ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតវៀតណាម៖ វៀតណាម និងកម្ពុជា ជាបងប្អូនល្អ ទាំងក្នុងសម័យកាលសង្រ្គាម និងទាំងក្នុងសម័យកាលសន្តិភាព
លោក ង្វៀន មិញ វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា និងវៀតណាម មិនត្រឹមតែជាអ្នកជិតខាងនឹងគ្នាទេ តែក៏ជាបងប្អូនល្អនឹងគ្នាគ្រប់ពេលវេលាទាំងអស់ ទាំងនៅក្នុងសម័យកាលសង្រ្គាម និងទាំងនៅក្នុងសម័យកាលសន្តិភាព។ លោក ង្វៀន មិញ វូ បានអះអាងបែបនេះនៅក្នុងកិច្ចពិភាក្សាពិសេសស្តីពីដំណើរអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេល៨០ឆ្នាំក្រោយបដិវត្តខែសីហា និងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា។

នៅចំពោះមុខក្រុមបញ្ញវន្តកម្ពុជា ធុរជនវៀតណាម និងអតីតនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វូ បានលើកឡើងថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនៃប្រទេសនីមួយៗ បានជះផលប៉ះពាល់លើប្រទេសវៀតណាម និងកម្ពុជា ព្រមទាំង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង ហើយប្រជាជនទាំងពីរ បានរួបរួម ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងទុក្ខលំបាក ហើយរួមគ្នាជម្នះពុះពារលើឧបសគ្គជាច្រើននៅក្នុងប្រវត្តិសាស្ត្រ។
បដិវត្តខែសីហា គឺជាឧទាហរណ៍នៃប្រភពលើកទឹកចិត្តដ៏រឹងមាំ និងបង្កើតកម្លាំងចលករដ៏ធំធេងសម្រាប់ចលនារំដោះជាតិនៃបណ្តាប្រទេសអាណានិគមនៅអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ឱ្យក្រោកឈរឡើងដើម្បីឯករាជ្យ ជាពិសេស ប្រទេសជិតខាងនៅឥណ្ឌូចិន កម្ពុជា និងឡាវ។ នេះបើតាមការគូសរំលេចឱ្យដឹងរបស់លោក ង្វៀន មិញ វូ ហើយលោកបានបន្តដកស្រង់សម្តីរបស់លោក ហូ ជីមិញ មកបង្ហាញថា៖«បដិវត្តន៍ខែសីហា បានជះឥទ្ធិពលដោយផ្ទាល់ និងយ៉ាងធំធេងចំពោះប្រជាជាតិមិត្តភាពទាំងពីរកម្ពុជា និងឡាវ។ បដិវត្តន៍ខែសីហា បានទទួលជោគជ័យ ហើយប្រជាជនកម្ពុជា និងឡាវ បានក្រោកឡើងរួមគ្នាប្រឆាំងនឹងចក្រពត្តិនិយម និងទាមទារឯករាជ្យ»។

កម្ពុជា និងវៀតណាម មានប្រវតិ្តសាស្រ្តជាច្រើនជាមួយគ្នា ហើយមានលក្ខណៈស្មុគស្មាញ។ ប៉ុន្តែ អ្វីដែលជាការពិតក្នុងប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន គឺកម្ពុជា និងវៀតណាម បានជួយគ្នាទៅវិញទៅមក ដើម្បីរដោះប្រទេសជាតិ និងនាំមកនូវសន្តិភាពជូនប្រជាជាតិរៀងខ្លួន។ កម្ពុជា បានជួយវៀតណាមនៅក្នុងការបង្រួបបង្រួមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងឱ្យទៅជាប្រទេសវៀតណាមតែមួយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ ចំណែក វៀតណាមវិញ បានជួយកម្ពុជាវាយរំដោះខ្លួនចេញពីរបបខ្មែរក្រហម។ កងទ័ពស្ម័គ្រចិត្ដវៀតណាម បានឈរប្រកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធរំដោះប្រទេសចេញពីកណ្តាប់ដៃខ្មែរក្រហមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ នេះ គឺជាជ័យជម្នះដ៏មានសារៈសំខាន់នៃប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដែលនាំប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសរស់ឡើងវិញ និងឈានចូលដល់សម័យឯករាជ្យ សេរីភាព និងសន្តិភាព។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងថា សព្វថ្ងៃនេះ ទាំងប្រទេសវៀតណាម និងកម្ពុជា មានសន្តិភាព និងឯករាជ្យភាពពេញលេញ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានចូលដំណាក់កាលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក កាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាព។ កម្ពុជា-វៀតណាម បានឯកភាពពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។ ជាមួយនឹងការតម្រង់ទិសនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


