ព័ត៌មានជាតិ
បញ្ចប់ពិធីបុណ្យអុំទូក មហាជនចូលរួម ៦ លាននាក់ ព្រឹកឡើងមិនមានសំរាមដូចមិនមានពិធីបុណ្យ
ការប្រាព្វទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា គឺមានបំណងរើសសំរាមដែលនៅសេសសល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប៉ុន្តែបែរជាមិនមានសំរាមសំរាប់រើសឡើយ។ ទាំងនេះគឺដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម បានចាប់ផ្តើមបោសសំអាចនិងដឹកជញ្ជូនចេញតាំងពីម៉ោង១២ យប់រហូតទល់ភ្លឺ។ នេះបើតាមការបញ្ជាក់របស់លោកហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល និងគណៈអភិបាលរាជធានីភ្នំពេញ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ (សួនច្បារវត្តបុទ្ធវត្តី) ខណ្ឌដូនពេញ។
«ការធ្វើទិវាអនាម័យបរិស្ថាននេះ យើងគិតថា អាចនៅសល់សំរាមតិចតួចដែលយើងត្រូវសំអាតអោយអស់កុំសេសសល់ តែយើងមើលជាក់ស្តែង យើងគ្មានសំរាមរើសទេ»។

លោក ហួត ហៃ បានមានប្រសាសន៍ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ ថែរក្សា ជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថាន។ ផ្តើមចេញពីបុគ្គលម្នាក់ៗ ចេះទទួលខុសត្រូវ លើការទុកដាក់ សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឱ្យបាន ត្រឹមត្រូវ និងដាំដើមឈើ ដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព។
លោក ហួត ហៃ បន្តថា ការប្រាព្ធទិវានេះដែរ ក៏បានរៀបចំឡើងឲ្យត្រូវថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដោយក្នុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណជាង ៦លាននាក់ ឯណោះ មកចូលរួម និងដើរលេងកំសាន្ត។ ដូច្នេះបរិមាណសំរាមត្រូវតែច្រើន ប៉ុន្តែដោយមានក្រុមហ៊ុនប្រមូលសំរាម មន្ត្រីគ្រប់លំដាប់ថ្នាក់ចូលរួមសហការ ដឹកនាំក្នុងប្រមូលសំរាមធ្វើបានល្អមែនទែន។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខណៈប្រារព្វពិធីគឺមិនមានសំរាមទេ។


លោក ហួត ហៃ កោតសរសើរចំពោះក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាមទាំង ៣ មន្ទីរបរិស្ថាន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធ ដែលបានចូលរួមសហការនិងធ្វើសកម្មភាពព្រមៗគ្នា ដែលធ្វើឲ្យរាជធានីភ្នំពេញមានបរិស្ថានល្អស្អាត ហាក់ដូចជាមិនមានព្រះរាជពិធីបុណ្យដែលមានមនុស្សម្នា ចូលរួមរហូតដល់ ៦ លាននាក់។ បន្ថែមពីនេះ លោក ហួត ហៃ ក៏អរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងការទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារប្រមូលសំរាម ទើបទទួលបានជោគជ័យធំធេងដូចពេលនេះ។
ជុំវិញការបោសសំអាតក្នុងព្រះរាជពិធីបុណ្យអុំទូកនេះដែរ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងកម្មករបោសំអាតរបស់មន្ទីរចំនួន ៣៣០ នាក់ សហការជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម ដោយធ្វើការបោស សំអាត តាំងពីម៉ោង ១២ យប់ រហូតដល់ ៧ ព្រឹក ជាមួយនឹងការរថយន្តបាញ់លាងសំអាតចំនួន ១៨ គ្រឿងផងដែរ។
ការប្រាព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា មានអ្នកចូលរួមសរុបចំនួន ១០២៦ នាក់ មកពី មន្ទីរបរិស្ថាន ទីចាត់គ្រប់គ្រងសំណល់ និងបរិស្ថាន អង្គភាពជុំវិញរាជធានី រដ្ឋបាលខណ្ឌទាំង១៤ ប្រជាពលរដ្ឋមកពីខណ្ឌបឹងកេងកង ចំការមន និងដូនពេញ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន សេដ្ឋកិច្ចក្រៅប្រព័ន្ធ គម្រោងស្អាត និង ប្រតិបត្តិករទាំងបីក្រុមហ៊ុន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


