កីឡា
លោក ខូវ ឆាយ ថា សហព័ន្ធមិនអាចហាមសង្វៀនណាចងជើងកីឡាករបានឡើយ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនមែនជាអ្នកសម្រេចចិត្តលើការចាប់គូប្រកួតរបស់សង្វៀនឯកជនឡើយដោយបានត្រឹមតែសម្របសម្រួល និងអនុវត្តតាមច្បាប់កីឡាប៉ុណ្ណោះ ប៉ុន្តែការសម្រេចលើការចាប់គូកីឡាករ កីឡាការិនីម្នាក់ៗអាស្រ័យលើសាមីខ្លួន ក្លិប និងម្ចាស់កម្មវិធីផ្ទាល់។
លោក ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរបានឲ្យដឹងថា ៖«ការចាប់គូភាគច្រើន យើងទុកអាទិភាពឲ្យម្ចាស់កម្មវិធីជាមួយនឹងក្លិបសាមីរបស់កីឡាករ។ ពួកគាត់អាចពិភាក្សាគ្នាអំពីការចាប់គូដែលមានសហព័ន្ធយើងជាអ្នកសម្របសម្រួល ប៉ុន្តែសហព័ន្ធមិនអាចសម្រេចបានទេ។ ហេតុអ្វីបានជាសហព័ន្ធមិនអាចសម្រេចបាន ដោយសារតែអ្នករៀបចំកម្មវិធីជាអ្នកចេញថវិកា»។

លោកបានបន្តទៀតថា ៖«យើងមិនអាចប្រាប់ថា កុំយកកីឡាករនេះ គួរយកកីឡាករនោះ។ សហព័ន្ធជាអ្នកសម្របសម្រួលផ្នែកបច្ចេកទេស ការរៀបចំកម្មវិធី គណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ដឹកនាំធ្វើយ៉ាងណាឲ្យកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យ ប៉ុន្តែកីឡាករប្រកួតជាមួយកីឡាករណាគឺអាស្រ័យលើកីឡាករផ្ទាល់ និងអ្នករៀបចំកម្មវិធី។ ពួកគាត់អាចសម្រេចចិត្តថា តើការចរចាត្រូវគ្នា តាំងពីតម្លៃខ្លួន តាំងពីតម្លៃក្លិប និងពេលវេលា»។
«ពេលខ្លះ យើងចង់ឲ្យកីឡាករបានស្មើគ្នា ប៉ុន្តែរៀបចំទៅអត់មានការគាំទ្រ ដូច្នេះអ្នករៀបចំកម្មវិធីក៏អត់ព្រមដែរ។ យើងធ្លាប់បានស្នើឲ្យមានថ្នាលប្រកួតច្រើន ប៉ុន្តែដល់ពេលកីឡាករថ្នាលប្រកួត មិនសូវមានការគាំទ្រ។ កម្មវិធីខ្លះមានគោលដៅឲ្យមានអ្នកគាំទ្រផ្ទុះខ្លាំងរហូតដល់៥០ម៉ឺននាក់ ១លាននាក់ជាដើម ប៉ុន្តែដាក់កម្មវិធីថ្នាលទៅ ទស្សនិកជនអត់ទស្សនា ដូច្នេះអ្នករៀបចំខកចិត្ត ពីព្រោះលទ្ធផលផ្ទុយពីគោលបំណងដែលចង់បាន។ ពេលខ្លះយើងបានស្នើច្រើន តែស៊ីសងទៅលើការចរចារវាងម្ចាស់កម្មវិធី និងក្លិបរបស់កីឡាករ កីឡាការិនីផ្ទាល់»។
នៅពេលសួរថា តើសហព័ន្ធមានដំណោះស្រាយយ៉ាងណាពាក់ព័ន្ធនឹងកម្មវិធីប្រកួតខ្លះចុះកិច្ចសន្យាយកកីឡាករល្អៗទុក? លោក ខូវ ឆាយ បានឆ្លើយតបថា ៖«យើងកំពុងសិក្សាពាក់ព័ន្ធចំណុចនេះ ពីព្រោះករណីទីផ្សារសេរី យើងមិនអាចហាមឃាត់កីឡាករមិនឲ្យចុះកិច្ចសន្យាជាមួយក្រុមហ៊ុននេះ មិនឲ្យចុះកិច្ចសន្យាជាមួយក្រុមហ៊ុននោះ ពីព្រោះសហព័ន្ធមិនមែនជាម្ចាស់កីឡាករទេ។ សហព័ន្ធគ្រាន់តែជាអ្នកទទួលខុសត្រូវលើការអភិរក្ស និងអភិវឌ្ឍគុនខ្មែរ។ ក្លិបរបស់ពួកគាត់ទើបជាអាណាព្យាបាលផ្ទាល់របស់កីឡាករ»។

«ប្រសិនបើក្លិបអនុញ្ញាត សហព័ន្ធមិនអាចហាមឃាត់បានទេ។ កត្តាជីវភាពរបស់ពួកគាត់ ពួកគាត់ជាអ្នកសម្រេចដោយខ្លួនឯង។ ថាតើមានក្រុមហ៊ុន មានសង្វៀនផ្តល់កិច្ចសន្យា វាល្អសម្រាប់ពួកគាត់អត់? ករណីមួយចំនួនយើងអនុវត្តទៅ ហាមឃាត់ទៅ វាប៉ះពាល់ដល់ដៃគូអភិវឌ្ឍដែលជាស្ថានីយ៍ទាំងអស់នេះ។ ដូច្នេះចំណុចនេះ យើងបានពិភាក្សាគ្នាច្រើនលើកហើយថាតើយើងគួរអនុវត្តដូចម្តេច។ បើយើងអនុវត្តទៅ វាប៉ះពាល់យ៉ាងណាដល់កីឡាករដែលពួកគាត់ត្រៀមសម្រាប់កម្មវិធីរបស់ពួកគាត់»។
លោកបានបន្ថែមថា ៖«ករណីនេះនៅប្រទេសណាក៏មានដែរ។ មិនមែនមានតែនៅកម្ពុជាទេ នៅប្រទេសថៃក៏មាន នៅអាមេរិក អឺរ៉ុប កម្មវិធីកម្រិតពិភពលោកក៏មាន គឺគេមានកីឡាករប្រចាំកម្មវិធីរបស់គេតែម្តង»។
សព្វថ្ងៃនេះមានកីឡាករគុនខ្មែរមួយចំនួនជាតំណាងផ្សព្វផ្សាយ (BA) របស់ផលិតផលដែលប្រកួតបានតែកម្មវិធីដែលឧបត្ថម្ភដោយផលិតនោះប៉ុណ្ណោះ។ បើក្រឡេកនៅលើពិភពលោកមានកម្មវិធីជាច្រើនដែលមានកីឡាករផ្ទាល់ខ្លួនដូចជាសង្វៀនប្រដាល់សកលអាមេរិក Top Rank, សង្វៀន UFC សង្វៀន ONE Championship និងសង្វៀន Thai Fight ជាដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


