Connect with us

កីឡា

ហោច​ណាស់​ជួប​គ្នា ៥ ប្រកួត​ទៀត! ភ្នំពេញ​ក្រោន កាន់ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ត្រៀម​ប៉ះ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

ភ្នំពេញ​ក្រោន កាន់​តែ​ពង្រឹង​សមត្ថភាព​ក្រុម​ខ្លាំងតាម​រយៈ​ការ​នាំ​ចូល​កីឡាករ​ថ្មី​បន្ថែម​ទៀត​ដើម្បី​ប្រជែង​ជើង​ឯក​ក្នុង​ស្រុក និង​​ពាន​រង្វាន់​អន្តរជាតិ AFC Challenge League ដែល​ត្រូវ​ជួប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ​ក្រោន ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាន់​បរាជ័យ​ឡើយ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា ដោយ​បាន​ឈ្នះ ៨ ប្រកួត និង​ស្មើ ៣ ប្រកួត រក​បាន ២៧ ពិន្ទុ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​២។ ពួក​គេ​ជា​ក្រុម​​មាន​ជើង​ក្រោម​រឹង​មាំ​ជាង​គេ តាម​រយៈកីឡាករ​បរទេសគឺ​កីឡាករកូរ៉េ​ខាង​ត្បួង Park Yi-young, កីឡាករហូឡង់ Raul Feher និងកីឡាកររ៉ូមានី Rick Ketting។

នៅ​តំបន់​ប្រយុទ្ធ ពួក​គេ​មានកីឡាករ​អ៊ុយក្រែន Maksym Prydun, កីឡាករ​នូវែលសេឡង់ Moses Dyer និង​កីឡាករ​កូឡុំប៊ី Makerlo Tellez។ បន្ថែម​លើ​កីឡាករ​បរទេស​ទាំង​ ៦ នាក់​ត្រូវ​តាម​កូតា​ក្នុង​លីគ ភ្នំពេញ​ក្រោន​ មាន​កីឡាករកូរ៉េ​ខាង​ត្បូង​ម្នាក់​ទៀត Kim Seo-In ដែល​សម្រាប់​ពាន​រង្វាន់​អន្តរជាតិ។

បន្ទាប់​ពី​ចប់​ជើង​ទី​១ ភ្នំពេញ​ក្រោន បាន​នាំ​ចូល​កីឡាករ​កូឡុំប៊ីសញ្ជាតិ​ខ្មែរ Andres Neito ក្នុង​នាម​ជា​កីឡាករ​ខ្មែរ​ ដើម្បី​ពង្រឹងសមត្ថភាព​នៅ​តំបន់​ជួរ​មុខ។ តាម​រយៈការ​នាំ​ចូល​អតីត​ខ្សែ​ប្រយុទ្ធរបស់​ខ្លួន​​​គឺ​ច្បាស់​ណាស់​តំបន់​ជួរ​មុខ​របស់​ពួក​គេ​កាន់​តែ​គ្រោះ​ថ្នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចុង​ក្រោយ​បំផុត ពួក​គេ​​យក​បាន​កីឡាករ​ប្រេស៊ីល Breno Caetano ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប​វិសាខា។

អ្នក​គាំទ្រ​ដឹង​ស្រាប់​ហើយកីឡាករ Breno Caetano ត្រូវ​បាន​អ្នក​គាំទ្រ​​ហៅ​កីឡាករ​សូត​ដែក​ដែល​​លេង​ក្នុង​​​តំបន់​បម្រើ​ការពារ។ តួនាទី​នេះ រូប​គេ​នឹង​ជួយ​បង្កើន​តំបន់​បម្រើ​របស់​​ភ្នំពេញ​ក្រោន​ឲ្យ​កាន់​តែ​មាន​គុណភាពតាម​រយៈ​ការ​ចាប់​ដៃ​គូ​ជា​មួយ​កីឡាករ​ខ្មែរ​ឆ្នើម​ៗ​ដូច​ជា អ៊ន ចាន់ប៉ូលីន, កើត ពេជ្រ និង ឡុង ភារ៉ាត់។

ការ​ត្រៀម​ខ្លួន​ដ៏​ភ្ញាក់​ផ្អើល​នេះ ពួក​គេ​កំពុង​ប្រជែង​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទាំង​ពាន​រង្វាន់​ក្នុង​ស្រុក និង​អន្តរជាតិ។ ពួក​គេ​ជា​ក្រុម​តែ​មួយ​គត់​ដែល​បាន​ធ្វើ​ឲ្យ ព្រះ​ខ័ន​រាជ​ស្វាយរៀង ស្គាល់​បរាជ័យ​នៅ​រដូវ​កាល​នេះ ហើយ​ជើង​ទី ២ ក្នុង​លីគ ពួក​គេ​ជួប​គ្នា​នៅ​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ ២០២៦។

បន្ទាប់​មក ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប​គ្នា ២ ប្រកួត​ទៀត  ក្នុង​ពាន​រង្វាន់ AFC Challenge League វគ្គ​ ៨ ក្រុម​ចុង​ក្រោយ គឺ​ជើង​ទី១ ថ្ងៃ​ទី​៥ ខែ​មីនា និង​ជើង​ទី​២ ថ្ងៃ​ទី​១២ ខែ​មីនា។

នៅ​ចំពោះ​មុខ ពួក​គេ​ត្រូវ​ជួប​គ្នា ៣ ប្រកួត​ទៀត ប៉ុន្តែ​នៅ​មាន​ការ​ជួប​គ្នា​ទៀត​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា បន្ទាប់​ពី​ចប់​ជើង​ទី​២ ពី​ព្រោះ​ក្រុម​លំដាប់​កំពូល​ទាំង ៦ ត្រូវ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ ២​ ជុំ​ទៀត។ មាន​ន័យ​ថា ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ជួប​គ្នា ២ លើក​ទៀតក្នុង​វគ្គ ៦ ក្រុម​ចុង​ក្រោយ​។ ដូច្នេះ​ ពួក​គេ​ ហោច​ណាស់ ត្រូវ​ជួប​គ្នា ៥ ប្រកួត​ទៀត​​នៅ​ក្នុង​លីគ ប៉ុន្តែ​អាច​ជួប​គ្នា​ទៀត​នៅ​​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន។

ទាំង​នេះ​ហើយ​បាន​ជា ​ភ្នំពេញ​ក្រោន បាន​កំពុង​ត្រៀម​ខ្លួន​ទាំង​ការ​ប្រជែង​ពាន​រង្វាន់​ក្នុង​ស្រុក និង​ពាន​រង្វាន់​អន្តរជាតិ​​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម