កីឡា
កំណត់ត្រាដ៏អស្ចារ្យរបស់កំពូលអ្នកប្រដាល់ ធឿន ធារ៉ា លើសពីការរំពឹងទុក
រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ កំពូលអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា សម្រេចបានសមិទ្ធផលដ៏អស្ចារ្យដែលមិនមានកីឡាករប្រដាល់ខ្មែរណាទទួលបានជោគជ័យដូចរូបគេឡើយ បន្ទាប់ពីទទួលបានខ្សែក្រវាត់ ប្រាក់រង្វាន់ រថយន្ត ផ្ទះល្វែង វីឡា ព្រមទាំងជាប់ឈ្មោះនៅក្នុងទស្សនាវដ្តីអាមេរិកដ៏ល្បី«Forbes»។

ឆ្នាំ២០២២
បើកទំព័រប្រវត្តិសាស្ត្រជោគជ័យនៅសង្វៀន Thai Fight ក្នុងខែវិច្ឆិកា ធឿន ធារ៉ា បានផ្តួលកីឡាកររុស្ស៊ី-អាមេនី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ចុងខែធ្នូ ឆ្នាំ២០២២ បានផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១។ លទ្ធផលនេះបានធ្វើឲ្យលេងគុនខ្មែររូបនេះក្លាយជាកីឡាករកម្ពុជាទី១បានផ្តួលដៃគូឲ្យសន្លប់នៅសង្វៀន Thai Fight និងជាកីឡាករខ្មែរទី១បានផ្តួលដៃគូឲ្យសន្លប់២លើកជាប់គ្នា ហើយក៏ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight។
តាមរយៈជោគជ័យនៅសង្វៀនរបស់ថៃ ធឿន ធារ៉ា ទទួលបានប្រាក់ឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសប្បុរសជន និងបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺរលើឆាកអន្តរជាតិ។

ឆ្នាំ២០២៣
ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC ធឿន ធារ៉ា បានប្រើពេល៤ទឹកទើបផ្តួលកីឡាករប្រេស៊ីល ធីអាហ្គោ (Thiago) ដើម្បីឈ្នះខ្សែក្រវាត់អន្តរជាតិមួយនេះកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
ធឿន ធារ៉ា បានផ្តួលដៃគូពីរនាក់ឲ្យសន្លប់ក្នុងទឹកទី១ដូចគ្នាក្នុងរាត្រីតែមួយដើម្បីឈ្នះខ្សែក្រវាត់គ្រុឌអន្តរជាតិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ការប្រកួតជម្រុះជុំដំបូង ធារ៉ា បានផ្តួលកីឡាករថៃ ភេតម៉ៃ សន្លប់ធំក្នុងទឹកទី១ និងវគ្គផ្តាច់ព្រ័ត្រផ្តួលមិត្តរួមជាតិ ឈឿន ល្វៃ ឲ្យសន្លប់ធំក្នុងទឹកទី១។

ធឿន ធារ៉ា បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental ក្នុងកម្មវិធីសេនាគុនខ្មែរយ័ន្តប្រាំបីទិស បន្ទាប់ពីបានយកឈ្នះកីឡាកទុយនេស៊ី Sabri Benhyena ដោយពិន្ទុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ធឿន ធារ៉ា បានផ្តួលកីឡាររូម៉ានី Alex Bublea ក្នុងទឹកទី១ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក។
ធឿន ធារ៉ា បានក្លាយជាជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុងមួយរាត្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីក្លាយជាម្ចាស់រថយន្តដ៏ថ្មីសន្លាង១គ្រឿងដែលមានតម្លៃមិនក្រោម៤ម៉ឺនដុល្លារ។
ធឿន ធារ៉ា បានឈ្នះពានរង្វាន់ និងខ្សែក្រវាត់ជាច្រើនទៀតនៅក្នុងឆ្នាំ២០២៣។ អ្វីដែលកាន់តែពិសេសនោះគឺរាល់ការប្រកួតឈ្នះខ្សែក្រវាត់ រូបគេទទួលបានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តយ៉ាងច្រើនពីសប្បុរសជន។ ការឈ្នះខ្សែក្រវាត់ខ្លះទទួលបានប្រាក់៣០លានរៀល ខ្សែក្រវាត់ខ្លះទទួលបាន៦០លានរៀល និងមានដល់១០០លានរៀលថែមទៀត ព្រមទាំងទទួលបានផ្ទះ១ល្វែងទៀត។

ឆ្នាំ២០២៤
ខ្សែក្រវាត់ និងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់គឺបានក្លាយជារឿងសាមញ្ញទៅហើយសម្រាប់ ធឿន ធារ៉ា។ នៅចុងឆ្នាំ២០២៤ រូបគេសម្រេចបានគោលបំណងធំមួយទៀតគឺវីឡាកូនកាត់ បន្ទាប់ពីបានផ្តួលដៃគូ៣នាក់ក្នុងមួយរាត្រីដើម្បីទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament ជាលើកទី២ កាលពីវិច្ឆិកា ឆ្នាំ២០២៤។ រូបគេទើបតែរៀបចំពិធីឡើងគេហដ្ឋានកាលពីពេលថ្មីៗនេះ។
រឹតតែអស្ចារ្យទៀតនោះ ធឿន ធារ៉ា បានក្លាយជាអត្តពលិកខ្មែរដំបូងគេបង្អស់ដែលជាប់ឈ្មោះក្នុងទស្សនាវដ្តីអាមេរិកដ៏ល្បី «Forbes» បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគុនខ្មែរទៅលើឆាកអន្តរជាតិ កាលពីខែឧសភា ឆ្នាំ២០២៤។

ទស្សនាវដ្តី Forbes បានចាត់ ធឿន ធារ៉ា ចូលក្នុងបញ្ជី «30 Under 30 Asia Class of 2024»ប្រចាំតំបន់អាស៊ីដែលផ្តោតលើសហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និងបុគ្គលមានវឌ្ឍភាពក្នុងអាជីពឈានដល់កម្រិតកំពូល។
សមិទ្ធផលសំខាន់ដែល ធឿន ធារ៉ា ទទួលបាន
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental
- ខ្សែក្រវាត់គុនខ្មែរពិភពលោកតេជោសន្តិភាព
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament ទី១
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament ទី២
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer (ឈ្នះ ម៉ុងហ្គោលី ប្រាក់រង្វាន់១៨លានរៀល)
- ពានរង្វាន់ ប្រាក់រង្វាន់ រថយន្ត ផ្ទះល្វែង និងវីឡាកូនកាត់
- ចារឈ្មោះក្នុងទស្សនាវដ្តី Forbes
អត្ថបទ៖ ធឿន ធារ៉ា


-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


