ព័ត៌មានជាតិ
លោក ប្រាក់ សុខុន រំលឹករឿងរ៉ាវកាលពី៤៦ឆ្នាំមុន «រឿងរត់គេចចេញពីគ្រាប់ផ្លោង ភ័យរន្ធត់ មិនអាចបំភ្លេចបាន»
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី២៩ ខែមេសានេះបានសរសេររំលឹករៀបរាប់ពីបទពិសោធ និងរឿងរ៉ាវជីវិរបស់លោកកាលពី៤៥ឆ្នាំមុននៅលើហ្វេសប៊ុក។ ជារឿងរ៉ាវភ័យរន្ធត់ប្រឹងរត់លូនក្រាបគេចចេញពីគ្រាប់ផ្លោង ក្នុងគ្រាមួយដែលមានកងទ័ពរំដោះវាយប្រហារមកលើកងទ័ពអាវខ្មៅខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៧៩។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរៀបរាប់រំលឹករឿងរ៉ាវនាពេលនោះថា៖ «ព្រឹកថ្ងៃនោះ ម៉ោងប្រហែលជិត៦ ខ្ញុំចុះទៅងូតទឹកលាងខ្លួនលុបមុខក្នុងស្ទឹង ដុសធ្មេញនឹងសំបកឈើ យកក្រមាជូតខ្លួន និងម្រាមដៃវែកសក់ ហើយក៏ឡើងមកជួបជុំគ្នាត្រៀមទៅធ្វើការដូចសព្វដង។ ប៉ុន្តែ ជាងបីខែចុងក្រោយនេះ ក្រៅពីម៉ោងការងារ អ្វីៗមិនដូចសព្វដងទៀតឡើយ។ ប៉ុន្មានថ្ងៃមុន មិនដឹងជាបានការណ៍ពីណាមកទេ សារឿន ជាអ្នកមកខ្សឹបពួកយើងថា”ថ្ងៃ២៩នេះហើយៗ”។ កម្លាំងថ្មី ទាំងយោធា ទាំងប្រជាជនដែលច្រាលមកពីទិសនិរតី និងបូព៌ា ចេញចូលតំបន់លាច ប្រៀបដូចអ្នកដំណើរវង្វេងផ្លូវ វង្វេងទិស ឬដូចហ្វូងស្រមោចរត់គេចទឹកជំនន់ដែលគេដឹងច្បាស់ថានឹងជិតមកដល់។ ខុសគ្នានឹងហ្វូងស្រមោច កម្លាំងពីទិសផ្សេងៗ កម្ចាត់គ្នាជាបន្តបន្ទាប់ដោយសារការមិនទុកចិត្តគ្នា សង្ស័យគ្នាទៅវិញទៅមក មិនដឹងច្បាស់ថាក្រុមណាអាចក្បត់ក្រុមណា»។

លោក ប្រាក់ សុខុន រំលឹកទៀតថា ចម្ការបាក់ត្រកួនក៏មានមនុស្សប្លែកៗចេញចូល ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានក្រុមអាវខ្មៅប្រមាណជា៣០នាក់មកស្នាក់ និងធ្វើចម្ការក្បែរនឹងភូមិដ្ឋានដែលលោក និងអ្នកភូមិផ្សេងទៀតរស់នៅតាមបណ្តោយមាត់ស្ទឹង។ ពួកគេមានវិន័យខ្ពស់ណាស់ មិនខុសពីយោធាទេ គ្រាន់តែមិនមានអាវុធកាន់ មានតែទៃអង្ករតាមខ្លួន បញ្ជាក់ថា ពួកគេជាអ្នកត្រៀមខ្លួនចល័តជានិច្ច មិននៅមួយកន្លែង ឯការធ្វើចម្ការរបស់ពួកគេ គ្រាន់តែរង់ចាំផែនការថ្មីពីថ្នាក់លើប៉ុណ្ណោះ។ ហូបបបរថ្ងៃត្រង់រួច លោកក៏មកសម្រាកមិនឆ្ងាយពីរោងបាយ។ ចុងភៅនៅដាំស្លបន្ត មានខ្ទះ និងឆ្នាំងធំៗ ដាំបាយ និងដាំទឹកបម្រុងស្លស្លុក ជាបាយរបស់ក្រុមអាវខ្មៅ។ តែនិយាយទៅ ក្រុមរបស់លោក ប្រាក់ សុខុន ក៏អាវខ្មៅដូចគ្នាដែរ ខុសតែសម្បុរ និងសាច់ក្រណាត់ មិនល្អដូចរបស់ក្រុមគេ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ម៉ោង១ថ្ងៃត្រង់ ក្រុមអាវខ្មៅនោះ បានមកតម្រង់ជួរ ដោះទៃអង្ករពីខ្លួនទៅព្យួរតាមជញ្ជាំងរោងបាយ ខ្លះលីចប ខ្លះកាន់កាំបិត គ្មាននរណានិយាយអ្វីជាមួយនរណាទេ។ លោក ប្រាក់ សុខុន ដឹងច្បាស់អំពីម៉ោងនេះ ព្រោះពួកគេតែងចាប់ផ្តើមធ្វើការងាររសៀលនៅម៉ោង១នេះឯង។ ពេលនោះ លោកឈរមើលពួកគេតម្រៀបជួរ ស្រាប់ស្នូរផ្ទុះលាន់ដូចរន្ទះ ធ្វើឱ្យលោកភ្ញាក់ក្រញាងតែម្តង។
ត្រង់ចំណុចនេះ លោក ប្រាក់ សុខុន បានពោលឡើងថា៖«ខ្ញុំងាករកមើលប្រភពរបស់វាមិនទាន់ឃើញផង ស្រាប់តែឮស្នូរផ្ទុះបន្តបន្ទាប់ ទំនងជាគ្រាប់ផ្លោងចូលមិនឆ្ងាយពីទីតាំងភូមិ ធ្វើឱ្យរង្គើដី ផ្អើលពួកយើងស្រែកសួរគ្នាដោយស្លន់ស្លោ។ ផុតការភាំងស្មារតី ៤-៥វិនាទី ខ្ញុំក៏ងាកមកខាងក្រុមអាវខ្មៅ តែបាត់ពួកគេអស់ ទៃអង្ករក៏បាត់ពីជញ្ជាំងរោងបាយ។ ប្រឹងមើលតាមចន្លោះដើមឈើ ក៏ឃើញពួកវាកំពុងរត់ឆ្លងស្ទឹង បែកទឹកសំពោង ខ្លះដល់ត្រើយម្ខាងស្រេច ខ្លះកំពុងប្រឹងជ្រែកផ្លូវទឹកត្រឹមចង្កេះ ដៃលើកទៃអង្ករកុំឱ្យទទឹក។ ក្រឡេកមកក្នុងភូមិវិញ ក៏នឹកឃើញ ម៉ៅ និងអ៊ុំថុល ម្តាយរបស់គេ។ ខ្ញុំរត់ទៅរកផ្ទះខ្ទមរបស់គេ ក៏ជួបគ្នាពាក់កណ្តាលផ្លូវ មុខស្លេកស្លាំងនិងក្រសែភ្នែកពោរពេញទៅដោយសំនួរ និងការភិតភ័យ។ ខ្ញុំធ្វើដៃ និងប្រាប់គាត់ថា ទៅមុនទៅ ទៅចាំខ្ញុំនៅមាត់ស្ទឹង កុំអាលទៅណាទៀត។ ទាំងពីរនាក់ម្តាយកូនក៏ធ្វើតាមខ្ញុំប្រាប់ ទាញដៃគ្នាតម្រង់ទៅរកស្ទឹង ឯខ្ញុំងាកទៅរកជង្រុកស្រូវ យកក្រមាព័ទ្ធចង្កេះ ស្រាតខោក្របួចជើង បារអង្ករច្រកចូលជើងខោ ហើយយកមកពាក់នឹងក ក្រឡេកមើលឆ្វេងស្តាំក្រែងមានអីអាចយកបានទៀត រួចស្ទុះចេញមកវិញ ចំពេលដែលយន្តហោះប្រតិកម្ម មីក ២គ្រឿងហោះឆាបភូមិ លាន់ទ្រហឹង ឆ្ពោះទៅទិសដែលក្រុមអាវខ្មៅរត់ទៅមុននេះបន្តិច»។

