ព័ត៌មានជាតិ
រដ្ឋបាលរាជធានី នាំយកអំណោយ ៦៥ មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាង ៣ ម៉ឺននាក់ នៅខេត្តឧត្ដរមានជ័យ
កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សប្បុរសជនជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន ៦៥ មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន ៤ ស្រុក ស្មើ ២៤ ឃុំ ជាង ១ ម៉ឺនគ្រួសារ ស្មើជាង ៣ ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាពស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។


អំណោយទាំងអស់នេះ ត្រូវបានលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីផ្ទះសម្បែងចំនួន ១៤៥៧៣ គ្រួសារ ស្មើនឹង ៣៦៧៦៣ នាក់ ក្នុងនោះមានកុមារចំនួន ៦៦៧ នាក់ ផងដែរ។


អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅពេលនេះ រួមមាន ៖ មី ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ទៀត សរុបទាំងអស់ចំនួន ៦៥ មុខ។

លោក អ៊ីមរ៉ន ហាស្សាន់ បានអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធភាព រៀងៗ ខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុងជម្លៀសចេញពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ បន្ថែមនោះ លោក ក៏សូមអរគុណនូវទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ និងសប្បុរសជន ក្នុងស្មារតីខ្មែរជួយខ្មែរ។ ក្នុងនាមសមរភូមិក្រោយ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តជួយកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែងសុវត្ថិភាពនេះ ជារៀងរហូត។

លោកកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានអរគុណជូនចំពោះ លោក ឃួង ស្រេង តាមរយៈ លោក អ៊ីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរសជនយកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខេត្តឧត្ដរមានជ័យ នាពេលនេះ លោក នឹងធ្វើការបែងចែកជូនទៅកងទ័ពលេខ ៤១ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរពិតប្រាកដ។

តាមរបាយការណ៍របស់អភិបាលរងខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ មានប្រជាពលរដ្ឋចំនួន ២៤ ឃុំ ក្នុងចំណោម ៤ ស្រុក ក្នុងខេត្តឧត្ដរមានជ័យ អាជ្ញាធរ បានជម្លៀសចេញមករកទីកន្លែងសុវត្ថិភាពសរុបចំនួន ១៤៥៧៣ គ្រួសារ ស្មើនឹង ៣៦៧៦៣ នាក់ ក្នុងនោះ ក៏មានកុមារ ៦៦៧ នាក់ ផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


