ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ផ្តាំអ្នកកាសែត កុំធ្វើហួសព្រំដែន កុំញុះញង់រុញឱ្យសភាពការណ៍កាន់តែមិនល្អ
ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) លោក ហ៊ុយ វណ្ណៈ បានផ្តាំទៅអ្នកសារព័ត៌មានគ្រប់រូប ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន កុំធ្វើសកម្មភាពណាដែលហួសព្រំដែនអ្នកសារព័ត៌មាន ឬកុំធ្វើជាអ្នកកាត់ក្តីរឿងអ្វីមួយ កុំធ្វើសកម្មភាពបែបញុះញង់ រុញសភាពការណ៍កាន់តែមិនល្អបន្ថែមទៀត។

តាមការសង្កេត បច្ចុប្បន្ន មានអ្នកសារព័ត៌មានភាគច្រើនបានគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានបានត្រឹមត្រូវ ចំណែក មួយចំនួនទៀត មិនបានគោរពនូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្លួនទេ ពោល ពួកគេមួយចំនួន បានដើរតួនាទីហួសពីព្រំដែនអ្នកកាសែត ដូចជាបង្កើតព័ត៌មានក្លែងក្លាយ ប្រឌិត ញុះញង់ ដើម្បីទាមទារការ views, Like, Share ច្រើនលើបណ្តាញសង្គម។ ទន្ទឹមនេះ នៅពេលមានករណីទាំងអស់នេះ ក្រសួងព័ត៌មាន ក៏បានចាត់វិធានការណែនាំភ្លាមៗដល់បុគ្គលនោះ ឬឈានដល់ការលុបអាជ្ញាបណ្ណតែម្តង។
ពាក់ព័ន្ធករណីខាងលើ លោក ហ៊ុយ វណ្ណៈ បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់អ្នកសារព័ត៌មាន អ្វីដែលត្រូវប្រុងប្រយ័ត្ន មាន៣ចំណុច។ ចំណុចទី១ ធំបំផុតដែលត្រូវប្រយ័ត្ន គឺគោលការណ៍នៃការផលិតខ្លឹមសារ រាល់ខ្លឹមសារដែលត្រូវផ្សព្វផ្សាយ គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យឱ្យបានល្អិតល្អន់ ឈរលើការពិត មានតុល្យភាព និងអាចផ្ទៀងផ្ទាត់បាន។ បន្ទាប់មក គឺសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធ ចុងក្រោយ គឺស្ថេរភាពក្នុងសង្គម។
អ្នកកាសែតជើងចាស់រូបនេះ ក៏បាននិយាយដែរថា៖ “ខ្ញុំថាការចូលរួមផ្សព្វផ្សាយដោយផ្អែកតាមគោលការណ៍វិជ្ជាជីវៈ សុច្ចរិតភាព ហ្នឹងគឺជាភាពត្រឹមត្រូវហើយ។ ហើយបើអ្នកសារព័ត៌មានបែរជាមិនផ្សាយ ហ្នឹងវាធ្វើឱ្យយើងបាត់ យើងបាត់ការពិត យើងបាត់អ្វីដែលជាព័ត៌មានសម្រាប់ការសម្រេចចិត្ត ប៉ុន្តែ យើងត្រូវឈរលើគោលការណ៍វិជ្ជាជីវៈ មានន័យថា គោលការណ៍ការពិត សុច្ចរិតភាព តុល្យភាព ហើយអាចផ្ទៀងផ្ទាត់បាន”។

សូមជម្រាបថា តាមបាយការណ៍ពីក្រសួងព័ត៌មាន នៅកម្ពុជាមានអង្គភាពសារព័ត៌មានទាំងប្រពៃណី និងទំនើបចុះបញ្ជីស្របច្បាប់ជាង១៦០០អង្គភាព ក្នុងនោះមានអ្នកសារព័ត៌មានកំពុងប្រកបវិជ្ជាជីវៈជាង ១ម៉ឺននាក់។ ជាមួយគ្នានេះ នៅឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៦។ នៅឆ្នាំ២០២៤ ក្រសួងបានព្រមានអង្គភាពសារព័ត៌មានចំនួន១១អង្គភាព ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យត្រឹមត្រូវ និងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៥ចោល និងព្យួរអាជ្ញាបណ្ណចំនួន១ អង្គភាព។ ចំណែក រយៈពេល ៣ខែ ដើមឆ្នាំ២០២៥ ក្រសួងបានព្រមានអង្គភាពសារព័ត៌មានចំនួន២ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៤ ។ នេះ បើតាមរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» អំឡុងខែមេសា ឆ្នាំ២០២៥។

កាលពីពេលថ្មីៗនេះ ក្រសួងក៏បានបិទសារព័ត៌មានអនឡាញ១ ផងដែរ បន្ទាប់ពីសារព័ត៌មាននោះផ្សព្វផ្សាយមិនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និងប៉ះពាល់ដល់សន្តិសុខជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