លោក ប្រាក់ សុខុន បន្តថា អ្នកប្រជាជនថ្មីជាងម្ភៃគ្រួសារក៏មកជួបជុំគ្នានៅមាត់ស្ទឹង យកច្រាំងជារបាំងការពារខ្លួន។ ស្នូរគ្រាប់ផ្លោងបានស្ងាត់ទៅវិញ។ សម្លឹងទៅត្រើយម្ខាងស្ទឹង មិនឃើញស្រមោលពួកអាវខ្មៅទេ ប្រឹងស្តាប់ខាងភូមិក៏មិនឮសម្លេងអីចម្លែកដែរ។ លុះប្រហែល១ម៉ោងក្រោយមក លោកក៏ដាច់ចិត្តបបួលគ្នា២នាក់ត្រឡប់ទៅភូមិវិញ ស៊ើបសភាពការណ៍ តើវាយ៉ាងម៉េចទៅហើយ។ ទៅដល់ភូមិ ស្ងាត់ជ្រងំ មានតែជ្រូក និងមាន់ប៉ុន្មានក្បាលដើររកចំណី។ មើលផ្ទះដែលធ្លាប់នៅ ក៏លែងចង់ស្គាល់ គ្រាន់តែការរត់ចោលទាំងតក់ក្រហល់មួយរសៀលសោះ។ លោក ប្រាក់ សុខុន និងប្រជាពលរដ្ឋផ្សេងទៀតបានសម្រេចចិត្តថា មិនឆ្លងស្ទឹងទេ ហើយនាំគ្នាសម្រាកនៅលើដីខ្សាច់បាតស្ទឹងខែប្រាំង១យប់សិន។
លុះដល់ល្ងាចបន្តិច លោកបានបបួលប្រុសៗត្រឡប់ចូលភូមិម្តងទៀត លើកនេះមានគ្នាច្រើន ដើម្បីចាប់មាន់ ចាប់ជ្រូកធ្វើម្ហូប។ អ្វីៗមិនស្រួលដូចគិតទេ គឺនាំគ្នាដេញព័ទ្ធចាប់ជ្រូក ហក់កន្ទ្រប់ចាប់មាន់ ខ្លះគប់នឹងអង្កត់ឧស ទម្រាំបានមួយៗ ហត់ដកដង្ហើមសឹងមិនដល់គ្នា។ លោក និងពលរដ្ឋដទៃទៀត នានយកសត្វដែលចាប់បាន មកធ្វើនៅមាត់ស្ទឹង បង្កាត់ភ្លើង យកខ្ទះ និងឆ្នាំងធំៗពីរោងបាយមកចម្អិន និងចែកគ្នាហូបដល់យប់ជ្រៅ។ លោកថា នេះ គឺលើកទីមួយហើយដែលរូបលោក និងពលរដ្ឋផ្សេងទៀត ហូបឆ្ងាញ់ និងឆ្អែតបែបនេះ។ នាគ្រាដ៏អស្ចារ្យនោះ ម្នាក់ៗភ្លេចអស់ភ័យ ភ្លេចខ្លាចពួកមេកង មេក្រុមដែលរត់ចោលទីតាំង និងភូមិស្រុកបាត់អស់។ លុះម្នាក់ៗពោះតឹងផ្អឹះ ទើបនាំគ្នាជជែកពីអនាគត។
លោក ប្រាក់ សុខុន បន្តរំលឹកទៀតថា៖ «ពួកយើងងាកសួរគ្នា៖”យើងត្រូវរំដោះហើយមែន?” ខ្លះទៀតមិនអស់ចិត្ត “តិចយួនមកសម្លាប់យើងដូចពួកវាថាទៅ? ធើមេចទៅហ្ន៎?” “តិចពួកវាមកវិញយប់នេះ អារកយើងគ្មានសល់ទេ”! ពេលនោះជាពេលដែលទាំងអស់គ្នាអរផង ភ័យផង រំជើបរំជួលចិត្ត មិនដឹងគិតយ៉ាងម៉េចឱ្យត្រូវ។ ធ្មេចភ្នែកតែដេកមិនលក់ គំនិតរាប់សិបវិលវល់ ជ្រួលច្របល់ក្នុងខួរ។ មុនខ្ញុំដេកលក់នាយប់នោះ ខ្ញុំនឹកដល់ព័ត៌មានដែល សារឿន បាននាំមកថា របបខ្មែរក្រហមនៅលាច ត្រូវបានបញ្ចប់មែន នៅថ្ងៃទី ២៩ ខែមេសា ១៩៧៩»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


