Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ផ្លាស់ប្តូរមេទ័ពនៅភាគខាងត្បូង ព្រោះវឹកវរខ្លាំង ខណៈ៤ថ្ងៃ ផ្ទុះការវាយប្រហារនៅ៣ខេត្តផ្សេងគ្នា 

បានផុស

នៅ

ការវាយប្រហាររាល់ថ្ងៃ ធ្វើឲ្យតំបន់ភាគខាងត្បូងប្រទេសថៃធ្លាក់ចូលភាពវឹកវរខ្លាំងទៅៗ ចំណែកប្រជាជនត្រូវរស់នៅក្នុងភាពភ័យខ្លាចគ្មានក្តីសុខ ព្រោះថា ត្រឹមរយៈពេល៤ថ្ងៃចុងក្រោយនេះ កើតមានការវាយប្រហារធំៗចំនួន៤លើក នៅក្នុង៣ខេត្តផ្សេងគ្នា ប៉ុន្តែមិនមានការបញ្ជាក់ពីតួលេខមនុស្សស្លាប់ឡើយ ហើយទន្ទឹមនោះក៏មានការផ្លាស់ប្តូរសមាសភាពមេទ័ពដែរ។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល៤ថ្ងៃមកនេះ ហេតុការណ៍ធំបំផុតគឺកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យទី៥ ដែលជាករណីក្រុមចោរចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok នៃខេត្ត Narathiwat ដោយប្លន់គ្រឿងអលង្ការអស់ជាង ១លានដុល្លារអាមេរិក។

សមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគឺជាក្រុមបះបោរ ហើយរត់ចូលប្រទេសម៉ាឡេស៊ី ខណៈពួកគេធ្វើសកម្មភាពនេះដើម្បីយកប្រាក់ទៅផ្គត់ផ្គង់បណ្តាញផ្តាច់ខ្លួនរបស់ពួកគេ។

(រូបថត៖ Facebook)

ក្រោយមក នៅរំលងអធ្រាត្រថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ, ក្រុមបះបោរបានបន្តបំផ្ទុះគ្រាប់បែកដល់ខេត្ត Pattani។ ប៉ូលិសបញ្ជាក់ថា ជនបះបោរមួយក្រុមមានគ្នា៥ទៅ៦នាក់ បានចាប់ចងនិងប្លន់យកកាំភ្លើងពីឆ្មាំសន្តិសុខនៅឯសាកលវិទ្យាល័យ Fatoni ក្នុងស្រុក Yarang រួចក៏បំផ្ទុះទូ ATM របស់ធនាគារ Islamic Bank នៅក្បែរនោះ ប៉ុន្តែមិនអាចលួចយកលុយបានទេ។

ចូលដល់រាត្រីថ្ងៃអង្គារ នាវេលាម៉ោង៩:២៤នាទីយប់ ក្រុមផ្តាច់ខ្លួនបានបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់នៅមុខមជ្ឈមណ្ឌលយុវជនក្រុង Yala ក្នុងស្រុក Muang នៃខេត្ត Yala វិញម្តង ប៉ុន្តែមិនមានការបញ្ចេញរបាយការណ៍អំពីមនុស្សស្លាប់ឬរបួសនោះទេ។

(រូបថត៖ Facebook)

នៅខេត្ត Yala ដដែលនេះ កាលពីរាត្រីថ្ងៃពុធ មានការវាយប្រហារបំផ្ទុះគ្រាប់បែកចំនួន៨គ្រាប់ទៀត ចន្លោះម៉ោង ៨យប់ដល់ម៉ោង១១យប់ យ៉ាងណាក៏គ្មានរបាយការណ៍អំពីមនុស្សស្លាប់ដដែល។

ដោយសារស្ថានការណ៍រឹតតែធ្ងន់ធ្ងរឡើងៗ អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ Pana Claewplodtook បានប្តូរយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាពោលគឺលោកបានតែងតាំង Narathip Phoynok ឲ្យទៅដឹកនាំ ភូមិភាគ៤។

បន្ថែមពីលើការតែងតាំងមេទ័ពថ្មីនេះ លោក Pana ក៏ងាកទៅប្រើប្រាស់វិធីសាស្រ្តរបស់មេបញ្ជាការមុនៗផងដែរ តាមរយៈការចល័តកម្លាំងមកពីគ្រប់ភូមិភាគ ដើម្បីពង្រឹងនិងគាំទ្រប្រតិបត្តិការនៅក្នុងខេត្តព្រំដែនភាគខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមបះបោរភាគខាងត្បូងថៃ មិនបន្ធូរដៃ ដោយបំផ្ទុះគ្រាប់បែក ៣គ្រាប់ទៀត នៅខេត្ត Yala

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម