ព័ត៌មានជាតិ
ប.ស.ស តម្រូវឲ្យមូលដ្ឋានសុខាភិបាលអនុវត្ត ១០ ចំណុច ដើម្បីផ្ដល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានតម្រូវឲ្យមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ទាំងអស់ ត្រូវអនុវត្តតាមរំហូរចំនួន ១០ ចំណុច ដើម្បីផ្ដល់សេវាសុខាភិបាលប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស។

នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈសេចក្ដីណែនាំស្ដីពី«ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស» របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក នាយក និងប្រធានមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ទាំងអស់ ឲ្យបានជ្រាបថា ដើម្បីផ្ដល់សេវាសុខាភិបាលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស មូលដ្ឋានសុខាភិបាល ត្រូវអនុវត្តតាមរំហូរដូចខាងក្រោម ៖ ១.សាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាល ដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក ប.ស.ស។ ២.ត្រូវប្រតិបត្តិតាមបទដ្ឋានស្តង់ដារ នៃការបែងចែកជំងឺដោយផ្អែកលើលទ្ធផល នៃការវាយតម្លៃអំពីកម្រិត នៃភាពធ្ងន់ធ្ងររបស់អ្នកជំងឺដែលកំណត់ដោយក្រសួងសុខាភិបាល។ ៣.ធ្វើការកំណត់អត្តសញ្ញាណសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។ ៤.ប្រើប្រាស់ថ្នាលបច្ចេកវិទ្យាគាំពារសុខភាពសង្គមលើវេបផតថល H-SPIS (Health-Social Protection Information System) ឬ កម្មវិធីលើទូរសព្ទដៃ NSSF Agent App ដើម្បីកំណត់អត្តសញ្ញាណ និងពិនិត្យសុពលភាពកាតរបស់សមាជិក ប.ស.ស។ ៥.ឲ្យសមាជិក ប.ស.ស ស្កែនខ្មៅដៃមុនពេលបោះពុម្ពទម្រង់លិខិតប្រើប្រាស់សេវាសុខាភិបាល (Patient Form) លើកលែងករណីសង្គ្រោះបន្ទាន់។ ៦.ធ្វើការជ្រើសរើសមុខងារនីមួយៗ តាមស្ថានភាពជំងឺ និងប្រវត្តិ នៃការចូលព្យាបាលរបស់ជំងឺជាសមាជិក ប.ស.ស ក្នុងប្រព័ន្ធ H-SPIS។ ៧.ពន្យល់ណែនាំពីផលវិបាកដែលសមាជិកចូលប្រើប្រាស់សេវាព្យាបាលច្រើន ឬ មានភាពមិនប្រក្រតី (អាចមានបញ្ហាសុខភាពមិនជាក់លាក់ ឬ ការមកសុំបើកថ្នាំ ឬ ការមកសុំវេជ្ជបញ្ជា)។ ៨.ករណីប្រព័ន្ធ H-SPIS មិនអនុញ្ញាតឲ្យបោះពុម្ពលិខិតប្រើប្រាស់សេវាសុខាភិបាល ប៉ុន្តែស្ថានភាពជំងឺជាក់ស្ដែង ត្រូវការព្យាបាល សូមធ្វើការទំនាក់ទំនងមកកាន់ ប.ស.ស (Hotline 1286 ឬ 1297)។ ៩.បន្តផ្តល់សេវាព្យាបាលទៅកាន់សមាជិក ប.ស.ស តាមរំហូរពិគ្រោះជំងឺក្រៅ សម្រាកពេទ្យ សង្គ្រោះបន្ទាន់ និងករណីបញ្ជូន ដោយប្រតិបត្តិតាមបទដ្ឋានស្តង់ដារ នៃការបែងចែកអ្នកជំងឺ។ ១០.ត្រូវផ្ដល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬ សេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និង ទាន់ពេលវេលា ជូនសមាជិក ប.ស.ស។

ប.ស.ស សង្ឃឹមយ៉ាងមុតមាំថា ក្នុងភាពជាដៃគូល្អនឹងគ្នា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក នាយក និងប្រធានមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ទាំងអស់ សូមមេត្តាចូលរួម អនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់ឲ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស និងដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


