Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ ខ្មែរមិនដែលចេះចង់ឈ្លានពានគេ ណាស់តែគេទេដែលចេះតែចង់ឈ្លានពាន និងមិនចង់ឱ្យខ្មែររស់នៅបានសុខ

បានផុស

នៅ

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានពោលអះអាងថា ប្រជាពលរដ្ឋខ្មែរតាំងតែពីដើមឡើយ គឺមិនដែលចេះចង់បានទឹកដី ឬចង់ឈ្លានពានគេឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ប៉ុន្តែ ណាស់តែគេទេដែលចេះចង់ឈ្លានពានទឹកដីកម្ពុជា និងចេះតែមិនចង់ឱ្យប្រជាពលរដ្ឋខ្មែររស់នៅបានស្ងប់សុខសោះ។ លោកបណ្ឌិត គិន ភា អះអាងដូច្នេះ គឺចំពេលដែលថៃនៅបន្តចង់ឈ្លានពានទឹកដីកម្ពុជាត្រង់តំបន់មុំ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត គិន ភា បានសរសេរថា៖ «ក្នុងនយោបាយជាតិ ក្នុងប្រព័ន្ធអប់រំ និងក្នុងផែនទី ខ្មែរយើងមិនដែលមានមហិច្ឆតាទៅឈ្លានពានប្រទេសណាមួយទេ សូម្បីតែដើរកាត់ព្រំដែនគេដោយគ្មានការអនុញ្ញាតមិនដែលផង។ ខ្មែរយើងនេះណា គឺចង់បានតែសុខទេ។ ក្នុងនយោបាយជាតិ ចាប់ពីក្រោយសម័យអង្គរមក ខ្មែរគ្មាននយោបាយពង្រីកទឹកដីទេ គឺមាននយោបាយត្រឹមតែការពារទឹកដី និងប្រាថ្នារួមស់ដោយសន្តិភាព និងសុខុដមរមនាជាមួយអ្នកជិតខាង»។

តែទោះជាយ៉ាងណា លោកបណ្ឌិតថា  ទឹកដីកម្ពុជា គឺកម្ពុជាការពារមិនសូវបានគង់វង្សទេ ព្រោះអ្នកជិតខាងចេះតែលេបត្របាក់ និងច្រឹបយកជាបន្តបន្ទាប់រហូតសល់ដូចសព្វថ្ងៃនេះ។ ឯការចង់ត្រឹមតែរស់នៅស្ងប់សុខវិញ ក៏អ្នកជិតខាងមិនសូវឱ្យកម្ពុជាសុខទៀត គេលូកខាងលិច លូកខាងកើត គេអុកឡុករុកគួន ចូលកកូរកកាយផ្ទៃក្នុងកម្ពុជា និងបង្កជម្លោះគ្រប់បែបយ៉ាងអត់ឈប់ឈរ។ លោកបណ្ឌិត គិន ភា គូសបញ្ជាក់ថា៖ «ឯអ្នកខាងនោះវិញ គេមាននយោបាយយូរអង្វែង ម្នាក់មាននយោបាយមកទិសខាងលិច ម្នាក់មាននយោបាយមកទិសខាងកើត។ យើងប្រៀបដូចដុំសាច់នៅក្នុងហ្វូងត្មាត»។

ចំណែក នៅក្នុងប្រព័ន្ធអប់រំផ្លូវការវិញ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា មិនសូវឱ្យកូនចៅខ្មែររៀនប្រវត្តិសាស្ដ្រ និងនិយាយរឿងព្រំដែនទេ ដោយចាត់ទុកថា ជារឿងនយោបាយ ដែលមិនគួរមាននៅក្នុងប្រព័ន្ធអប់រំ។ ហេតុដែលមិនឱ្យក្មេងរៀនបានយល់ដឹងហ្នឹងហើយ បានអ្នកនយោបាយខ្លះយកបញ្ហាព្រំដែន ជាសន្លឹកបៀនយោបាយយុទ្ធសាស្ត្ររបស់ខ្លួន។ បើក្មេងខ្មែរដឹង ពួកគេលែងជឿអ្នកនយោបាយភូតហើយៗប្រហែលមានទឹកចិត្តស្នេហាជាតិយូរអង្វែង និងមានស្ថិរភាពជាងនេះ។ ប៉ុន្តែ ខាងគេវិញ ទាំងសងខាង កម្មវិធីអប់រំផ្លូវការរបស់គេចាប់តាំងពីថ្នាក់បឋមសិក្សា បង្កប់គំនិតឈ្លានពាន និងកាឡៃប្រវត្តិសាស្ត្រគ្រប់បែបយ៉ាង ដើម្បីជំរុញមោទនភាពជាតិ លើកកម្ពស់ទឹកចិត្តស្នេហាជាតិ និងរហូតដល់ជានិយមជ្រុល ក៏គេនៅតែចាត់ទុកថាល្អ។ នេះបើតាមលោកបណ្ឌិត គិន ភា ដដែល។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាផែនទីវិញ លោកបណ្ឌិត គិន ភា បញ្ជាក់ដូច្នេះថា៖ «យើងគោរពយ៉ាងខ្ជាប់ខ្ជួននូវផែនទីដែលបន្សល់ដោយសម័យអាណានិគម និងគោលការណ៍ច្បាប់អន្តរជាតិនៃខ្សែព្រំដែនអន្តរជាតិមិនកែប្រែ។ ឯគេខាងនោះវិញ គេប្រើផែនទីណាដែលគេគិតថាគេមានប្រៀប ឬគេគូស និងប្រើប្រាស់ផែនទីជាឯកតោភាគី ដើម្បីឈ្លានពានយើង។ ថ្នាក់ដឹកនាំយើង គឺសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានហៅផែនទីនោះថា ជាផែនទីចោរ និងបានបញ្ជាឱ្យដកចេញពីទឹកដីយើង បើមិនដក វាយ»។

សម្រាប់លោកបណ្ឌិត គិន ភា ទាំងទិដ្ឋភាពនយោបាយ អប់រំ និងផែនទី កម្ពុជាឈរលើគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងសច្ចភាពប្រវត្តិសាស្ត្រ ឯខាងគេ ឈរលើមហិច្ឆតាឈ្លានពាន ភាពក្រឡិចក្រឡុច ការកាឡៃប្រវត្តិសាស្ត្រ និងកម្លាំងបាយ។ ដូច្នេះ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសុខសន្តិភាពស្រុកទេស លោកបណ្ឌិត គិន ភា ឱ្យយោបល់ថា ត្រូវតែកែទម្រង់ជាក់ស្តែងមែនទែនលើប្រព័ន្ធអភិបាលកិច្ចរដ្ឋ ពង្រឹងគុណភាពធនធានមនុស្ស សមត្ថភាពយោធា សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពការទូត និងឥទ្ធិពលលើសាធារណមតិអន្តរជាតិតាមរយ:ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ។ លោកថា៖ «បើមិនដូច្នោះទេ យើងនឹងបន្តចាញ់ប្រៀបអ្នកជិតខាងរាប់សតវត្សរ៍ទៅមុខទៀត។ សន្តិភាពគ្មាននរណាដាក់លើជើងពានយកមកឱ្យយើងទេ ហើយទឹកដីយើង ក៏គ្មាននរណាគេជួយការពារយើងដែរ គឺយើង គឺយើងទាំងអស់គ្នា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២២ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម