ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ព័ត៌មានពិតពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី បង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ
«ប្រជាពលរដ្ឋខ្មែរមានមោទនភាព និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ព បង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ បន្ទាប់ពីយល់ច្បាស់ពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកយកករណីនេះជាឧទាហរណ៍ ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
បើតាមលោក ប៉ែន បូណា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន បានសាងសមិទ្ធផលធំធេងណាស់ជូនជាតិនិងប្រជាពលរដ្ឋតាំងពីសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់បែបយ៉ាង រហូតដល់កិច្ចការពារបូរណភាពទឹកដី។ ដូច្នេះ ទាំងអស់គ្នាត្រូវខិតខំផ្សព្វផ្សាយតាមរបៀបបុរេសកម្មជូនប្រជាពលរដ្ឋបានជ្រាប។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រំលឹកថា ការរៀបចំដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ទៅកាន់ភូមិភាគឥសាន កាលពីចុងឆ្នាំ២០២៤ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏ធ្វើឡើងក្នុងគោលបំណងបង្ហាញការពិតឱ្យប្រជាពលរដ្ឋបានឃើញពីការបោះបង្គោលព្រំដែន និងការសាងសង់ផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ប្រជាពលរដ្ឋដែលបានទៅដល់ទីនោះសុទ្ធតែបានកោតស្ញប់ស្ញែងចំពោះបញ្ញាញាណរបស់ថ្នាក់ដឹកនាំ និងបានគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល។
បច្ចុប្បន្ន ខឿនការពារជាតិដ៏រឹងមាំបានបង្ហាញឡើងសារជាថ្មី បន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់ពីជំហរម៉ឺងម៉ាត់ និងចំណាត់ការច្បាស់លាស់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី។ ទាំងនេះគឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីឥទ្ធិពលនៃការផ្សាយព័ត៌មានពិតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើ។ លោក ប៉ែន បន្ថែមដូច្នេះ។

អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានជំរុញឱ្យមន្ត្រីអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធក៏ត្រូវតែសកម្មផងដែរចំពោះប្រតិកម្មបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានបំផ្លើសបំភ្លៃនានាដែលមានចេតនាមួលបង្កាច់ថ្នាក់ដឹកនាំឬជាន់ពន្លិចសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ លោក បញ្ជាក់ថា យើងទទួលយកការរិះគន់បែបស្ថាបនា និងមតិយោបល់នានាដើម្បីកែលម្អ ឬទទួលយកសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយ។ ប៉ុន្តែ យើងមិនត្រូវទុកឱ្យព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃណាមួយមកបំពុលសង្គមដោយមិនបានបកស្រាយជូនប្រជាពលរដ្ឋឱ្យបានយល់នោះឡើយ ជាពិសេសព័ត៌មានក្លែងក្លាយ ឬញុះញង់ពាក់ព័ន្ធនឹងបូរណភាពទឹកដីអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដែលយើងត្រូវរួមគ្នាបន្សាបជាបន្ទាន់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


