ព័ត៌មានជាតិ
កម្ពុជា-ចិន ចង់បង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុងមកខេត្តសៀមរាប
កម្ពុជា បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនលើវិស័យសក្តានុពល ជាពិសេសវិស័យធុរកិច្ច និងវិនិយោគ រួមទាំងការពិនិត្យលទ្ធភាពបង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុងមកខេត្តសៀមរាបរបស់កម្ពុជា។ នេះជាលើកឡើងនៅក្នុងជំនួបរបស់សម្ដេចធិបតី និងប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង។

ជំនួបពិភាក្សាការងារ ដែលបានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានចាត់ទុកថា នេះជាកាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជន និងវិនិយោគិននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។
លោក John KC LEE ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង បានជម្រាបជូនសម្តេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចនាពេលនេះជាមួយលោកផងដែរ ហើយបានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រវិនិយោគិន និងធុរជនហុងកុង នាពេលកន្លងមក។

ជារួម សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានពិភាក្សាគ្នាអំពីការបន្តជំរុញការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង ដោយផ្ដោតលើវិស័យសក្តានុពលជាច្រើន ជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ ហិរញ្ញវត្ថុ និងធនាគារ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល វិស័យទេសចរណ៍ ការអប់រំ និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុងមកខេត្តសៀមរាបរបស់កម្ពុជា។
សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត និងបង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។

ឆ្លៀតនៅក្នុងជំនួបនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក៏បានចូលរួមជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ គឺ៖ ទី១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទី២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សម្ដេចធិបតី បានសម្ដែងក្ដីរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សម្ដេចធិបតី ចាត់ទុកថា ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និងធុរកិច្ច ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន ហើយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


