Connect with us

ព័ត៌មានជាតិ

ដំណើរទស្សនកិច្ចប្រធានាធិបតីហ្វីលីនពីនមកកាន់កម្ពុជា ជាឱកាសពង្រឹងទំនាក់ទំនង ហើយជាសញ្ញាជំរុញឱ្យថៃគោរពបទឈប់បាញ់

បានផុស

នៅ

អ្នកជំនាញភូមិសាស្ត្រនយោបាយ ចាត់ទុកដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. មកកាន់ប្រទេសកម្ពុជា គឺជាឱកាសដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជាតិទាំងពីរ។ លើសពីនេះ ដំណើរទស្សនកិច្ចរបស់លោកសង្ឃឹមថានឹងដើរតួជាសំឡេងដ៏សំខាន់មួយនៅក្នុងអាស៊ាន ដើម្បីជំរុញឱ្យភាគីថៃឱ្យគោរពបទឈប់បាញ់ក្នុងជម្លោះព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា។
តាមគម្រោង លោកប្រធានាធិបតី Marcos Jr. គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានសារសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ វាក៏បង្ហាញពីឱកាសមួយសម្រាប់កម្ពុជាក្នុងការសហការជាមួយប្រធានាធិបតីហ្វីលីពីន ដើម្បីលើកទឹកចិត្តប្រទេសថៃឱ្យអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ប្រកបដោយប្រសិទ្ធភាព និងដោយស្មោះត្រង់។
ដោយមើលឃើញថា ទាំងកម្ពុជា និងហ្វីលីពីន គឺជាសមាជិកអាស៊ាន ដូចនេះគឺជាសំឡេងរួមមួយក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ និងរួមគ្នាដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

លោកបញ្ជាក់ថា៖«ក្នុងស្ថានភាពនេះ ហ្វីលីពីន និងប្រទេសជាសមាជិកដទៀតដែរ គឺជាសំឡេងមួយក្នុងចំណោមសមាជិកអាស៊ានដែលរួមចំណែកជំរុញឱ្យប្រទេសថៃ និងកម្ពុជាដើរទៅផ្លូវសន្តិវិធី តាមរយៈយន្តការការទូត ហើយយើងរំពឹងថាសំឡេងមួយនេះ បូកជាមួយសំឡេងដែលស្រឡាញ់សន្តិភាព យុត្តិធម៌ និងជាចំណែកដ៏សំខាន់ក្នុងការដាក់សម្ពាធទៅកាន់ប្រទេសថៃឱ្យមានភាពស្មោះត្រង់ និងសុចរិតភាព ក្នុងការអនុវត្តនូវបទឈប់បាញ់»។

លោកបណ្ឌិត គិន ភា

ជាទូទៅ ការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរគឺបង្ហាញពីវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគី។ កន្លងមក នាយករដ្ឋមន្ត្រីកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ហើយឥឡូវនេះ ដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីហ្វីលីពីន មកកាន់កម្ពុជានាពេលខាងមុខ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនង។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ និងសន្តិសុខ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសតាមរយៈការលើកកម្ពស់ការហោះហើរត្រង់។

លោក គិន ភា បញ្ជាក់ថា ជាងនេះទៅទៀត ដំណើរទស្សនកិច្ចលើកនេះ គូសបញ្ជាក់ពីភាពជោគជ័យនៃយុទ្ធសាស្ត្រពិពិធកម្មការទូតរបស់កម្ពុជា ពីព្រោះកម្ពុជាកំពុងតែធ្វើឱ្យតួនាទី និងមុខមាត់របស់ខ្លួនកាន់តែលេចត្រដែតឡើងនៅក្នុងតំបន់ និងកិច្ចការអន្តរជាតិ ហើយការទូតរបស់យើងកាន់តែមានបុរេសកម្ម និងប្រសិទ្ធភាពជាងមុន។ ដែលនេះបង្ហាញពីវិធីសាស្រ្តការទូតយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាការគាំទ្ររបស់ខ្លួនសម្រាប់ប្រទេសជាមិត្ត ចំពេលមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

