Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានី ណែនាំឲ្យអាជ្ញាធរខណ្ឌឬស្សីកែវ ចាត់វិធានការលើបុគ្គលដើរប្រមូលលុយនៅផ្សារគីឡូម៉ែត្រលេខ៩ តាមស្នើសុំរបស់អាជីវករ

បានផុស

នៅ

លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌឬស្សីកែវ ចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ ឬឃាត់ខ្លួនបុគ្គលម្នាក់ដែលអះអាងថាខ្លួនជាប្រធានផ្សារគីឡូម៉ែត្រលេខ៩ ហើយដើរប្រមូលយកលុយ ឬភាស៊ី ពីអាជីវករយ៉ាងអាណាធិបតេយ្យ ដែលបង្កការលំបាក និងការខ្នក់ចិត្តដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើបែបនេះរបស់លោក ឯក ឃុនដឿន ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជរធានីភ្នំពេញ ខណៈតំណាងអាជីវករផ្សារគីឡូម៉ែត្រលេខ៩ ស្នើឱ្យអាជ្ញាធរចុះពិនិត្យលើករណីបែបនេះ។

លោក ឯក ឃុនដឿន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូល ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានយកចិត្តទុកដាក់ជាខ្លាំងលើសុខទុក្ខបងប្អូនអាជីករ រហូតចេញបទបញ្ជាឱ្យលុបបំបាត់ការយកភាស៊ី ចំពោះអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើរ ឬល្អីជាដើម ជាពិសេសលុបបំបាត់ភាស៊ីខុសច្បាប់តែម្តង។ ការលើកឡើងរបស់ពលរដ្ឋ លោក ឯក ឃុនដឿន បានចាត់ឱ្យសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធចុះ អនុវត្តស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលនោះតែម្តងដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសបែបនេះ។

លោក​ ឯក ឃុនដឿន មានប្រសាសន៍ថា “ត្រូវប្តេជ្ញាធានាទាំងអស់គ្នា មិនឱ្យជនឆ្លៀតឱកាសណាយកលុយអាណាធិបតេយ្យ លើការលក់ដូរចញ្ជើមផ្លូវទេ គ្រប់គ្នាទាំងអស់គ្នា មានចាប់ទៅ ចាប់យកមកធ្វើកំណត់ហេតុ សាកសួរ បើអត់មានឯកសារ ឬគោលការណ៍ច្បាស់លាស់ រុញទៅជញ្ជីង សុំគោលការណ៍មេ រុញទៅជញ្ជីងដាក់ទ្រុងទៅ នេះជាកិច្ចការងារមួយដែលយើងត្រូវធ្វើ” ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះដែរ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងពេលដែលប្រទេសជាតិ កំពុងប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង និងឱ្យពលរដ្ឋទាំងអស់ត្រៀមខ្លួន ដើម្បីវាយបកជាមួយនឹងកម្លាំងខាងក្រៅ ដែលញុះញ៉ង់ឱ្យខ្មែរបែកបាក់ និងចង់បំផ្លិចបំផ្លាញកម្លាំងសាមគ្គីរបស់ខ្មែរ។

ក្នុងវេទិការនោះមានប្រជាពលរដ្ឋ១០នាក់ បានលើកឡើងពីសំណូមពរផ្ទាល់មាត់ ក្នុងវេទិកា និងមានជាលាយលក្ខអក្សរជាច្រើនផងដែរ។ ចំពោះលើកឡើងនូវសំណូមពរ និងបញ្ហាជាច្រើនរបស់ប្រជាពលរដ្ឋ គឺជាធាតុចូល ដើម្បីឱ្យអាជ្ញាធរ អាចពិនិត្យ និងដឹងយកទៅដោះស្រាយជូន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម