ព័ត៌មានជាតិ
ឆ្មាំទន្លេអភិរក្សផ្សោត ៣ រូប ត្រូវបានបញ្ចប់តួនាទី ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទ
រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចបញ្ចប់តួនាទី ភារកិច្ច ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ ចំនួន៣រូប។

ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅខេត្តក្រចេះ កាលពីសប្ដាហ៍មុន កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានក្រើនរំឭកឆ្មាំទន្លេនៅតំបន់អភិរក្សសត្វផ្សោតកាំពី អំពីតួនាទី ភារកិច្ច និងភាពស្មោះត្រង់ ដែលឆ្មាំទន្លេម្នាក់ៗត្រូវប្រកាន់ខ្ជាប់ ដើម្បីថែរក្សាសត្វផ្សោតដែលជារតនសម្បត្តិរបស់ជាតិឲ្យបានគង់វង្ស។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការឃុបឃិតណាមួយរវាងឆ្មាំទន្លេ ជាមួយអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេស ឧបករណ៍ឆក់ មងក្រឡាធំ និងសន្ទូចរនងជាដើម គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។ និងថា បុគ្គលប្រព្រឹត្តល្មើស នឹងត្រូវដកចេញពីសមាសភាពឆ្មាំទន្លេអភិរក្សសត្វផ្សោតភ្លាម ដោយមិនទុកយូរឡើយ។

ការសម្រេចដកឆ្មាំទន្លេនៅតំបន់កាំពីចំនួន៣រូបនាពេលនេះ ត្រូវបានកញ្ញា អ៊ឹម រចនា ពន្យល់ថា ធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ ទាំងតាមរយៈការស៊ើបអង្កេតរបស់មន្ដ្រីជំនាញនៃក្រសួងផង និងតាមរយៈសម្ដីផ្ទាល់របស់ជនសង្ស័យក្នុងបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ដែលបានបង្ក្រាបនាពេលថ្មីៗនេះផង។
បើតាមអនុរដ្ឋលេខាធិការរូបនេះ ការអភិរក្សធនធានជលផល គឺជាការងារដែលក្រសួងផ្ដល់អាទិភាព មិនចាញ់ការងារដទៃទៀតឡើយ ជាពិសេសការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។
មន្ត្រីដដែលរូបនេះបាន គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ចំពោះសុខទុក្ខរបស់ឆ្មាំទន្លេដែលចុះល្បាត ២៤ម៉ោង លើ២៤ម៉ោង ជារៀងរាល់ថ្ងៃ និងបន្តជំរុញការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាប់ជាប្រចាំ ដើម្បីនិរន្ដរភាពធនធានជលផលនៅកម្ពុជា។
អ្នកនាំពាក្យរូបនេះ ក៏បានបន្តលើកទឹកចិត្តដល់ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ បន្តការងាររបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


