Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ស្នើឱ្យពិនិត្យឡើងវិញករណីពលរដ្ឋក្រីក្រពិតប្រាកដមិនទទួលបានបណ្ណគាំពារសង្គម ខណៈអ្នកមានជីវភាពធូរធារទទួលបាន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា បានផ្តល់អនុសាសន៍ជូនរដ្ឋាភិបាល ពិនិត្យឡើងវិញឱ្យបានម៉ត់ចត់ទៅលើការអនុវត្តកម្មវិធីផ្តល់បណ្ណក្រីក្រជូនពលរដ្ឋ ដើម្បីចៀសវាងបញ្ហាច្រំដែល ពោលអ្នកក្រពិតប្រាកដពុំទទួលបានបណ្ណ រីឯងអ្នកមានជីវភាពធូរធារបែរជាទទួលបណ្ណក្រីក្រទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់អនុសាសន៍ ត្រូវបានលើកឡើងនៅក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភាជាលើក​ទី១នៅ​កម្ពុជា​ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីពិភាក្សាលើរបៀបវារៈចំនួនបីរួមមាន ប្រព័ន្ធការពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្មជាដើម។ ការរៀបចំសមាជនេះ បានផ្តល់ឱកាសដល់សមាជិករដ្ឋាភិបាល លើកជាយោបល់ និងបញ្ហាប្រឈម ដើម្បីដោះស្រាយរួមគ្នា សំដៅលើកកម្ពស់សុខមាលភាពសង្គម និងសេដ្ឋកិច្ចគ្រួសារ ជាដើម។

លោក គង់ មូនីកា

ក្នុងនោះ លោក គង់ មូនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ បានឡើងថ្លែងកោតសរសើរគោលនយោបាយ និងការអនុវត្តរបស់រដ្ឋាភិបាលមានភាពល្អប្រសើរ មានវឌ្ឍនភាពទៅមុខ ពាក់ព័ន្ធប្រព័ន្ធការពារសង្គម ដូចជាការផ្តល់បណ្ណក្រីក្រជាដើម។ ប៉ុន្តែទន្ទឹមនឹងនេះ លោកសង្កេតឃើញបញ្ហាមួយចំនួនដែលមិនទាន់មានតម្លាភាព គឺការផ្តល់បណ្ណក្រីក្រដោយមានភាពលម្អៀង។ លោកថ្លែងថា៖«ការកំណត់នូវអត្តសញ្ញាណកម្មជនក្រីក្រនៅមានបញ្ហាប្រឈមច្រើននៅឡើយ ព្រោះអ្នកក្រីក្រពិតប្រាកដគាត់មិនបានទទួលការគាំពារ ទៅជាអ្នកមិនសូវចូលទៅក្នុងគោលការណ៍វិនិច្ឆ័យបែរជាទទួលបានការគាំពារ»។

លោកទទួលស្គាល់ថា រាជរដ្ឋាភិបាល ខិតខំកាត់បន្ថយភាពមិនប្រក្រតីទាំងអស់នេះ ប៉ុន្តែបញ្ហានៅតែបន្តកើតមាននៅតាមចំណុចមូលដ្ឋានមួយចំនួន ខណៈស្នើឱ្យរាជរដ្ឋាភិបាលទទួលយកចំណុចនេះពិនិត្យពិចារណាឡើងវិញ ជំរុញកាត់បន្ថយបញ្ហាដែលកើតមាន។

ជាការឆ្លើយតប សម្តេចតេជោ ផ្តល់អនុសាសន៍ជូននាយករដ្ឋមន្រ្តី ដោយសង្ឃឹមថារដ្ឋាភិបាល នឹងទទួលយកមតិនេះ សម្រាប់ការអនុវត្តជាបន្ត ព្រោះវាជាការដែលត្រូវពិចារណាបំផុត អំពីលក្ខខណ្ឌដែលពលរដ្ឋត្រូវបានទទួល។ សម្តេចបន្តថា៖« មានកន្លែងជាច្រើនហើយដែលទទួលបានស្របទៅតាមលក្ខខណ្ឌ ប៉ុន្តែបើយោងទៅលើអ្វីដែលជាការសិក្សាក៏មានលក្ខខណ្ឌដែលមិនស្រប គឺអ្នកមិនត្រូវទទួល បែរជាទទួលបាន។ អ្នកដែលត្រូវទទួល អត់បានទទួល រឿងនេះជារឿងពិត កើតមានពិតដោយកន្លែង អ្នកមានម៉ូតូជិះទៅជាបានទទួលបណ្ណក្រីក្រ ស្មើនឹងយើងជួយចាក់សាំងឱ្យគេជិះម៉ូតូ មិនបានជួយសម្រាប់ទៅអ្នកក្រីក្រដើម្បីទិញអង្ករ» ។

មន្រ្តីជំនាញចុះពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

«ដោយសារមានការផ្សាយបន្តផ្ទាល់គ្រប់ទីកន្លែងបានជាខ្ញុំត្រូវលើករឿងនេះថែម ហើយភរិយាខ្ញុំគាត់តាមដាន ក្នុងឋានៈជាប្រធានសមាគមកាកបាទក្រហម។ ចឹងគាត់តាមដានលើកិច្ចការងារនេះច្រើន គាត់តែងតែរអ៊ូរទាំ កុំថាឯកឧត្តម គង់ មូនីកា សូម្បីប្រពន្ធខ្ញុំក៏ត្អូញត្អែរលើរឿងនេះដែរ។ ព្រោះមានអ្នកខ្លះ មានម៉ូតូជិះ ទទួលបានបណ្ណក្រីក្រ ដល់អ្នកអត់បាយស៊ីអត់ទទួលបាន រឿងនេះសូមឱ្យយកចិត្តទុកដាក់ទៅលើចំណុចនេះជាពិសេស ក្នុងការអនុវត្តនាពេលខាងមុខ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

គួរជម្រាបថា គ្រួសារដែលមានបណ្ណសមធម៌ដែលជាគ្រួសារក្រីក្ត នឹងទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជា សេវាថែទាំ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទទួលបានប្រាក់ឧបត្ថម្ភក្រោមក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងអន្តរាគមន៍មួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម