Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៖ ឆ្មប គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្តល់ សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

បានផុស

នៅ

លោកស្រី​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណ​នារី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​បាន​អះអាងថា​ ឆ្មប​គឺជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់ នៅក្នុង​វិស័យ​សុខាភិបាល ក្នុងការ​ចូលរួមចំណែក​ផ្តល់​សេវា​សាធារណៈប្រកបដោយ​ប្រសិទ្ធភាព និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក និង​បិទ «​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈ​វិជ្ជាជីវៈ​ឆ្មប​កម្ពុជា អាណត្តិ​ទី ​៣»​ កាលពី​ថ្ងៃទី ២៧​ កញ្ញា លោកស្រី​វេជ្ជបណ្ឌិត បាន​ណែនាំ​ដល់​ឆ្មប​គ្រប់រូប ​ត្រូវតែ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឱ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ដោះស្រាយ​អាទិភាព​សុខភាព ព្រមទាំង​ឆ្លើយតប​ទៅ​នឹង​គ្រោះអាសន្ន​នានា​ឱ្យ​បាន​ទាន់​ពេល។

លោកស្រី​វេជ្ជបណ្ឌិត​ បាន​បន្តថា ​ទន្ទឹមនឹងនេះ ការ​លើក​កម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព និង​អាហារូបត្ថម្ភ ការ​ជំរុញ​ការប្រើប្រាស់​សេវា​សុខាភិបាល​ឌីជីថល និង​ការ​ជំរុញ​ការចូលរួម​របស់​បុគ្គល​គ្រួសារ និង​សហគមន៍ ក្នុងការ​លើកកម្ពស់​សុខភាព​មាតា ទារក និង​កុមារ គឺជា​ជំហាន​សំខាន់​មួយ ដើម្បី​សម្រេច​បាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល។

លោកស្រី​វេជ្ជបណ្ឌិត​ បាន​បន្តទៀត​ថា ក្នុង​រយៈពេល ២ ​ទសវត្ស ​កន្លងមក​នេះ ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំងក្នុងការ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ទារក និង​កុមារ ដោយ​បច្ចុប្បន្ន​អត្រា​ស្លាប់​របស់​ទារក​នៅសល់​ត្រឹមតែ ៨ ក្នុង ១ ០០០ កំណើត​រស់ និង​កុមារ​អាយុ​ក្រោម ​១ ​ឆ្នាំ នៅសល់​ត្រឹមតែ ១២ ក្នុង ១ ០០០ កំណើត​រស់ ​ប៉ុណ្ណោះ​។ នេះ​មានន័យថា កម្ពុជា ​សម្រេចបាន​រួចហើយ​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ ២០៣០។

លោកស្រី​វេជ្ជបណ្ឌិត បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា​គណៈ​វិជ្ជាជីវៈ​ឆ្មប​ថ្នាក់​ជាតិ និង​ថ្នាក់​រាជធានី ខេត្ត ធ្វើការ​រួមគ្នា រៀបចំ​ផែនការ​សកម្មភាព​ជាមួយ​គ្នា ដើម្បី​ពង្រឹង​ការ​អនុវត្ត​បទដ្ឋាន​គតិយុត្តិ ការ​បណ្តុះបណ្តាល​ដោយ​អនុលោម​តាម​គោលការណ៍ CPD​។ ពង្រឹង​ប្រព័ន្ធ​កត់ត្រា និង​បញ្ជូន​របាយការណ៍​ប្រចាំខែ អំពី​វឌ្ឍនភាព​មក​នាយកដ្ឋាន​មន្ទីរពេទ្យ និង​ថ្នាក់ដឹកនាំ​ទទួលបន្ទុក។ បង្កើន​សមត្ថភាព និង​អនុវត្ត​នូវ​និយាម​ នៃ​ការ​អនុវត្ត​ការងារ​ឆ្មប។ ពង្រឹង​ការ​ចុះ​បញ្ជិកា និង​បន្ត​អាជ្ញាប័ណ្ណ​ឱ្យ​បាន ​១០០%​។ ត្រូវ​ពង្រឹង​យន្តការ​ពិនិត្យ​តាមដាន​លើ​ការប្រតិបត្តិ​ការងារ​របស់​សមាជិក​ឆ្មប នៅ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ធានាបាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ សុចរិត​ភាព និង​ភាព​ថ្លៃថ្នូរ​ក្នុងនាម​ជា​អ្នក​ផ្តល់​សេវា។

លោកស្រី​វេជ្ជបណ្ឌិត បាន​សំណូមពរ​ដល់​សមាជិក​ទាំងអស់ ចូលរួម​ពិនិត្យ ផ្តល់​មតិ​យោបល់ ដល់​ការ​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព នៃ​ការអនុវត្ត​ការងារ​របស់​គណៈ​វិជ្ជាជីវៈ​ឆ្មប​កន្លងមក នូវ​ចំណុច​ល្អ និង​ចំណុច​ដែល​នៅ​ខ្វះចន្លោះ ដើម្បី​ជា​ទុន​ក្នុង​ការរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម