ព័ត៌មានជាតិ
ឆ្នាំ២០២៥ កងទ័ពអាមេរិក នឹងផ្តល់វគ្គហ្វឹកហ្វឺនមួយចំនួនដល់កម្ពុជា មុននឹងរៀបចំសមយុទ្ធយោធា«ឆ្មាំអង្គរ»ឡើងវិញ
មេបញ្ជាការរងកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិក ឧត្តមសេនីយ៍ទោ SCOTT A. WINTER បានប្រាប់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ម៉ៅ សុផាន់ ថា នៅឆ្នាំ២០២៥ខាងមុខ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នឹងផ្តល់វគ្គហ្វឹកហ្វឺនមួយចំនួន ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ (SMEE) ដល់កងទ័ពជើងគោកកម្ពុជា មុននឹងឈានដល់ការរៀបចំឡើងវិញនូវលំហាត់ឆ្មាំអង្គរ រវាងកងទ័ពជើងគោកទាំងពីរ។ មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិកទទួលការងារយុទ្ធសាស្រ្ត និងផែនការ នៅមូលដ្ឋានទ័ព SHAFTER រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ប្រាប់ដូច្នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីពេលថ្មីៗនេះ។

គួរឱ្យដឹងថា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែវិច្ឆិកា មេបញ្ជាការកងទ័ពកម្ពុជា បានទៅចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER ដែលជាការផ្ទេរតំណែងពីលោក នាយឧត្តមសេនីយ៍ CHARLES A. FLYNN ទៅឱ្យនាយឧត្តមសេនីយ៍ RONALD P. CLARK។ នៅក្រៅពិធីផ្លាស់ប្ដូរតំណែង លោក ម៉ៅ សុផាន់ បានជួបពិភាក្សាជាមួយលោក ឧត្តមសេនីយ៍ទោ SCOTT A. WINTER ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួបរវាងលោក ម៉ៅ សុផាន់ និងលោក SCOTT A. WINTER សរសេរថា ៖«ឧត្តមសេនីយ៍ទោ SCOTT A. WINTER បានស្វាគមន៍ និងសូមថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានធ្វើដំណើរឆ្លងមហាសមុទ្រ ដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នេះ។ សម្រាប់ឆ្នាំ២០២៥ខាងមុខ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នឹងផ្តល់វគ្គហ្វឹកហ្វឺនមួយចំនួន ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ (SMEE) ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលនេះជាដំណើរការកសាងទំនុកចិត្ត មុននឹងឈានដល់ការរៀបចំឡើងវិញនូវលំហាត់ឆ្មាំអង្គរ រវាងកងទ័ពជើងគោកទាំងពីរ។»។

លោក SCOTT A. WINTER បន្ថែមថា មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER រដ្ឋហាវ៉ៃ គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ខាងមុខ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ កងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ដែលបានអញ្ជើញលោកដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ហើយនេះជាការបោះជំហានថ្មីបន្ថែមក្នុងការកសាងទំនុកចិត្តនិងការជឿជាក់ និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក ស្របតាមលទ្ធផលដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ និងលទ្ធផលជំនួបរវាងលោក ជាមួយនឹង អតីតមេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER នៅប្រទេស FIJIJ។

សូមរម្លឹកថា ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឱ្យគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នា ដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ។
គួរឱ្យដឹងថា សមយុទ្ធយោធា «ឆ្នាំអង្គរ» ជាសមយុទ្ធមួយដែលកម្ពុជា និងអាមេរិក បានចាប់ដៃគ្នាធ្វើជាលើកដំបូង នៅក្នុងឆ្នាំ ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នានៅរៀងរាល់ចុងឆ្នាំនីមួយៗរយៈពេល៧លើកជាប់ៗគ្នា។ សមយុទ្ធ ឆ្មាំអង្គរ ត្រូវបានផ្អាកនៅឆ្នាំ២០១៧។ ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមយុទ្ធយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនបានរៀបចំឡើងឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


