ព័ត៌មានជាតិ
លំហាត់ហ្វឹកហ្វឺនយោធាកម្ពុជា-អាមេរិក រំពឹងថា អាចនឹងធ្វើឡើងវិញក្នុងឆ្នាំ២០២៦
កម្ពុជា សង្ឃឹមថា លំហាត់ហ្វឹកហ្វឺនយោធាមួយសហរដ្ឋអាមេរិក អាចនឹងត្រូវធ្វើឡើងវិញនៅឆ្នាំក្រោយ ខណៈភាគីទាំងពីរ បានបង្ហាញឆន្ទៈបន្តកសាងទំនុកចិត្តជាមួយគ្នា ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពប្រទេសទាំងពីរ ពិសេសការស្វះស្វែងពិនិត្យលទ្ធភាពរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោយផ្អាកតាំងពីឆ្នាំ២០១៧។

ក្ដីសង្ឃឹមនេះ ត្រូវបានបង្ហាញដោយអគ្គមេបញ្ជាការកងទ័ពកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងពេលទទួលនាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកវរសេនីយ៍ទោ Kyle Saltzman នាព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២៥ នៅអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា នៅឆ្នាំ២០២៦ខាងមុខ កងទ័ពនៃប្រទេសទាំងពីរ នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដាក់ការសង្ឃឹមដូច្នេះ ដោយកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានភាពល្អប្រសើរ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយដំណើរមកកាន់កម្ពុជារបស់អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន ក៏ដូចជាដំណើរទស្សនកិច្ចមន្ត្រីយោធាជាន់ខ្ពស់ប្រទេសទាំងពីរ ក៏ដូចជាការចូលចតនាវាសហរដ្ឋអាមេរិកនៅកំពង់ផែកម្ពុជាជាដើម។

វរសេនីយ៍ទោ Kyle Saltzman នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិក បានអរគុណលោកអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការគាំទ្រដល់អនុព័ន្ធយោធាអាមេរិក ដែលកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យប្រសើរឡើងវិញ ហើយកិច្ចការនេះស្តែងឡើងតាមរយៈការទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចនៅកម្ពុជារបស់មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក និងមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កាលពីពេលថ្មីៗនេះ។
ជាការរម្លឹក ជំនួបកាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលនាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ (Samuel J.Paparo) មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា, ភាគទាំងពីរ បានជជែកគ្នាលើការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសទៅលើកិច្ចសហប្រតិបត្តិការយោធា។

ពេលជួបជាមួយមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការទ័ពកម្ពុជា ចង់ឱ្យភាគីអាមេរិកបង្កើតក្រុមការងារសន្ទនាទ្វេភាគីជាមួយកម្ពុជា ក្នុងគោលបំណងងាយស្រួលប្រាស្រ័យទាក់ទងគ្នា ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត គ្រប់ប្រភេទទ័ព បង្កើនវគ្គបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា ហើយជាពិសេសគឺការពិនិត្យពិភាក្សាលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញ គឺសមយុទ្ធឆ្មាំអង្គរ និងសមយុទ្ធទេវតាប៉ាស៊ីហ្វិក។ ខណៈលោកនាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ ក៏បានបង្ហាញពីបំណងនៅក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ពិសេសក្នុងការធ្វើសមយុទ្ធរួមគ្នាឡើងវិញនេះតែម្ដង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


