Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចជំនាញស្រុកកៀនស្វាយ បញ្ជូនក្រុមជួញដូរគ្រឿងញៀនប្រុសស្រី៤នាក់ ទៅសាលាដំបូងខេត្តកណ្ដាល

បានផុស

នៅ

កម្លាំងសមត្ថកិច្ចជំនាញធើ្វការស្រាវជ្រាវក្រុមជនសង្ស័យពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ៤នាក់ ក្នុងនោះមានស្រី្ដម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី៣០ មីនា ២០២៦ វេលាម៉ោង ១៥ និង៥០នាទី នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបន្តឈានដល់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ឈ្មោះ អឿន ជ័យរដ្ឋ (ប្រុស២១ឆ្នាំ) , ឈ្មោះ ង៉ិ ស្រីនិត (ស្រី, ២២ឆ្នាំ) ,ឈ្មោះ ធី វឌ្ឍនា ហៅ ហ៊រ (ប្រុស, ២៣ឆ្នាំ) និង ឈ្មោះ ខុម សុខធារ៉ា ហៅ អុំ (ប្រុស, ២៩ឆ្នាំ)។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាម៉ាទឹកកក ៧កញ្ចប់តូច សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន ជញ្ជីងថ្លឹង ១ ទូរស័ព្ទដៃ ៣គ្រឿង និងក្រដាសវេលុយវីង ២សន្លឹក។ លោកអធិការបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួនខាងលើ គឺមានប្រជាពលរដ្ឋបានរាយការណ៍ថាមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះរបស់ឈ្មោះ អឿន ជ័យរដ្ឋ ក្នុងភូមិព្រែកស្វាយ២។ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ឈើទាល និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ អឿន ជ័យរដ្ឋ និងឈ្មោះង៉ិ ស្រីនិត រួមទាំងដកហូតបានថ្នាំញៀន ៦កញ្ចប់តូច។

នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថាថ្នាំញៀននេះគឺទិញពីឈ្មោះ ហ៊រ ក្នុងតម្លៃ ៥ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ហើយឈ្មោះ ង៉ិ ស្រីនិត បានបញ្ជាក់ថា ឈ្មោះ ហ៊រ ធ្លាប់ប្រាប់ថាយកថ្នាំញៀនពីបងអុំ មកឲ្យពួកគេ។

លោកអធិការបានបញ្ជាក់ទៀតថា ផ្អែកតាមចម្លើយសារភាព កាលពីថ្ងៃទី៣១ មីនា ២០២៦ វេលាម៉ោង ១៤ និង៥០នាទី កម្លាំងជំនាញបានបន្តនីតិវិធីចុះទៅដល់ផ្ទះរបស់ឈ្មោះ ខុម សុខធារ៉ា ហៅ អុំ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ រួចឃាត់ខ្លួនរូបគេ និងឈ្មោះធី វឌ្ឍនា ហៅ ហ៊រ ព្រមទាំងដកហូតបានថ្នាំញៀន ១កញ្ចប់តូចបន្ថែមទៀត។ ពេលសាកសួរ ឈ្មោះ ហ៊រ បានសារភាពថាខ្លួនពិតជាបានយកថ្នាំញៀនពីឈ្មោះ អុំ ទៅលក់បន្តប្រាកដមែន។ ចំណែកឈ្មោះ អុំ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ឲ្យថ្នាំញៀនទៅឈ្មោះ ហ៊រ ប្រហែល ៣០០ដងមកហើយ ដោយថ្នាំញៀនទាំងនោះខ្លួនបានទិញពីបុរសម្នាក់នៅម្ដុំវត្តព្រែកប្រា ចំនួនកន្លះគីឡូក្រាមក្នុងតម្លៃ ៤ពាន់ដុល្លារ ដោយបានប្រគល់លុយឲ្យមុន ២ពាន់៦រយដុល្លារ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម