ព័ត៌មានជាតិ
សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ប្ដេជ្ញាសហការជាមួយ គ ប ផ ក និងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវផលិតផលបារីក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ
លោក Vernon Little អគ្គនាយកក្រុមហ៊ុន Huotraco International Limited និងជាប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) បានសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយជាអតិបរិមានូវផលិតផលបារីក្លែងក្លាយ និងខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

ការលើកឡើងរបស់ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC)នេះ បានធ្វើឡើងនៅពេលលោកដឹកនាំគណៈប្រតិភូជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជេីញចូលរួមពីអនុប្រធាន និងសមាជិក គ.ប.ផ.ក. ចំនួន០៩ រូបទៀតដែលជាតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។

លោក Vernon Little បានលើកឡើងអំពីបញ្ហាប្រឈម និងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយវត្តមាននៃផលិតផលបារីក្លែងក្លាយ និងខុសច្បាប់នៅក្នុងទីផ្សារកម្ពុជា។ ក្នុងន័យនេះ ប្រធាន ATIC បានបន្ថែមទៀតថា ខាងសមាគមប្ដេជ្ញាចិត្តក្នុងការសហការជាមួយ គ.ប.ផ.ក. ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយជាអតិបរិមានូវផលិតផលបារីក្លែងក្លាយ និងខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយលោករួមទាំងគណៈប្រតិភូទាំងអស់ ដែលតំណាងឱ្យក្រុមហ៊ុនទាំង០៦ ជាសមាជិកនៃសមាគម បានគាំទ្រយ៉ាងពេញទំហឹងអោយមានកិច្ចសហការល្អរវាងសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា និង គ.ប.ផ.ក. ផងដែរ។

លោក នៅ លក្ខណា ជាប្រធាន គ.ប.ផ.ក. បានថ្លែងអំណរគុណដល់គណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ដែលបានបង្ហាញពីកិច្ចសហការរវាង គ.ប.ផ.ក. និង ATIC ដើម្បីឲ្យមានការឈ្វេងយល់ពីគ្នាទៅវិញទៅមកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក. បានចូលរួមមតិយោបល់យ៉ាងផុសផុលអំពីយន្តការ វិធានការ និងសមត្ថកិច្ចជំនាញ ដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងខុសច្បាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់ជាធរមាន និងបានគាំទ្រអោយមានកិច្ចសហការល្អរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។

ជាកិច្ចបញ្ចប់នៃជំនួបពិភាក្សានេះ ប្រធានគណកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម និងទទួលយកសំណើ សំណូមពរ បញ្ហាប្រឈម ដើម្បីគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ រួមគ្នាដោះស្រាយបន្តទៀត៕






-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម