ព័ត៌មានជាតិ
ខេត្តព្រះសីហនុ មានអគារកម្ពស់ ៤០ ជាន់ ចំនួន ៦ អគារ ក្នុងចំណោមអគារខ្ពស់ៗសរុបជាង ៦០០ អគារ
បើតាមមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យកម្ពុជាថ្មីដឹងថា នៅខេត្តព្រះសីហនុមានអគារខ្ពស់ៗសរុបចំនួន ៦០៨ អគារ ក្នុងនោះអគារដែលមានកម្ពស់ខ្ពស់ចាប់ពី ៤០ ជាន់ឡើងទៅសរុបមានចំនួន ៦ អគារ។
លោក ឃាង ភារម្យ មន្រ្តីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មីថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ខេត្តព្រះសីហនុមានសំណង់អគារខ្ពស់ៗសរុបមានចំនួន ៦០៨ អគារ។ ក្នុងចំណោមនោះ អគារខ្ពស់ៗចាប់ពី ៥ ជាន់ ទៅ ៩ ជាន់ មានចំនួន ២៨០ អគារ, កម្ពស់ចាប់ពី ១០ ជាន់ទៅ ១៩ ជាន់មានចំនួន ២៣១ អគារ, កម្ពស់ចាប់ពី ២០ ជាន់ទៅ ២៩ ជាន់មានចំនួន ៦៣ អគារ, កម្ពស់ពី ៣០ ជាន់ទៅ ៣៩ ជាន់មានចំនួន ២៨ អគារ និងពី ៤០ ជាន់ឡើងទៅមានចំនួន ៦ អគារ។

ពាក់ព័ន្ធបញ្ហាសំណង់អគារជាប់គាំងនៅខេត្តព្រះសីហនុដែលផ្អាកការសាងសង់ ហើយបើតាមរបាយការណ៍មានរាប់រយអគារ មន្រ្តីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានបញ្ជាក់ថា រដ្ឋាភិបាលដាក់ចេញចំណាត់ការ ដោយបង្កើតក្រុមការងារពិសេសដើម្បីជំរុញឲ្យវិនិយោគិនឲ្យបន្តដំណើរការសាងសង់ឡើងវិញ។
កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែលបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ បង្កើតជំនឿទុកចិត្ត និងសម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោងរបស់វិនិយោគិន រួមទាំងលើកកម្ពស់បរិយាកាសវិនិយោគ ព្រមទាំងទាក់ទាញគម្រោងវិនិយោគសក្តានុពល។
ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២៤ បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដោះស្រាយផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុមានចំនួន ១០៣ គម្រោង ដែលមានទុនវិនិយោគសរុប ២ ៥១០ លានដុល្លារអាម៉េរិក។
នៅខេត្តព្រះសីហនុបើតាមមន្រ្តីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានអះអាងថា មានអគារជាប់គាំងសរុប ៥២៧ អគារ ខណៈអគារដែលជាប់គាំងចំនួន ១០៣ អគារ បានទទួលការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល ដើម្បីចាប់ផ្ដើមបន្តដំណើរការសាងសង់ឡើងវិញ។
ឆ្លើយតបសំនួររបស់កម្ពុជាថ្មី ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងចំណោមគម្រោងអគារជាប់គាំងចំនួន ១០៣ គម្រោងនៅខេត្តព្រះសីហនុ ដែលទទួលបានលើកទឹកចិត្តពិសេសដើម្បីវិនិយោគបន្ត បច្ចុប្បន្នមានគម្រោងអគារជាប់គាំងជាង ៤០ បានកំពុងដំណើរការសាងសង់បន្ត ខណៈមួយចំនួនទៀតកំពុងបន្តនីតិវិធីក្នុងការឈានទៅបើកការដ្ឋានសាងសង់ឡើងវិញ។
លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ ពោលគឺរាល់គម្រោងវិនិយោគដែលបានផ្អាក ពន្យារ និងពុំមានសកម្មភាព ធ្វើយ៉ាងណាជំរុញឲ្យដំណើរការសកម្មភាពវិនិយោគឡើងវិញ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


