ព័ត៌មានជាតិ
វត្តមានមេទ័ពម៉ាឡេស៊ីនៅកម្ពុជា គឺពិនិត្យលើការអនុវត្តបទឈប់បាញ់ ធានាសន្តិភាពព្រំដែនឡើងវិញ
វត្តមានរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅកម្ពុជានាពេលនេះ គឺពិនិត្យសភាពការណ៍ជាក់ស្ដែងតាមតំបន់ព្រំដែនកម្ពុជា និងថៃ ក្រោយមានបទឈប់បាញ់ ដោយធ្វើយ៉ាងណាធានាឱ្យដំណើរការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅទទួលបានសន្តិភាពឡើងវិញជានិរន្តរ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ដូច្នេះ។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោកនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី បានពិភាក្សាគ្នាពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ក្រោមការជួយសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមានការគាំទ្រពីអាមេរិក និងចិន កាលពីថ្ងៃទី២៨ ខែកក្កដា។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងថា «វត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី នាពេលនេះ បង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេណអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព»។
ជាការកត់សម្គាល់ ក្នុងជំនួបដោយឡែកជាមួយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេនកាលពីរសៀលម្សិលមិញនេះដែរ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត គឺអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្នុងការចុះតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក្រោយមានការប្រយុទ្ធគ្នាដោយទ័ពកម្ពុជា និងថៃ អស់រយៈពេល៥ថ្ងៃកន្លងមក។

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចុះដល់បន្ទាត់ព្រំដែនកម្ពុជា-ថៃ តាំងពីយប់មិញ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ រួមទាំងមេបញ្ជាការយោធភូមិភាគរបស់កម្ពុជា និងថៃ។ ខណៈអនុព័ន្ធយោធា និងអង្គទូតបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសមហាអំណាចមួយចំនួន បានធ្វើដំណើរទៅដល់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃពុធនេះ។ នេះជាការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


