Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់កម្ចីជិត៣រយលានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងទឹកស្អាត និងអគ្គិសនីក្នុងរាជធានី

បានផុស

នៅ

រដ្ឋាភិបាលជប៉ុនបានផ្ដល់កម្ចីក្នុងទំហំទឹកប្រាក់ជិត៣០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការអនុវត្តគម្រោងចំនួនពីរ គឺគម្រោងទឹកស្អាត និងគម្រោងអគ្គិសនី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស នាព្រឹកថ្ងៃទី៨ ខែតុលា ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក UENO Atsushi ឯកអគ្គរាជជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស  ជប៉ុនបានផ្ដល់ឥណទានសម្បទានជាទឹកប្រាក់ក្នុងចំនួន ២១.៥២៦.០០០.០០០ យ៉េន ឬប្រមាណ ១៤៣.៥ លានដុល្លារ អាមេរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងបានផ្ដល់ឥណទានសម្បទានក្នុងទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន ឬប្រមាណ ១៥២.៧ លានដុល្លារ អាម៉េរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីដំណាក់កាលទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រូបថតឯកសារ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ចុះហត្ថលេខាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើលិខិតប្ដូរសារ ស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដល់កម្ពុជា កាលពីដើមខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកការបន្តផ្តល់ជំនួយហិរញ្ញវត្ថុពីសំណាក់ជប៉ុននាពេលនេះ ថាគឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

គួររម្លឹកថា កម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី៩ ខែមករា ឆ្នាំ ១៩៥៣ ដែលចូលមកដល់ឆ្នាំ២០២៥ នេះ ទំនាក់ទំនងប្រទេសទាំងពីរ បានឈានដល់វ័យ៧២ឆ្នាំហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីររីកលូតលាស់ឥតឈប់ឈរ និងគ្មានភាគីណាមួយបំបែកបានឡើយ ទាំងទំនាក់ទំនងផ្នែកការទូត យោធា និងពាណិជ្ជកម្ម។ តាមរយៈចំណងមិត្តភាពជិតស្និទ្ធ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា​ ពោលគឺជប៉ុនបានផ្ដល់ជំនួយជាច្រើន លើការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ស្ពាន ថ្នល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ វិស័យការពារជាតិ ជំនួយលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយជាច្រើនផ្សេងទៀត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម