ព័ត៌មានជាតិ
អង្គការអន្តរជាតិផ្នែកកុមារប្រចាំកម្ពុជា កំពុងសស្រាក់សស្រាំជួយដល់កុមារនៅតាមជំរុំភៀសសឹក
អង្គការអន្តរជាតិផ្នែកកុមាររួមមាន អង្គការ Save the Children Cambodia និងអង្គការ UNICEF Cambodia បានបញ្ជូនក្រុមការងារចុះដល់ទីតាំងជំរុំភៀសសឹក ដើម្បីពិនិត្យស្ថានភាពការរស់នៅរបស់កុមារ ហើយត្រៀមវិធានការឆ្លើយតបតាមរយៈការផ្តល់ជំនួយ និងសម្ភារៈសិក្សា។

អង្គការទាំងនោះ បានសហការជាមួយដៃគូផ្សេងៗ ចុះទៅកាន់ទីតាំងផ្សេងៗគ្នានៅតាមជំរុំភៀសសឹក ដើម្បីវាយតម្លៃពីតម្រូវការបន្ទាន់របស់កុមារដែលបានរងផលប៉ះពាល់ដោយសារស្ថានភាពព្រំដែននាពេលថ្មីៗនេះ។ កុមារជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីសាលារៀន ប្រឈមនឹងហានិភ័យចំពោះសុខភាពផ្លូវចិត្ត ហើយក្រុមគ្រួសាររបស់ពួកគាត់កំពុងជួបការលំបាកអំឡុងពេលភៀសខ្លួន។
សម្រាប់ក្រុមការងាររបស់អង្គការ save the children បានចុះទៅកាន់ជំរុំភៀសសឹក ចុងកាល់ នាខេត្តឧត្តមានជ័យ ភាគខាងជើងនៃប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បីវាយតម្លៃពីស្ថានភាពជាក់ស្តែង និងឆ្លើយតបឱ្យបានទាន់ពេល ខណៈកុមារកំពុងត្រូវការជំនួយជាបន្ទាន់។ លោក រស់ ច័ន្ទបូរិទ្ធិ ប្រធានផ្នែកការអភិវឌ្ឍកម្មវិធី គុណភាព និងផលជះ នៃអង្គការ Save the Children មានប្រសាសន៍ថា ៖«យើងប្តេជ្ញាឆ្លើយតបតាមគោលការណ៍មនុស្សធម៌ និងកំពុងស្វែងរកដំណោះស្រាយដែលមិនត្រឹមតែដោះស្រាយតម្រូវការភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការស្តារឡើងវិញ ដើម្បីជួយកុមារឱ្យត្រឡប់ទៅរកការរៀនសូត្រ ស្តារឡើងវិញនូវអារម្មណ៍សុវត្ថិភាពរបស់ពួកគេ និងការផ្តល់ឱកាសដល់គ្រួសារ ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ»។

លោកបានលើកឡើងទៀតថា ខណៈពលរដ្ឋបានភៀសសឹកមកកាន់ទីនេះ ដែលមានសុវត្ថិភាពពីគ្រោះថ្នាក់ផ្នែករាងកាយ ប៉ុន្តែស្ថានភាពនេះបានរំខានយ៉ាងខ្លាំងដល់ជីវិតរស់នៅរបស់កុមារ ដោយកុមារជាច្រើនបានខកខានទៅសាលារៀន រស់នៅជម្រកដែលមានមនុស្សច្រើនកុះករ ហើយប្រឈមមុខនឹងហានិភ័យផ្សេងៗ ចំពោះសុខុមាលភាព សុវត្ថិភាព និងសុខភាពផ្លូវចិត្ត។ លោកសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ថា៖« កុមារក្នុងជំរុំភៀសសឹកកំពុងត្រូវការបង្គន់អនាម័យជាបន្ទាន់ ទឹក និងភ្លើង ជាដើម»។
អាជ្ញាធរ និងសហគមន៍ បានធ្វើកិច្ចការជាច្រើនរួចមកហើយ រាប់ចាប់តាំងពីសង់ជម្រកបណ្តោះអាសន្ន ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលខ្វះខាត។ យ៉ាងណាមិញ ត្រូវស្វែងរកការគាំទ្របន្ថែម ដើម្បីឆ្លើយតបទៅលើតម្រូវការផ្នែកមនុស្សធម៌ដែលខ្វះខាត ជាពិសេសម្រាប់កុមារ។
ចំណែកលោក ជុំ ចាន់រ៉ា អ្នកឯកទេសអប់រំនៅយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា បានធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ រួមដៃគ្នាដើម្បីជួយដល់កុមារ ធ្វើយ៉ាងណាឱ្យពួកគេបានរៀនបន្តទៅទៀត ដោយមិនមានការអាក់ខាន។ លោកថា៖«សាលារៀនគួរតែជាកន្លែងដែលមានសុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់។ ស្ថិរភាព និងការគាំទ្រ គឺជាកត្តាចម្បងដើម្បីធានាថា កុមារគ្រប់រូបអាចបន្តការសិក្សាដោយរីករាយ និងគ្មានក្ដីបារម្ភ។

ទន្ទឹមនឹងនេះ យូនីសេហ្វ បានបន្តដឹកជញ្ជូនសម្ភារៈសរុបចំនួន ៦០៥ ឈុត ដល់កុមារតូចៗ និងសិស្សានុសិស្សដែលបានរងផលប៉ះពាល់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា។ ទាំងនេះគឺជាឈុតសម្រាប់កុមារតូច និង សម្ភារៈសិក្សាបណ្ដោះអាសន្ន ដែលសម្ភារៈទាំងនោះរួមមានដូចជា តង់សិក្សា ក្តារខៀន សៀវភៅគំនូរ សម្ភារៈប៊ិច គូល័រ ក្រដាសពណ៌ បាល់ទាត់ បាល់ទះ និងសម្ភារៈជាច្រើនទៀត។ ក្រៅពីនេះ ក៏មានឧបករណ៍ចម្រោះទឹក ដើម្បីធានាបាននូវទឹកស្អាតផងដែរ។

យូនីសេហ្វ សង្ឃឹមថា ការរៀនសូត្រ និងការកម្សាន្តតាមរយៈសម្ភារៈអប់រំទាំងនេះ នឹងនាំមកនូវស្នាមញញឹម និងជួយជំរុញទឹកចិត្តកុមារដែលកំពុងត្រូវការ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


