ព័ត៌មានជាតិ
ហាងឆេងស្រូវក្រអូបដើមដៃនៅខេត្តបាត់ដំបង អាចលក់មួយតោនបានជាង ១ លាន ២ សែនរៀល
បើទោះបីជាក្នុងឆ្នាំនេះ កសិករធ្វើដំណាំស្រូវប្រឈមកត្តាធម្មជាតិបន្តិចក្តី ប៉ុន្តែកសិករក្នុងស្រុកចំនួន ២ នៃខេត្តបាត់ដំបង កំពុងសម្រុកប្រមូលផលស្រូវ ដើម្បីតម្រូវតាមទីផ្សារខណៈកំពុងមានហាងឆេងល្អ។
កសិករក្នុងស្រុកបវេល និងស្រុកឯកភ្នំ ដែលកំពុងប្រមូលផលស្រូវដើមដៃបានឲ្យដឹងប្រហាក់ប្រហែលគ្នាពីទីផ្សារស្រូវ ខណៈស្រូវប្រភេទសែនក្រអូបអាចលក់បាន ១២ ០០០បាត (ប្រាក់ថៃ) ស្មើជាង ១ លាន ២ សែនរៀល ក្នុង ១ តោន ហើយស្រូវស្រង៉ែប្រភេទ OM៥៩៥១ លក់បានជាង ១ ពាន់រៀល ក្នុង ១គីឡូក្រាម។

តាមការលើកឡើងពីលោក ហេង សិទ្ធ ទទួលបន្ទុកការិយាល័យស្ថិតិកសិកម្មខេត្តបាត់ដំបងបានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា នេះថា បច្ចុប្បន្នកសិករក្នុងស្រុកចំនួន ២ នៃខេត្តបាត់ដំបង កំពុងសម្រុកប្រមូលទិន្នផលស្រូវ ដើម្បីបំពេញតាមតម្រូវទីផ្សារដែលកំពុងមានហាងឆេងល្អ។
លោកថា បច្ចុប្បន្នប្រភេទស្រូវស្រងែ OM ៥៩៥១ តម្លៃជាង ១ ០០០ រៀល ១/គីឡូក្រាម។ តែលោកបារម្ភថា ស្រូវប្រភេទនេះនឹងធ្លាក់តម្លៃនៅពេលខាងមុខ អាចតម្លៃក្រោម ១ពាន់រៀល ក្នុង ១គីឡូក្រាម ព្រោះដំណាំស្រូវប្រភេទនេះហុចផលយឺតយ៉ាវ តែប្រភេទស្រូវសែនក្រអូប និងស្រូវប្រភេទផ្សេងទៀតអាចកើនតម្លៃជាងឆ្នាំមុន។

«និយាយទៅឆ្នាំនេះ ស្រូវគ្រប់ប្រភេទអាចមានទីផ្សារល្អ តែបើក្នុងដំណាក់កាលណាមួយចុះតម្លៃ ខ្ញុំគិតថា អាចបណ្តាលមកពីគុណភាពទិន្នផលចុះខ្សោយ ដូចជាស្រូវស្ពោតគ្រាប់ជាដើម បើគុណភាពល្អទីផ្សារក៏នៅតែល្អ»។ លោកបញ្ជាក់បន្ថែម។

លោក ហេង សិទ្ធ បានបន្តទៀតថា ខណៈដែលកសិករនៅស្រុកឯកភ្នំ និងស្រុកបវេល ដែលជាស្រុកគោលដៅកសិកម្មកំពុងប្រមូលផលចូលទីផ្សារ លោកមិនទាន់ទទួលបានព័ត៌មានពីការប្រមូលផលពីតាមបណ្តាស្រុកផ្សេងៗទៀតនៅឡើយនោះទេ។
លោក អ៉ិន សុវណ្ណមុនី អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងដែរថា កសិករគួរដាំដំណាំស្រូវណាដែលមានតម្រូវការទីផ្សារ ដូចជាផ្ការំដួល ផ្ការំដេង ផ្ការាំងជ័យ សែនក្រអូបជាដើម ខណៈបច្ចុប្បន្នប្រភេទស្រូវ ស្រងែ OM ៥៩៥១ តម្លៃជាង ១០០០រៀល ១/គីឡូក្រាម។

មន្ត្រីនៃមន្ទីរកសិកម្មខេត្តរូបនេះថា បើទោះបីជាកសិករមានការប្រឈមកត្តាអាកាសធាតុ ប៉ុន្តែផលដំណាំស្រូវក្នុងខេត្តបាត់ដំបង នៅតែអនុវត្តលើផ្ទៃដីមិនក្រោមផែនការនោះទេ។ ផ្ទុយទៅវិញផ្ទៃដីដាំដុះដំណាំស្រូវ បានកើនឡើងលើសពីផែនការគួរឲ្យកត់សម្គាល់។
នៅក្នុងរដូវកាលដ៏ប្រទាញប្រទង់ផ្នែកអាកាសធាតុឆ្នាំនេះ កសិករនៅតែបានអនុវត្តលើការដាំដុះដំណាំស្រូវវស្សា និងស្រូវបង្កើនរដូវលើផ្ទៃដីសរុប មានចំនួន ៣៥៥៩១១ហិតា ស្មើនិង ១០៦.៩% ខណៈផែនការសរុបរបស់មន្ទីរកសិកម្មខេត្តត្រឹម ៣៣.៥០០០ហិតាប៉ុណ្ណោះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