កបណ្ឌិត យង់ ពៅ

ចំណែកអ្នកជំនាញភូមិសាស្រ្តនយោបាយលោកបណ្ឌិត យង់ ពៅ កត់សម្គាល់ថា ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនៃសមាជិកប្រទេសអាស៊ាន តាមទម្លាប់ត្រូវតែមានដំណើរទស្សនកិច្ចទៅវិញទៅមកកម្រិតថ្នាក់ដឹកនាំ និងកម្រិតកំពូល។ សម្រាប់លោកយល់ថា៖« ដំណើរបំពេញទស្សនកិច្ចនាឱកាសនេះ គឺចំពេលវេលាដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពតានតឹងដោយសារតែភាគីថៃ បានធ្វើសង្គ្រាមវៃប្រហារកម្ពុជានៅតាមព្រំដែន ដូច្នេះចង់មិនចង់ដំណើរទស្សនកិច្ចនេះ ក៏ជាសញ្ញា និងជារបៀបវារៈមួយដែលរដ្ឋាភិបាលកម្ពុជានឹងលើកឡើងនូវរបៀបវារៈនូវជម្លោះព្រំដែន»។

លោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីហ្វីលីពីននឹងចូលរួមពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្ពុជា និងរួមគ្នាដោះស្រាយនូវហេតុការណ៍ដែលបានកើតឡើងក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ។ លើសពីនេះ អ្នកជំនាញមើលឃើញថា ទាំងអស់នេះក៏ជាសញ្ញាការទូត និងគំនាបការទូតទៅដល់ភាគីថៃ ពីព្រោះថៃធ្វើសង្គ្រាម ថៃបំពានបទឈប់បាញ់ បំពានសន្ធិសញ្ញាអន្តរជាតិ ថៃមិនទុកអាស៊ាន និងអង្គការសហប្រជាជាតិនៅក្នុងកែវភ្នែក។
លោកថា៖« អញ្ចឹងទាំងអស់នេះ យើងនឹងបានលើកបញ្ហានេះជាមួយនឹងប្រធានាធិបតីហ្វីលីពីន ដែលជាសម្ពាធអន្តរជាតិមួយ និងជាសញ្ញាណវិជ្ជមានដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ ជាពិសេសអាស៊ានតែម្តង»។

លោកបន្ថែមថា៖«ព្រោះយើងដឹងថានៅអាស៊ាន ហ្វីលីពីន និងថៃ ជាសម្ព័ន្ធមិត្តរបស់អាមេរិក ចឹងអាចជាអ្នកសម្រប​សម្រួលមួយបន្ថែមទៀតសម្រាប់ជម្លោះនេះ ដោយសារតែជាប្រទេសសម្ព័ន្ធមិត្តអាមេរិកជាមួយគ្នា»។ លោកសង្ឃឹមថា ប្រធានាធិបតីហ្វីលីពីន បានឃើញនូវហេតុការណ៍ជាក់ស្តែង ទទួលរបាយការណ៍ជាក់ស្តែង និងជួយសម្របសម្រួលធ្វើម៉េចឱ្យថៃគោរពបទឈប់បាញ់ពេញលេញ និងបញ្ជូនយោធិនកម្ពុជាទាំង ១៨ រូបដែលចាប់ទៅដោយខុសច្បាប់ពីភាគីថៃត្រឡប់មកវិញ។

សូមរំលឹកថា កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីនម្ដងរួចមកហើយ ដោយសម្រេចបានលទ្ធផលផ្លែផ្កាត្រចះត្រចង់ផ្ដល់ជាប្រយោជន៍រួមដល់ប្រជាជនកម្ពុជា-ហ្វីលីពីន។ នាឱកាសនោះ កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើវិស័យចំនួន៨ ដូចជាពន្ធដា ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ កសិកម្ម ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ទេសចរណ៍ និងព័ត៌មានបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម