Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល បន្តចែកលិខិតជូនដំណឹង រៀបចំសណ្ដាប់ធ្នាប់តាម​ផ្លូវបេតុងចូលវត្តតាភេម រក្សាគម្លាត ២,៥ ម៉ែត្រ សងខាងផ្លូវ

បានផុស

នៅ

កាលព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោក តោ វីរូ អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់កំបូល ចុះពិនិត្យ និងណែនាំ បន្តចែកលិខិតជូនដំណឹង ស្ដីពីការចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្ត្រសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះនេះ នៅតាមផ្លូវបេតុងច្រកចូលវត្តតាភេម ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ ដែលធ្វើឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ជារៀងរាល់ថ្ងៃ។

ក្នុងឱកាសនេះ រដ្ឋបាលខណ្ឌកំបូល បានជម្រាបជូនដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ដែលរស់នៅដាក់តាំងលក់ទំនិញតាមបណ្ដោយផ្លូវឱ្យធ្វើការរុះរើ ឬដកសម្ភារៈដាក់តាំង និងស្លាកយីហោផ្សេងៗ ចេញឱ្យផុតពីគម្លាត ២,៥ ម៉ែត្រ សងខាងផ្លូវ។ រយៈពេលអនុវត្តត្រូវធ្វើក្នុង ២សប្តាហ៍ ចាប់ពីថ្ងៃចែកលិខិតជូនដំណឹងតទៅ។

រដ្ឋបាលខណ្ឌ ក៏បានបញ្ជាក់ថា អាជីវករលក់ដូរចល័តដូចជា រ៉ឺម៉ក រទេះផ្លែឈើ បន្លែ ត្រីសាច់ រថយន្តគ្រប់ប្រភេទ ត្រូវបញ្ឈប់ការចត និងការរំលោភលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជាដាច់ខាត។ ប្រសិនបើមានការមិនអនុវត្តតាម ស្ថាប័នផ្លូវការ នឹងចាត់វិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់ម្ចាស់អាជីវកម្មឡើយ។ ចំពោះរថយន្ត ឬមធ្យោបាយដែលចតរំលោភផ្លូវសាធារណៈ នឹងត្រូវដកហូតទៅរក្សាទុកនៅសាលាខណ្ឌជាបណ្ដោះអាសន្នផងដែរ។

រដ្ឋបាលខណ្ឌកំបូល ជឿជាក់លើកិច្ចសហការរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមគ្នាធ្វើឱ្យមូលដ្ឋានខណ្ឌកំបូល កាន់តែមានសោភ័ណភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រសើរឡើងជាបន្តបន្ទាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម