ព័ត៌មានជាតិ
សហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រចំពោះការដាក់ប្រើប្រាស់ QR Code បណ្តឹងអនាមិក ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ
បណ្តាក្រុមសហជីព និងអ្នកជំនាញនៅកម្ពុជា គាំទ្រយ៉ាងពេញទំហឹងលើការដាក់ឱ្យអនុវត្តន៍ QR Code បណ្តឹងអនាមិក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឱ្យសាធារណៈជន និងកម្មករនិយោជិតធ្វើការប្តឹង និងរាយការណ៍ភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការមកកាន់ក្រសួងការងារដើម្បីធ្វើកិច្ចអន្តរគមន៍។

ការលើកឡើងបែបនេះ បន្ទាប់ពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក ដែលជាយន្តការថ្មីមួយសម្រាប់អនុញ្ញាតឱ្យសាធារណជន ក៏ដូចជាកម្មករនិយោជិតអាចធ្វើការប្តឹង ឬរាយការណ៍ពីភាពមិនប្រក្រតីផ្សេងៗដែលពាក់ព័ន្ធវិស័យការងារមកកាន់ក្រសួងការងាដើម្បីសុំកិច្ចអន្តរាគមន៍។ កម្មវិធី QR Code បណ្តឹងអនាមិកមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីសាធារណៈ និងរោងចក្រសហគ្រាសនានា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិករបស់ក្រសួងការងារ គឺជាយន្តការថ្មីស្រឡាងមួយសម្រាប់ឱ្យកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឧស្សាហកម្ម ធ្វើការប្តឹងសុំកិច្ចអន្តរាគមន៍មកកាន់ក្រសួងការងារ ប្រសិនបើខ្លួនប្រទះនឹងភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការរបស់ខ្លួន។
ប្រធានសហជីពរូបនេះមើលឃើញថា QR Code បណ្តឹងអនាមិករបស់ក្រសួងការងារ គឺជាការលើកកម្ពស់សិទ្ធិ និងរក្សាឧត្តមប្រយោជន៍របស់កម្មករនិយោជិត ពីព្រោះវាជាយន្តការដ៏សុវត្ថិភាពមួយនៅពេលដែលកម្មករនិយោជិតទទួលការរំលោភបំពាន មានការរំលោភច្បាប់ពីសំណាក់និយោជកលើអត្ថប្រយោជន៍ផ្សេងៗ នោះពួកគេអាចធ្វើការរាយការណ៍ និងប្តឹងមកកាន់ក្រសួងដើម្បីសុំកិច្ចអន្តរាគមន៍លឿនឆាប់រហ័ស ជាពិសេសនោះ QR Code បណ្តឹងអនាមិកមានការរក្សាឯកជនភាព ដោយមិនបញ្ចេញឈ្មោះបុគ្គលជាម្ចាស់បណ្តឹងនោះទេ។

លោក ហ្វា សាលី ក៏លើកឡើងដែរថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក គឺជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការមកលើសុខទុក្ខរបស់កម្មករនិយោជិត។ ក្នុងនាមជាមេដឹកនាំសហជីពមួយរូបនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យកម្មករនិយោជិតយល់ដឹងឱ្យកាន់តែច្បាស់លើការប្រើប្រាស់ QR Code បណ្តឹងអនាមិករបស់រាជរដ្ឋាភិបាលមួយនេះ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងដែរថា ការដាក់ឱ្យអនុវត្ត QR Cord បណ្តឹងអនាមិកនេះ គឺជាយន្តការរុញសុខទុក្ខកម្មករនិយោជិតមកឱ្យកាន់តែជិតអាជ្ញាធរមានសមត្ថកិច្ច ក្រសួងសមី ដើម្បីរាយការណ៍ និងប្តឹងចំពោះការមិនសុខចិត្ត ការរំលោភបំពានណាមួយដែលធ្វើឱ្យខ្លួនបាត់បង់អត្ថប្រយោជន៍ និងប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ។ យន្តការមួយនេះ គឺសុទ្ធសឹងតែជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលតែងតែគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត និងពលរដ្ឋទូទៅនិយាយដោយឡែក។

លោកបណ្ឌិតរូបនេះបានកត់សម្គាល់ថា QR Code បណ្តឹងអនាមិក គឺផ្តល់សារសំខាន់ជាច្រើនទៅដល់សាធារណជន និងកម្មករនិយោជិត ទី១ ចំណាយពេលវេលាលឿនក្នុងការរាយការណ៍ និងប្តឹងដោយមិនចាំបាច់មានលាយលក្ខណ៍អក្ស និងឆ្លងកាត់នីតិវិធីវែងឆ្ងាយ, ទី២ ពាក្យបណ្តឹង និងការរាយការណ៍ពីភាពមិនប្រក្រតីណាមួយមិនមានការរារាំង ហើយនឹងទៅដល់ដៃថ្នាក់ដឹកនាំនៃក្រសួងដែលទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់, ទី៣ ពាក្យបណ្តឹងមានភាពឯកជនខ្ពស់ ពោលមិនមានការបញ្ចេញឈ្មោះម្ចាស់បណ្តឹង។
ទន្ទឹមនឹងនេះ ប្រសិនបើសាធារណជន ក៏ដូចជាកម្មករនិយោជិតមានចម្ងល់ណាមួយពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមធ្វើការទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


