ព័ត៌មានជាតិ
អង្គការមួយ រៀបចំការប្រគំតន្ដ្រីសប្បុរសធម៌ ដើម្បីយកថវិកាកសាងអគារសិក្សាផ្ដល់ក្ដីសង្ឃឹមដល់កុមារអូទីស្សឹម
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះវិហារព្រះកុមារយេស៊ូ នៃព្រះសហគមន៍កាតូលិក នៅបឹងទំពុន រាជធានីភ្នំពេញ បានរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ផ្ដល់ក្តីសង្ឃឹមដល់កុមារអូទីស្សឹម ដើម្បីរៃអង្គាសប្រាក់សាងសង់អគារសិក្សាកម្ពស់ ១០ជាន់ ជាមជ្ឈមណ្ឌលនៃការអប់រំ និងការថែទាំកុមារដែលមានពិការភាពអូទីស្សឹម ដល់ «សាលាអប់រំពិសេសនៃការលូតលាស់» (GSES)។

លោកស្រី ភោគ ម៉ានី ស្ថាបនិក«សាលាអប់រំពិសេសនៃការលូតលាស់» GSES បានលើកឡើងថា គម្រោងនេះគឺលើសពីអគារសាលារៀនមួយ តែវាជានិមិត្តរូបនៃក្តីសង្ឃឹម និងសមភាព។
ជាមួយគ្នានេះ ក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរធម៌ គឺក្រោមការដឹកនាំផ្នែកសិល្បៈរបស់លោកស្រី Ai Iwasaki ជាអ្នកផលិតចម្រៀងជប៉ុនដ៏ល្បី និងជាផលិតករប្រតិបត្តិនៃគម្រោងល្ខោនអូប៉េរ៉ាកម្ពុជា ព្រឹត្តិការណ៍នេះនឹងមានការបញ្ចូលគ្នានៃតន្ត្រីបុរាណដ៏គួរឱ្យទាក់ទាញ។ ការប្រគំតន្ត្រីនេះមានចំណងជើងថា «A Mozart Spiritual Bouquet» មានការសម្តែងដោយ Cambodia Opera Project និង MusiCA។ ជាមួយនឹងទេពកោសល្យនៃការសម្ដែង ពួកគេមានគោលបំណងបំផុសគំនិតមិនត្រឹមតែការកោតសរសើរចំពោះតន្ត្រីបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុនៃការអប់រំសម្រាប់កុមារដែលងាយរងគ្រោះរបស់កម្ពុជាផងដែរ។

ចំពោះ ប្រាក់ចំណូលទាំងអស់ដែលបានមកពីព្រឹត្តិការណ៍នេះ នឹងផ្តល់មូលនិធិដោយផ្ទាល់ដល់ការសាងសង់អគារសិក្សាថ្មីរបស់ GSES ។ ចំពោះអគារថ្មីកម្ពស់ ១០ជាន់ គឺជាគម្រោងផ្លាស់ប្តូរដែលនឹងមានបន្ទប់ចំនួន ៥០ រួមទាំងថ្នាក់រៀន បន្ទប់ព្យាបាលផ្នែកចលនា បន្ទប់ព្យាបាលផ្នែកញាណ បន្ទប់ថែទាំ និងសូម្បីតែអាងហែលទឹក។ រចនាសម្ព័ន្ធទំនើបនេះ នឹងមិនត្រឹមតែបំពេញតម្រូវការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបរិយាកាសចិញ្ចឹមបីបាច់សម្រាប់ការបណ្តុះបណ្តាលបំណិនជីវិត និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នផងដែរ។ រីឯ តម្លៃប៉ាន់ស្មាននៃអគារនេះគឺ ១,៦៥ លានដុល្លារ ដោយត្រូវការយ៉ាងតិច ១លានដុល្លារសម្រាប់នាំយកក្ដីសុបិន្តនេះក្លាយជាការពិត។

យ៉ាងណាមិញ «សាលាអប់រំពិសេសនៃការលូតលាស់» GSES ជាគំនិតផ្តួចផ្តើម និងដឹកនាំដោយលោកស្រី ភោគ ម៉ានី ស្ថាបនិក និងជាអ្នកសម្របសម្រួល គឺជាគម្រោងដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលយកចិត្តទុកដាក់ចំពោះកុមារដែលមានពិការភាពអូទីស្សឹម។ សាលានេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ បានអភិវឌ្ឍខ្លួនពីផ្ទះមួយមួយល្វែងសម្រាប់បម្រើកុមារតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បនេះ បានកើនសិស្សដល់ចំនួន ៣១៣ នាក់នៅក្នុងថ្នាក់រៀនចំនួន ១៧ ដែលជាអគារជួលចំនួន ៣ ល្វែង៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


