ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងរ៉ែ៖ សង្គមសម័យទំនើប យុវជនត្រូវសិក្សាអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរ
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតប្រមាណ ២០០ នាក់ ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញនៅព្រឹកមិញនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានជំរុញដល់យុវជនឲ្យជ្រើសរើសជំនាញសិក្សាដែលត្រូវបរិបទសង្គម និងបន្តសិក្សាអភិវឌ្ឍជំនាញជាប់ជាប្រចាំ ខណៈដែលពិភពលោកមានការវិវឌ្ឍន៍ផ្លាស់ប្តូរកាន់តែជឿនលឿនទៅមុខ។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មើលឃើញថា ពិភពលោកបច្ចុប្បន្នបានឈានដល់របត់ថ្មីនៃការផ្លាស់ប្ដូរកាន់តែវិវឌ្ឍន៍ជឿនលឿនទាំងចំណេះដឹង ព័ត៌មាន និងសកម្មភាពរស់នៅប្រចាំថ្ងៃ។
ដោយធ្លាប់ឆ្លងកាត់ការសិក្សាទាំងក្នុងប្រទេស និងក្រៅប្រទេស រួមទាំងបទពិសោធន៍ការងារលើវិស័យជាច្រើន លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ក្នុងបរិបបទសង្គមដូចបច្ចុប្បន្ននេះ ព័ត៌មាននិងចំណេះដឹងប្រែប្រួលលឿនណាស់ សូមយុវជនបន្តរៀនសូត្រ និងត្រូវបន្តរៀនសូត្រជាប់ជាប្រចាំ បើបញ្ឈប់ការរៀនសូត្រ និងមិនអាចប្រកួតប្រជែងជាមួយគេបានទេនៅថ្ងៃក្រោយ»។
ដើម្បីតាមទាន់ចរន្តប្រែប្រួលរបស់ពិភពលោក លោករដ្ឋមន្រ្តីបានបង្ហាញផ្លូវដល់យុវជនត្រូវមានចំណេះដឹងមូលដ្ឋានមួយចំនួន ដើម្បីត្រៀមខ្លួនប្រឡូកក្នុងសង្គម និងអាចឈរជើងរឹងមាំក្នុងបរិយាកាសកាន់តែមានការប្រកួតប្រជែងគ្នាខ្ពស់។
«ពីឥឡូវនេះ មនុស្សម្នាក់អាចដូរការងារច្រើនកន្លែង ដូច្នេះដើម្បីសម្របតាមការផ្លាស់ប្តូរនៃសង្គម យុវជនត្រូវរៀបចំខ្លួន ពង្រឹងសមត្ថភាពចំណេះដឹងជាមូលដ្ឋានដូចជា ភាសាបរទេស មុខវិទ្យាកុំព្យូទ័រ រួមទាំងជំនាញភាពជាអ្នកដឹកនាំ ដើម្បីអាចត្រៀមខ្លួនបានល្អក្នុងការចូលទៅប្រឡូកក្នុងគ្រប់ទិដ្ឋភាពសង្គមដែលនឹងផ្លាស់ប្តូរនៅពេលខាមុខ»។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានលើកឡើងពីទស្សនៈថា សាលាល្អជាមាគ៌ាឆ្ពោះទៅជោគជ័យ លោកយល់ឃើញថាក៏មិនគ្រប់គ្រាន់នោះដែរ។ ជោគជ័យសម្រេចទៅបាន ទាមទារមានការប្រឹងប្រែងពីបុគ្គលម្នាក់ៗ។


លោកលើកឡើងដូច្នេះថា រៀននៅសាលាល្អអាចនិយាយបានថាជាឱកាស ប៉ុន្តែ៧០% លោកឲ្យតម្លៃទម្ងន់លើបុគ្គលម្នាក់ៗច្រើនជាង ដែលត្រូវប្រឹងប្រែង ការប្តេជ្ញាចិត្តខ្ពស់ គួបផ្សំការជំរុញលើកទឹកចិត្តពីគ្រួសារ។
ក្នុងចំណោមនិស្សិតជាង ២០០ នាក់ ដែលទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅព្រឹកមិញនេះ កញ្ញា ហេង ពេជ្រសូលីដា ដែលបានបញ្ចប់ការសិក្សាផ្នែកជំនាញគ្រប់គ្រងធុរកិច្ចបានឲ្យដឹងថា ការដែលកញ្ញាជ្រើសរើសជំនាញនេះ ដោយសារមូលដ្ឋានគ្រួសាររបស់កញ្ញាជាអ្នករកស៊ី ទើបចាប់យកជំនាញត្រូវបរិបទក្នុងគ្រួសារ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។
យុវតីរូបនេះបានអះអាងថា ក្នុងបរិយាកាសសង្គមបច្ចុប្បន្ននេះ ការសិក្សាជំនាញណាមួយក៏ត្រូវផ្សារភ្ជាប់ចំណេះដឹងបច្ចេកវិទ្យា។
បច្ចេកវិទ្យាថ្មីៗ ត្រូវបានប្រើប្រាស់ក្នុងសង្គមរស់នៅប្រចាំថ្ងៃ ហើយការបង្កើតមុខរបរបច្ចុប្បន្នក៏ត្រូវផ្សារភ្ជាប់ចំណេះដឹងផ្នែកបច្ចេកទេស ទើបអាចឲ្យអាជីវកម្មជោគជ័យទៅបាន។ យុវតី ហេង ពេជ្រសូលីដា បញ្ជាក់បន្ថែម។
ដោយសិក្សាជំនាញផ្នែកច្បាប់រយៈពេល ៤ ឆ្នាំ កញ្ញា ខេន ចិត្តទិត្យរិទ្ធិកា ប្រាប់ថា ការដែលកញ្ញាជ្រើសរើសចាប់យកជំនាញផ្នែកច្បាប់នេះ ដោយសារការស្រលាញ់ចូលចិត្ត រួមទាំងមានការជំរុញពីឪពុកម្តាយផងដែរ។
ក្រោយទទួលបានសញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាអាមេរិកាំងភ្នំពេញ កញ្ញា ខេន ចិត្តទិត្យរិទ្ធិកា ប្រាប់ថា ក្នុងអំឡុងពេលកំពុងសិក្សានៅក្នុងសាលា កញ្ញាបានចេញទៅដុសខាត់អនុវត្តការងារជាក់ស្តែងនៅខាងក្រៅ ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀត។
ក្នុងរយៈពេល ៤ ឆ្នាំដែលសិក្សាជំនាញផ្នែកច្បាប់នៅសាកលវិទ្យាល័យ កញ្ញា ខេន ចិត្តទិត្យរិទ្ធិកា បានចុះអនុវត្តការងារនៅក្រុមហ៊ុនផ្នែកច្បាប់មួយ ហើយតាមរយៈបទពិសោធន៍ការងារ រួមទាំងការទទួលបានការបណ្តុះបណ្តាលជំនាញពីសាលា បានធ្វើឲ្យកញ្ញាមានមូលដ្ឋានគ្រឹះលើជំនាញផ្នែកច្បាប់ ដែលថ្ងៃអនាគតកញ្ញាចង់ប្រើប្រាស់ចំណេះដឹងផ្នែកច្បាប់សម្រាប់អាជីពការងារ និងឈានទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននៅពេលសមត្ថភាពកាន់តែរឹងមាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


