ព័ត៌មានជាតិ
កម្ពុជាស្នើ UNESCO ចុះមកវាយតម្លៃការខូចខាតប្រាសាទព្រះវិហារមុនរៀបចំប្ដឹងថៃលើការបំផ្លាញ
កម្ពុជាកំពុងស្នើឱ្យ UNESCO បញ្ជូនអ្នកជំនាញមកពិនិត្យ និងវាយតម្លៃការខូចខាតសម្បត្តិបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ មុននឹងរៀបចំរបាយការណ៍ប្ដឹងថៃលើការបំផ្លាញដែលបានប្រព្រឹត្តក្នុងហេតុការណ៍ប៉ះទង្គិចប្រដាប់អាវុធ៥ថ្ងៃកាលពីចុងខែកក្កដា។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិកា បានឱ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះថា នៅពេលនេះការវាយតម្លៃពីការខូចខាតលំអិតនៅមិនទាន់អាចធ្វើទៅបានឡើយ ដោយរង់ចាំស្ថានការណ៍ធូរស្រាលបន្ដិច ហើយមានការបញ្ជាក់សុវត្តិភាពពីស៊ីម៉ាក់សិន។ លោកបន្ថែមថាបច្ចុប្បន្នកម្ពុជាតែងតែធ្វើបច្ចុប្បន្នភាពជូនអង្គការ UNESCO ជានិច្ចពីការវិវឌ្ឍនៃការវាយតម្លៃ និងរង់ចាំការចុះមកវាយតម្លៃដោយផ្ទាល់ពីក្រុមអ្នកជំនាញ UNESCO មុននឹងចេញរបាយការណ៍ប្ដឹងថៃឱ្យទទួលខុសត្រូវចំពោះការខូចខាតទាំងនេះ។
លោកថា៖ «យើងកំពុងតែស្នើសុំឱ្យ UNESCO បញ្ជូនអ្នកជំនាញការដើម្បីមកជួយវាយតម្លៃការខូចខាតរបស់យើង! អ៊ីចឹងរបាយការណ៍ផ្លូវការនៅពេលដែលក្រុមអ្នកជំនាញការអន្តរជាតិចុះមកវាយតម្លៃហ្នឹងយើងនឹងបានរបាយការណ៍មួយច្បាស់លាស់ទទួលទាំងយើងផង ហើយអន្តរជាតិក៏ទទួលស្គាល់ការខូចខាតហ្នឹងដែរ»។

លោកបន្ថែមថាក្រោយពេលដែលវាយតម្លៃនិងមានរបាយការណ៍ដែលទទួលស្គាល់ដោយអន្តរជាតិរួច ក្រុមការងារអ្នកច្បាប់នៃរដ្ឋាភិបាលនឹងពិនិត្យមើលពីចំណាត់ការផ្លូវច្បាប់អន្តរជាតិដើម្បីឱ្យថៃទទួលខុសត្រូវនិងសងការខូចខាតលើបេតិកភណ្ឌពិភពលោកមួយនេះ។
របាយការណ៍របស់អាជ្ញាធរជាតិព្រះវិហារកាលពីថ្ងៃទី២៥ ខែកក្កដា បានបង្ហាញនូវទីតាំងបាញ់ប្រហារពីកងទ័ពសៀមលើប្រាសាទព្រះវិហារដែលរាប់ទៅមានចំនួន១៩ចំណុច ក្នុងនោះគោបុរៈទី១ ទី២ និងទី៣ រងការបាញ់ប្រហារច្រើនជាងគេ។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជាក៏បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីចុះពិនិត្យតំបន់ជុំវិញ និងប្រាសាទព្រះវិហារក្រោយពីមានការអនុវត្តបទឈប់បាញ់។ នៅទីនោះឃើញមានការខូចខាតលើប្រាសាទជាច្រើនដោយសារតែគ្រាប់ផ្លោងធុនធ្ងន់របស់កងទ័ពថៃដូចជាគ្រាប់១៥៥មមជាដើម។
ក្រសួងវប្បធម៌បានឱ្បដឹងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៧ ខែកក្កដា ថាសកម្មភាពបំផ្លាញរបស់ថៃលើប្រាសាទព្រះវិហារបានបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាអង្គការយូណេស្គូឆ្នាំ១៩៧២ ស្ដីពីការការពារបតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។ ក្រសួងបានចាត់ទុកការបំពានច្បាប់របស់ថៃលើសម្បត្តិពិភពលោកនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


