ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបម្រើពលរដ្ឋអស់ពីចិត្តថ្លើម
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងថា «សត្រូវរបស់យើងធំជាងគេ គឺភាពក្រីក្រ ក្នុងនាម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលទើបទទួលបានតំណែងថ្មី ត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព គ្មានទេពាក្យថានឿយហត់ គ្មានទេពាក្យថាលំបាក ដើម្បីបម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម»។

ការលើកឡើងនេះ ក្នុងឱកាស លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងក្នុងពិធីតែងតាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីថ្មី លោក ធន សារី ដែលផ្លាស់ចេញពីអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ជំនួស លោក យន់ សារ៉ោម ប្រធានមន្ទីរចាស់សុំឈប់លាលែងពីតំណែង កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

នាឱកាសនោះ លោក ឆាយ ឬទ្ធិសែន លើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ០៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ដ៏ម៉ឺងម៉ាត់ ថែរក្សាកេរដំណែលជាតិ ដូច្នេះ ក្នុងនាម មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន កសាងសមិទ្ធផលដែលមានស្រាប់ និងព្យាយាមបំពេញតួនាទីកាតព្វកិច្ចខ្លួនឲ្យបានល្អ។

លោករដ្ឋមន្ត្រី បន្តទៀតថា ខេត្តមណ្ឌលគិរី គឺជាខេត្តភូមិភាគឦសាន សម្បូរទៅដោយជនជាតិដើមភាគតិច។ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើតជាសហគមន៍លើកស្ទួយជនជាតិដើមភាគតិចជាងគេ ក្នុងនោះ គឺមាន ១៥ ខេត្ត ទូទាំងប្រទេសផងដែរ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ជនបទ តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។ ដូច្នេះ ក្នុងនាមមន្ត្រីជំនាញ មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវប្រឹងប្រែងស្ថាបនា មិនថា ផ្លូវលំ ផ្លូវបេតុង ឬឈានដល់ផ្លូវចាក់កៅស៊ូ ព្រោះវាជាសរសៃឈាមតែមួយគត់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

ជាមួយនេះ លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដែលទើបតែទទួល មុខតំណែងថ្មី បានធ្វើការប្ដេជ្ញាចិត្ត បំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរថា តួនាទីដែលទទួលបាននៅពេលនេះ លោកនឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញភារកិច្ចជាសេនាធិការបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុចរិត ជូនក្រសួងអភិវឌ្ឍន៍ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីចូលរួមអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ០១។ ក្នុងនោះ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងចិរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ០៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

លោកប្រធានមន្ទីរថ្មី លើកឡើងទៀតថា លោកនឹងខិតខំដឹកនាំមន្ត្រីក្នុងការអនុវត្តការងារអភិវឌ្ឍន៍ជនបទក្នុងខេត្តមណ្ឌលគិរី ដោយបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវភាពរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្នតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងគមនាគមន៍ ជំរុញសរសៃឈាម នៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ។ ក្នុងនោះ ក្នុងគោលដៅឲ្យប្រជាជនជនបទមានសុខភាពល្អ រស់នៅមានឥរិយាបថល្អ និងផាសុកភាព និងអនុវត្តអនាម័យត្រឹមត្រូវតាមក្បួនខ្នាត ការជំរុញធ្វើ ទីពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្ដុះបណ្ដាល ជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជនជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់ផងដែរ៕
អត្ថបទ ៖ រៀម សុខហេង




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
សន្តិសុខសង្គម២១ ម៉ោង ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង វៀតណាម ជួបរញ្ជួយដី ១៣លើកផ្ទួនៗ