Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​នាយក​រដ្ឋ​មន្រីកូរ៉េខាង​ត្បូង​បានស្លាប់​ បន្ទាប់​ពី​ព្យាបាល​នៅ​វៀត​ណាម

បានផុស

នៅ

អតីត​នាយក​រដ្ឋ​មន្រីកូរ៉េខាង​ត្បូង​ លោក Lee Hae-chan ស្លាប់​នៅ​វៀត​ណាម ដោយ​សារ​ជំងឺ បន្ទាប់​ពី​​លោក​សម្រាក​ព្យាបាល​នៅ​ទី​ក្រុង​ហូជីមិញ​។ នេះ​​បើ​​តាម​​ក្រសួង​​ការ​​បរទេស​​វៀត​ណាម​។

លោក Lee Hae-chan ។ The chosen daily.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន VN Express, អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ​លោក​ស្រី​ Pham Thu Hang បាន​និយាយ​ថា អាជ្ញា​ធរ​វៀត​ណាម ​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដើម្បី​ធានា​ថា​ លោក Lee ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាពយ៉ាង​​ដិត​ដល់​និង​​ប្រកបដោយ​​ប្រសិទ្ធភាព​​ ​ប៉ុន្តែ​នៅ​ទី​បំផុត​ លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺផ្ទាល់​ខ្លួន​​។

លោក​ស្រី​ បាន​បន្ថែម​ថា នាយក​រដ្ឋ​មន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និងថ្នាក់​ដឹក​នាំ​​​​វៀត​ណាម​ផ្សេង​ទៀត ​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​រដ្ឋា​ភិបាល​កូរ៉េ​ខាង​​ត្បូង ​និង​ក្រុម​គ្រួសារ​របស់លោក Lee ផង​ដែរ​។

ចំណែក ទីភ្នាក់ងារសារព័ត៌មាន Yonhap News Agency របស់​កូរ៉េ​ខាង​ត្បូង ​បាន​ដក​ស្រង់​សម្តី​មន្ត្រី​ម្នាក់​ដូច​និយាយ​ថា​៖​«លោក Lee មាន​អាយុ​ ៧៣ឆ្នាំ លោក​មាន​​រោគ​សញ្ញា​ដូច​ជំងឺ​ផ្តា​សាយ មុន​ពេល​ចាក​ចេញ​ទៅ​ប្រទេស​វៀត​ណាម​នៅ​ថ្ងៃ​ទី ២២ខែមករា។ ស្ថានភាព​​ជំងឺ​​របស់​​លោក​​កាន់​​តែ​​​អាក្រក់​​ឡើង ខណៈ​​លោក​​ត្រៀម​​ត្រឡប់​​ទៅ​​កូរ៉េ​​ខាង​ត្បូង​​វិញ​​នៅ​​ថ្ងៃ​​​បន្ទាប់»។

បើ​ត្រឡប់​ទៅ​ក្រោយបន្តិច​​ លោក Lee ជា​អ្នក​នយោបាយ​ជើង​ចាស់ម្នាក់​ ​កើត​ចេញ​ពី​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិប​តេយ្យ​របស់​កូរ៉េខាងត្បូង​ ​អំឡុង​ពេល​នៃ​ការ​គ្រប់​គ្រង​ដោយ​យោធា និង​បាន​ប្រឡូក​ក្នុង​នយោបាយ​តាម​រយៈ​សកម្មភាព​និស្សិត និងសកម្មភាព​ប្រឆាំង​នានា។

លោក​​បាន​​ជាប់​​ឆ្នោត​​ជា​​សមាជិក​សភា​​ជាតិ​​លើក​​ដំបូង​​ក្នុង​​ឆ្នាំ ១៩៨៨ ហើយ​​បាន​​បន្ត​​កាន់​​តំណែង​​ជា​​សមាជិក​សភា​​ចំនួន ៧អាណត្តិ។

មិន​តែ​ប៉ុណ្ណោះ លោក Lee ក៏​បាន​បម្រើការ​ជា​រដ្ឋមន្ត្រីក្រសួងអប់រំផង​ដែរ ​ដែល​លោក​បាន​ដឹក​នាំ​កំណែ​ទម្រង់​ដ៏​ធំទូ​លាយ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ​«ជំនាន់ Lee Hae-chan»។ ក្រោយ​មក​លោក​បាន​បម្រើ​ការងារ​​ជា​​នាយ​ក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ពី​ឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៦ ក្រោម​ការ​ដឹក​នាំ​​របស់​អតីត​ប្រធានា​ធិបតី លោក Roh Moo-hyun ។​

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា លោក Lee Hae-chan ជា​អតីតនាយករដ្ឋមន្ត្រីទី៣៦​ នៃប្រទេសកូរ៉េខាងត្បូង និងជាអនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាបង្រួបបង្រួមសន្តិភាព (PUAC) ផង​ដែរ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម