Connect with us

កីឡា

ធឿន ធារ៉ា កំពុងកាន់កំណត់ត្រា ជាកីឡាករប្រកួតខ្សែក្រវាត់ ៨ Men មិនធ្លាប់ចាញ់សោះ

បានផុស

នៅ

អ្នកលេងពូថៅដៃ ធឿន ធារ៉ា កំពុងក្លាយជាកីឡាករគុនខ្មែរម្នាក់គត់ ដែលកំពុងកាន់កំណត់ត្រា ប្រកួតលក្ខណៈ ៨ នាក់ (៨ Men Tournament) ២ លើកមិនទាន់ចាញ់ទាល់តែសោះនៅក្នុងអាជីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ធឿន ធារ៉ា

ធឿន ធារ៉ា បច្ចុប្បន្ន ត្រូវបានគេចាត់ទុកជាកីឡាករលំដាប់កំពូលមួយរូបប្រចាំប្រទេស កម្ពុជា ហើយសូម្បី Forbes ដែលជាទស្សនាវដ្តីដ៏ល្បីមួយរបស់ សហរដ្ឋអាមេរិក ក៏ធ្លាប់ចុះផ្សាយអំពីកិត្យានុភាពរបស់គេផងដែរ។ គិតត្រឹមខែ តុលា នេះ ធឿន ធារ៉ា ធ្លាប់ប្រកួតអាជីពចំនួន ១៣៧ ដង ឈ្នះ ១០៤ ដង (ផ្តួលដៃគូឱ្យសន្លប់ ៤០ ដង) ចាញ់ ២៧ ដង និងស្មើ ៦ ដង។

ជុំវិញស្ថិតិនៃការប្រកួតខាងលើ គឺកូនសិស្សរបស់លោកគ្រូ អេ ភូថង ធ្លាប់ឆ្លងកាត់ការប្រកួតលក្ខណៈ ៨ Men ចំនួន ២ លើក ហើយជាលទ្ធផលដ៏អស្ចារ្យ គឺរូបគេមិនធ្លាប់មានប្រវត្តិបរាជ័យនោះទេ។ ក្នុងចំណោមការប្រកួត ៨ Men ទាំង ២ លើក គឺលើកទី ១ កីឡាករទទួលបានរង្វាន់ធំឡានខ្លាញ់ (Pick Up) មួយគ្រឿង និងលើកទី ២ ទទួលបានផ្ទះវីឡាមួយខ្នង។

រម្លឹកអំពីការប្រកួត ៨ Men លើកទី ១ គឺ ធឿន ធារ៉ា បានឈ្នះការប្រកួតចំនួន ៣ ប្រកួតក្នុងមួយថ្ងៃ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ មុនដណ្តើមខ្សែក្រវាត់ IPCC Kun Khmer World Champion មួយខ្សែ និងឡាន Pick Up មួយគ្រឿង។ ក្នុងការប្រកួតដំបូង ធារ៉ា បានឈ្នះកីឡាករ អ៊ុយក្រែន WHITE SHARK ដោយពិន្ទុ, ប្រកួតទី ២ យកឈ្នះកីឡាករ ឆេក MICHAL ដោយផ្តួលឱ្យសន្លប់ទឹកទី ១ និងការប្រកួតចុងក្រោយ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានយកឈ្នះលើកីឡាករ ប្រេស៊ីល BENTO ដោយផ្តួលឱ្យសន្លប់ទឹកទី ១។

ធឿន ធារ៉ា

ចំណែកការប្រកួត 8 Men លើកទី ២ កាលពីថ្ងៃ សៅរិ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ គឺ ធឿន ធារ៉ា បន្តឈ្នះ ៣ ប្រកួតទៀតក្នុងមួយថ្ងៃ និងដណ្តើមបានខ្សែក្រវាត់ ១ IPCC Kun Khmer មួយខ្សែ រួមជាមួយរង្វាន់ធំផ្ទះវីឡាមួយខ្នង។ ប្រកួតទី ១ កីឡាករមកពីខេត្ត ព្រៃវែង បានឈ្នះកីឡាករ ប្រេស៊ីល VICTOR TEIXEIRA ដោយផ្តួលឱ្យសន្លប់ទឹកទី ១, ប្រកួតទី ២ យកឈ្នះកីឡាករ បារាំង ALAN LEVEQUE ដោយផ្តួលឱ្យសន្លប់ទឹកទី ១ និងប្រកួតទី ៣ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ រូបគេបានឈ្នះកីឡាករ អូស្ត្រាលី STEVENS MATTHEW ដោយផ្តួលឱ្យសន្លប់ទឹកទី ៣។

តាមរយៈជ័យជម្នះលក្ខណៈ 8 Men ទាង ២ ខាងលើនេះ បានធ្វើឱ្យកិត្តិនាមរបស់អ្នកលេងពូថៅដៃកាន់តែល្បីរន្ទឺខ្លាំង ដោយមជ្ឍដ្ឋានជុំវិញ បានទទួលស្គាល់រូបគេ ជាកីឡាករ ដែលមានសមត្ថភាពខ្លាំង និងជាកីឡាករគុនខ្មែរដ៏ជោគជ័យបំផុតម្នាក់។

យ៉ាងណា នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ រូបគេទទួលបានឱកាសថ្មី ដើម្បីប្រកួត 8 Men ជាថ្មីម្តងទៀត ដែលជាលើកទី ៣ ក្នុងអាជីព។ សម្រាប់សមាសភាពកីឡាករក៏ត្រូវបានប្រកាសរួចរាល់ផងដែរ ក្នុងនោះមាន ធឿន ធារ៉ា, កីឡាករ ប៊ែលឡារុស Pavel Crishanovich, កីឡាករ អ៊ីរ៉ង់ Majid Shahriyari, កីឡាករ រុស្ស៊ី Vassili Thaikilla, កីឡាករ ម៉ារ៉ុក Mohammed Ali, កីឡាករ នូវែលសេឡង់ Nivek Hook, កីឡាករ ចិន Li Po Ling និងកីឡាករ អេស្ប៉ាញ Mohammed Bullalmaun៕

ធឿន ធារ៉ា

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម