀបចំការអនុស្សារណៈ នៃការយោគយល់ និងឈានដល់ការចុះហត្ថលេខាក្នុងឱកាសនេះ ដែលរួមមាន អនុស្សារណៈ នៃការយោគយល់គ្នារវាង ១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សាលាបឋមសិក្សាជាលាធំ, ២. សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក និង ៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង និង វិទ្យាល័យ ហ៊ុន សែន រុនតាឯក។

សកម្មភាពសហប្រតិបត្តិការ នៃអនុស្សារណៈនេះរួមមាន៖ ១. អភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងសាលារៀន ស្តីពីការដឹកនាំគ្រប់គ្រងសាលារៀន ក្នុងបរិបទសាលារៀនគំរូ និងផ្តល់ការបង្វឹកជាប់ជាប្រចាំ។ ២. អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន លើវិធីសាស្ត្របង្រៀន ការគ្រប់គ្រងថ្នាក់រៀន ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងរបៀបផលិតនិងប្រើប្រាស់សម្ភារឧបទេសជាដើម ព្រមទាំងផ្តល់ការបង្វឹក។ ៣. ផ្តល់ការឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍសាលារៀន ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ និងសម្ភារបម្រើឱ្យការបង្រៀន និងរៀន និង ៤. លើកទឹកចិត្ត និងផ្តល់អាហារូបករណ៍បន្តការសិក្សារបស់គណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំក្នុងសាលារៀន។

គួរបញ្ជាក់ថា ពិធីចុះអនុស្សារណៈយោគយល់នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង អភិបាលរង នៃគណៈអភិបាលខេត្ត សាកលវិទ្យាធិការ លោកគ្រូអ្នកគ្រូ មន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។

គួររម្លឹកថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ក្នុងកិច្ចប្រជុំ ស្តីពី ការជួយគាំទ្រសាលាក្នុងតំបន់រុនតាឯក ដោយបានដោះស្រាយ និងឆ្លើយតបទៅលើបញ្ហាចំនួន ១៣ ចំណុចដូចជា៖ ១. ពិនិត្យមើលស្ថានភាពគ្រូជាប់កិច្ចសន្យា ២. ការផ្តល់សម្ភារឧបទេសដល់សាលា ៣. បំពាក់ឧបករណ៍អ៊ិនធឺណិត ៤. ផ្តល់សៀវភៅគោលសិក្សាគ្រប់កម្រិតដល់សាលា ៥. ផ្តល់ជាអាហារូបករណ៍ដល់សិស្ស ៦. រៀបចំកម្មវិធីផ្តល់អាហារតាមសាលារៀនសម្រាប់សាលាបឋមសិក្សារុនតាឯក ៧. ប្រែក្លាយវិទ្យាល័យរុនតាឯក ទៅជាវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ហ៊ុន សែន រុនតាឯក ៨. បញ្ចូលសាលាទៅជាប្រព័ន្ធគម្រោង GEIP ផ្តល់សៀវភៅ និងកញ្ចប់អំណានដំបូង គណិតដំបូង និងសម្ភារឧបទេស និងការបណ្តុះបណ្តាលផ្សេងៗ ៩. បង្កើតកម្មវិធីបំណិនជីវិត និងបំណិនកសិកម្ម ១០. បង្កើតកម្មវិធីសាលាដៃគូ ជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ១១. បង្កើតក្រុមការងារចុះជួយជាប្រចាំជារៀងរាល់ខែ ១២. បង្កើតកម្មវិធីប្រឹក្សាអាជីព និង ១៣. លើកកម្ពស់សុខភាពសិក្សា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


